backup og meta

បែបណាទើបហៅថារដូវមកទៀង និងមិនទៀង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Sep 23, 2020

    បែបណាទើបហៅថារដូវមកទៀង និងមិនទៀង

    ចូលដល់វ័យ​គ្រប់ការស្ត្រី​នឹង​ធ្លាក់​ឈាម​រដូវ​ ហើយ​ការ​មក​រដូវ​នេះ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទាំងអស់ គឺ​មក​ជា​រៀងរាល់​មួយ​ខែ​ម្ដង។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី

    លោក​បន្ថែម​ទៀត​ថា ស្ត្រី​ខ្លះ​រដូវ​មិន​មែន​សុទ្ធ​តែ​មក​ជា​ទៀងទាត់​រាល់​ខែ​ឡើយ។ ការ​មក​រដូវ​មិន​ទៀង​ទាត់​នេះ ពេល​ខ្លះ​ចាត់​ទុក​ថា​វា​ជា​រឿង​ធម្មតា ប៉ុន្តែ​ក៏​មាន​បញ្ហា​ខ្លះ​ទៀត ជា​រឿង​មិនមែន​ធម្មតា ដូចនេះ​ស្ត្រី​ត្រូវ​ស្វែង​យល់ និង​ប្រុងប្រយ័ត្ន​ចំពោះ​សុខភាព។

    វេជ្ជបណ្ឌិត​ឯកទេស​សម្ភព និង​រោគ​ស្ត្រី​រូប​នោះ​បាន​ឲ្យ​និយមន័យ​រដូវ​ទៀង និង​រដូវ​មិន​ទៀង​ថា រដូវ​ទៀង​ជា​ធម្មតា​ឈាម​ធ្លាក់​មក​រៀងរាល់​ខែ វដ្តរដូវ​ជា​មធ្យម ២៨ ថ្ងៃ គឺ​នៅ​ចន្លោះ​គម្លាត​ពី ២១-៣៥ ថ្ងៃ ហើយ​ធ្លាក់​ឈាម ៣-៤ ថ្ងៃ ឬ ១ សប្ដាហ៍ឧទាហរណ៍៖ ស្ត្រី​ខ្លះ​មាន​វដ្ត​រដូវ ២៨ ថ្ងៃ រាល់ ២៨ ថ្ងៃ​មក​ម្ដង ឬ ៣០ថ្ងៃ​មក​ម្ដង។ ខែក្រោយ​រដូវ​មក​មុន ២ ថ្ងៃ ឬ​លើស ២ ថ្ងៃ នោះ​មិន​ជា​បញ្ហា​អ្វី​ទេ។ ករណី​បែបនេះមិន​បាច់​ព្រួយបារម្ភ​ទេ។

    ចំណែក​ករណី​រដូវ​មក​លើស​ពី ៣៥ ថ្ងៃ ឬ​តិច​ជាង ២១ ថ្ងៃ​ យើង​ហៅ​ថា​រដូវមិនទៀង។ ការ​ធ្លាក់​ឈាម​រដូវ​មាន​ច្រើន​បែប ច្រើន​សណ្ឋាន។ ស្ត្រី​ត្រូវ​ដឹង​ថា​រដូវ​មិន​ទៀង​បែប​ណា ដែល​យើង​ចាត់​ទុក​ថា​ជា​រឿង​ធម្មតា និង​រដូវ​មិន​ទៀង​ប្រភេទ​ណា​យើង​ចាត់​ទុក​ថា ជា​រឿង​មិន​ធម្មតា។

    ១- មករដូវបែប​ធម្មតា

    – ការ​ធ្លាក់​ឈាម​រដូវ​នៅ​ពាក់​កណ្ដាល​ខែ៖ ស្ត្រី​មាន​ធ្លាក់​ឈាម​តិច​ៗ​រយៈពេល ១-៣ ថ្ងៃ នៅ​ពាក់កណ្ដាល​ខួប​រដូវ ហាក់​ដូច​ជា​រដូវ​ធ្លាក់ ១៥ ថ្ងៃ​ម្ដង។ ករណី​នេះ​ពុំ​ចាំបាច់​ធ្វើ​ការ​ព្យាបាល​ទេ នោះ​ចាត់​ទុក​ថា រដូវ​មក​ទៀង​ធម្មតា។ តែ​ប្រសិនបើ​ធ្លាក់​ឈាម​ច្រើន ត្រូវ​ព្យាបាល។

    – ការ​ធ្លាក់​ឈាម​មុន​ពេល​មក​រដូវ៖ ស្ត្រី​មក​រដូវ​នៅ​ថ្ងៃ​ទី​១ ប៉ុន្តែ​នៅ​ថ្ងៃ​ទី ២៤ មាន​ធ្លាក់​ឈាម​រដូវ​ទៀត។ ករណី​នេះ បើ​ឈាម​មក​តិច​ៗ ហើយ​មាន​ពណ៌​ក្រហម​ក្រមៅ ក៏​មិន​មាន​បញ្ហា​អ្វី​ព្រួយបារម្ភ​។ ផ្ទុយ​ទៅ​វិញ​បើ​ឈាម​នោះ​មាន​ធ្លាក់​ច្រើន យើង​គួរ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យជំនាញ។

