វ័យយើងកាន់តែច្រើនសក់យើងក៏ប្រែពណ៌ ស្បែកក៏មិនតឹងណែនដូចកាលវ័យ១៨ឆ្នាំ ហើយការធ្វើមេតាប៉ូលិសទៀតសោតក៏យឺតជាងមុន ចំណែកឈាមរដូវរបស់ស្រីៗយើងក៏ប្រែប្រួលតាមហ្នឹងដែរ។
វ័យយើងកាន់តែច្រើនសក់យើងក៏ប្រែពណ៌ ស្បែកក៏មិនតឹងណែនដូចកាលវ័យ១៨ឆ្នាំ ហើយការធ្វើមេតាប៉ូលិសទៀតសោតក៏យឺតជាងមុន ចំណែកឈាមរដូវរបស់ស្រីៗយើងក៏ប្រែប្រួលតាមហ្នឹងដែរ។

ការបញ្ចេញឈាម និងជាលិកាពីក្នុងស្បូនមកក្រៅ គឺកំណត់ដោយអ័រម៉ូន។ កម្រិតអ័រម៉ូនក្នុងរាងកាយរបស់យើងប្រែប្រួលទៅតាមដំណាក់កាលនៃអាយុរបស់យើងដែរ។ ដូចនេះហើយឈាមរដូវប្រចាំខែរបស់យើងក៏អាចប្រែប្រួលដូចគ្នា។
វដ្ដរដូវរបស់ស្រីៗយើងជាធម្មតាមានពី២៤ទៅ៣៥ថ្ងៃ ហើយចំនួនថ្ងៃធ្លាក់ឈាមរដូវមានពីបួនទៅប្រាំបីថ្ងៃ និងបរិមាណឈាមរដូវអាចមានមិនលើសពី៨០មិល្លីលីត្រ។ បើសិនជាស្រីៗយើងសង្កេតឃើញថាវដ្ដរដូវ និងឈាមរដូវហាក់ខុសប្លែកធម្មតា គួរតែពិគ្រោះជាមួយគ្រូពេទ្យ។
ជាធម្មតាក្មេងស្រីអាយុជាមធ្យមនៃការមករដូវដំបូងនៅអាយុ១២ឆ្នាំ ប៉ុន្តែក៏មានក្មេងស្រីខ្លះទៀតអាចមករដូវនៅអាយុច្រើនជាងនេះ។ ក្មេងស្រីៗក្នុងវ័យនេះជាទូទៅរដូវមកមិនទៀងនោះទេ ដែលអាចកើតមានរហូតដល់បីឆ្នាំបន្ទាប់ពីមករដូវដំបូង រហូតដល់អ័រម៉ូនចាប់ផ្ដើមមានលំនឹងល្អ។

ដំណាក់កាលនេះបើស្រីៗយើងមានប្រើវិធីពន្យាកំណើត ឬផ្លាស់ប្ដូរវិធីសាស្រ្តពន្យាកំណើត គឺអាចធ្វើឲ្យរយៈពេលនៃវដ្ដរដូវ និងឈាមរដូវប្រែប្រួល ដែលនេះមិនមែនជាបញ្ហានោះទេ។ មិនថាក្នុងវ័យណាទេការបាត់រដូវខ្លះក៏អាចមកពីស្រីៗយើងមាផ្ទៃពោះក៏ថាបាន។ ករណីខ្លះទៀត បើយើងមានបញ្ហាស្រ្តេសខ្លាំង ញ៉ាំអាហារខុសប្រក្រតី(eating disorder ) និងហាត់ប្រាណខ្លាំងៗជាប្រចាំ ក៏ធ្វើឲ្យយើងបាត់រដូវដូចគ្នា។ យ៉ាងណា បើយើងបាត់រដូវ យើងគួរពិភាក្សាជាមួយគ្រូពេទ្យ។
មិនថាវ័យណាក៏ដោយ ឲ្យតែយើងមានកូនហើយ រដូវយើងនឹងប្រែប្រួលបន្ទាប់ពីមានផ្ទៃពោះ។ ស្រីៗយើងខ្លះអាចមានឈាមរដូវច្រើនជាងមុន វដ្ដរដូវវែងជាងមុន និងពេលមករដូវមានការឈឺចាប់ជាងមុនមានកូនជាដើម ខណៈអ្នកខ្លះវដ្ដរដូវបែរជាដំណើរការបានល្អជាងពេលមិនទាន់មានកូនក៏មាន។ សម្រាប់ស្រីៗខ្លះនឹងមិនមានរដូវនោះទេពេលកំពុងបំបៅដោះកូន។
នៅពេលយើងមានអាយុសាមក្រាស រដូវរបស់យើងអាចមានតិចជាងរាល់ដង ឬមិនសូវទៀងទាត់ ដែលនេះគឺជាពេលមួយដែលរាងកាយយើងត្រៀមផ្លាស់ប្តូរចូលវ័យអស់រដូវ(menopause)។
ក្នុងដំណាក់កាលនេះអូវែរបស់យើងនឹងពន្យឺតការផលិតអ័រម៉ូនអឺស្រ្តូហ្សែន ដូចនេះវដ្ដរដូវរបស់យើងអាចខ្លីជាងមុន និងតិចជាងមុន ឬមិនសូវមករដូវផងក៏មាន។ ដំណាក់កាលអស់រដូវកើតឡើងនៅពេលស្រីៗយើងបាត់រដូវ១២ខែជាប់ៗគ្នា ដែលស្រីៗខ្លះអាចអស់រដូវនៅអាយុជិត៥០ឆ្នាំ ឬ៥០ឆ្នាំតិចតួច។
សម្រាប់ស្រីៗយើងមានធ្លាក់ឈាមក្រោយអស់រដូវ គួរប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យមើលបញ្ហាមហារីកស្បូន(uterine cancer)។ ជាករណីកម្រណាស់ ដែលមហារីកវិវត្តនៅជញ្ជាំងខាងក្នុង ឬសាច់ដុំជញ្ជាំងស្បូន ប៉ុន្តែវាអាចកើនមានលើស្រីៗមានវ័យ៥០ឆ្នាំ ឬចាស់ជាងនេះ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Is My Period Normal? How Menstrual Cycles Change With Age
កំណែប្រែបច្ចុប្បន្ន
04/11/2020
អត្ថបទដោយ ទូច សុខា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