ប្រសិនបើមិនបានចាប់អារម្មណ៍ថែរក្សា និងស្អាតមាត់ធ្មេញឲ្យបានជាប្រចាំទេ យើងអាចមិនសូវជឿជាក់លើខ្លួនឯង ពេលទៅនិយាយជាមួយអ្នកដទៃ។ មាត់ធ្មេញមានសុខភាពល្អ អាចធ្វើឲ្យខ្យល់ដកដង្ហើមស្រស់ថ្លា ហើយនរណាក៏ចង់នៅជិតដែរ។ អ្នកជំនាញសុខភាពមាត់ធ្មេញ ទន្តបណ្ឌិត សាន ដាណេត នៅគ្លីនិកធ្មេញប៊ូទិក ប្រាប់មកកាន់ Helloគ្រូពេទ្យ ថា មានរឿង ៤ យ៉ាងសំខាន់ៗដែលត្រូវយកចិត្តទុកដាក់ ដើម្បីរក្សាសុខភាពមាត់ធ្មេញឲ្យល្អ៖
១- វិធីដុសធ្មេញ និងប្រើទឹកខ្ពុរមាត់
ការដុសសម្អាតធ្មេញត្រូវធ្វើយ៉ាងហោចណាស់ឲ្យបាន ២ ដង/ថ្ងៃ គឺព្រឹកម្ដង និងយប់ម្ដង ហើយគួរតែស្វែងយល់ពីរបៀបដុសធ្មេញឲ្យបានត្រឹមត្រូវ ព្រោះតែធ្មេញមានជាប់កាកសំណល់ ធ្វើឲ្យមានក្លិនមាត់។ ដំបូងត្រូវជ្រើសរើសថ្នាំដុសធ្មេញល្អ និងដឹងរបៀបដុសធ្មេញត្រឹមត្រូវ ដោយដុសពីលើចុះមកក្រោម ទើបអាចជ្រៀតចូលចន្លោះធ្មេញ តែមិនមែនដុសបញ្ច្រាសធ្មេញទេ ហើយដុសឲ្យបានគ្រប់គន្លិកគន្លាក់។ បន្ទាប់ពីដុស យើងគួរតែមានទឹកខ្ពុរមាត់ ដើម្បីបន្ថែមខ្យល់ដង្ហើមស្រស់ស្រាយដល់ខ្លួនឯង និងអ្នកដទៃ។
អត្ថបទពាក់ព័ន្ធ៖
- ជំងឺមាត់ធ្មេញ ២ ប្រភេទគួរឲ្យបារម្ភបំផុត បើមានឆាប់ទៅព្យាបាលឲ្យលឿន
- ចង់បានធ្មេញសស្អាត ត្រូវកែទម្លាប់អាហារអាក្រក់ទាំងនេះជាមុន
២- ជ្រើសរើសច្រាស់ដុសធ្មេញ
ការជ្រើសរើសច្រាស់ដុសធ្មេញ ជាកត្តាសំខាន់។ យើងត្រូវជ្រើសរើសច្រាស់ណាដែលទន់ និងត្រូវផ្លាស់ប្ដូរជារៀងរាល់ខែ តែបើមិនបានរាល់ខែ ក៏យ៉ាងហោចណាស់ ៣ ខែ/ម្តងដែរ។
៣- ប្រើសរសៃហ្លុស
ការដុសធ្មេញតែមួយមុខ គឺមិនអាចសម្អាតចន្លោះធ្មេញបានល្អទេ ហើយជម្រើសមួយទៀតគឺត្រូវប្រើសរសៃហ្លុសបន្ថែម ទើបអាចសម្អាតបានគ្រប់ជ្រុងជ្រោយ និងនៅតាមចន្លោះធ្មេញបានប្រសើរមួយកម្រិតទៀត។
៤. ពិនិត្យធ្មេញជាមួយទន្តបណ្ឌិតជំនាញ
ដើម្បីច្បាស់ពីបញ្ហាមាត់ធ្មេញនេះ យើងគួរតែទៅពិនិត្យជាមួយទន្តបណ្ឌិតរៀងរាល់ ៦ ខែ/ម្ដង បើទោះជាយើងគ្មានអាការៈឈឺធ្មេញក៏ដោយ ទើបច្បាស់ថាសុខភាពមាត់ធ្មេញល្អប្រសើរជាប្រចាំ និងសម្អាតកំណកកំបោរលើអញ្ចាញធ្មេញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យឬព្យាបាលជូនទេ៕
[embed-health-tool-bmi]