    រដូវ

    ២- មករដូវបែប​មិន​ធម្មតា

    – រដូវ​ធ្លាក់​ញាប់៖ វដ្ត​រដូវ​ខ្លី​ការ​មក​រដូវ​មាន​រយៈពេល​ពី ១៨ ទៅ ២១ ថ្ងៃ​ម្ដង តែ​ចំណុះ​ឈាម​រដូវ​មក​ប៉ុន​គ្នា ហើយ​រយៈពេល ៣-៤ ថ្ងៃ​ក៏​ដូច​គ្នា​ដែរ។ លក្ខណៈ​នេះ​គឺ​មិន​ធម្មតា​ទេ ស្ត្រី​ត្រូវ​ស្វែង​រក​ការ​ព្យាបាល។

    – រដូវ​រង្វើល៖ គឺ​វដ្ត​រដូវ​លើស​ពី ៣៥ ថ្ងៃ វា​អាច​មាន ៤៥ ថ្ងៃ​ទើប​មក​រដូវ​ម្ដង។ អ្នក​ខ្លះ ៣ ឬ​៤ ខែ​ទើប​មក​ម្ដង តែ​មក​រដូវ​មាន​រយៈពេល ៣-៤ ថ្ងៃ​ដូច​គ្នា។ ការ​មក​រដូវ​បែប​នេះ មិន​ចាំបាច់​ធ្វើ​ការ​ព្យាបាល​ទេ នេះ​គ្រាន់តែ​ខួប​រដូវ​មាន​រយៈពេល​វែង​ប៉ុណ្ណោះ តែ​វា​មាន​ផល​វិបាក​បន្តិច​ត្រង់​ថា ពិបាក​ក្នុង​ការ​បង្ក​កំណើត (ពិបាក​មាន​កូន)។

    – រដូវ​មក​ច្រើន៖ រដូវ​មក​ជា​ទៀងទាត់​ធម្មតា តែ​រដូវ​មក​ម្ដង​ៗ​ច្រើន ធ្វើឲ្យ​មាន​សភាព​ស្លេកស្លាំង។ ករណី​នេះ​ស្ត្រី​ច្រើន​តែ​កើតមាន​ជំងឺ​សរីរាង្គ​ប្រដាប់​បន្ត​ពូជ ដូចជា​ជំងឺ​ស្បូន ជំងឺ​មហារីក ស្ត្រី​ត្រូវ​ស្វែងរក​ការ​ព្យាបាល​ជា​បន្ទាន់។

    – ឈាម​រដូវ​ធ្លាក់​មិន​ស៊ី​សង្វាក់​គ្នា៖ ក្នុង​មួយ​ខែ​ស្ត្រី​ធ្លាក់​ឈាម​រដូវ ៣-៤ ដង ករណី​នេះ​ច្រើន​តែ​កើត មាន​នៅ​លើ​ស្ត្រី​គ្រប់ការ។ ចំពោះ​ស្ត្រី​នៅ​វ័យ​ក្មេង​ក៏​អត់​មាន​បញ្ហា​ដែរ ប៉ុន្តែ​ចំពោះ​ស្ត្រី​វ័យ​ចំណាស់​អាច​មាន​ជំងឺ​ដុំ​សាច់​ក្នុង​ស្បូន ឬ​ជំងឺ​មហារីក។

    – រដូវ​មិន​ទៀង​ពេល​ចូល​វ័យ​អស់​រដូវ៖ ជា​ធម្មតា​ស្ត្រី​អស់​រដូវ​នៅ​វ័យ​ចាប់​ពី ៤៥-៥៥ ឆ្នាំ បើ​មក​រដូវ​មិន​ទៀង រដូវ​មក ១ ខែ ពី ២-៣ ដង នៅ​វ័យ​ជិត​អស់​រដូវ ករណី​នេះអាច​នឹង​មាន​ជំងឺ​សរីរាង្គ​បន្ត​ពូជ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ។ លក្ខណៈ​សម្គាល់​ថា អស់​រដូវ​លុះ​ត្រា​តែ​ស្ត្រី​អស់​រដូវ​មួយ​ឆ្នាំ​ពេញ ទើប​ហៅ​ថា​អស់​រដូវ​មែនទែន។

    កំណត់ចំណាំ៖ បើ​នារី​វ័យ​គ្រប់ការ​ហើយ (២០ឆ្នាំ) តែ​គ្មាន​រដូវ ត្រូវ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ពិនិត្យ និង​ព្យាបាល។ បញ្ហា​ដែល​អាច​កើត​ឡើង គាត់​អាច​មាន​ដូចជា​ជំងឺ​ស្បូន​តូច សន្ទះ​ព្រហ្មចារី​បិទ​ជិត ជំងឺ​មហារីក សរីរាង្គ​បន្ត​ពូជ​ផ្សេង​ៗ​ជា​ដើម។

    មាន​កត្តា​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​រដូវ​ស្ត្រី​មករដូង​មិន​ទៀង​ទាត់៖

    – ញ៉ាំ​អាហារ​មិន​គ្រប់គ្រាន់

    – ព្រួយ​ចិត្ត​ច្រើន​ពេក សប្បាយ​ចិត្ត​ពេក និង​ការ​មាន​អារម្មណ៍​មិន​ធម្មតា

    – ប្រើថ្នាំ​ពេទ្យ​មួយ​ចំនួន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Sep 23, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម