backup og meta

ខ្យល់​ទី​ក្រុង​ធ្វើ​ឲ្យ​យើងឆាប់​ចាស់ តែ​អ្នក​ជំនាញ​ប្រាប់របៀបទប់ទល់

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ មាន រតនា · កែ Jun 29, 2019

    ខ្យល់​ទី​ក្រុង​ធ្វើ​ឲ្យ​យើងឆាប់​ចាស់ តែ​អ្នក​ជំនាញ​ប្រាប់របៀបទប់ទល់

    ខ្យល់​ពុល​នៅ​​តាម​បណ្តា​ទី​ក្រុង នឹង​កើន​ឡើង​ប្រមាណ​២០​% នៅ​អំឡុង​ពេល​ថ្ងៃ​ធ្វើ​ការ បើ​ធៀប​នឹង​ថ្ងៃ​ចុង​សប្តាហ៍។ នេះ​បើ​តាម​របាយការណ៍​ពី​នាយក​ដ្ឋាន​កិច្ចការ​បរិស្ថាន ចំណី​អាហារ​នៃ​ចក្រភព​អង់គ្លេស​បង្ហាញ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

    អ្ន​ក​ជំនាញ​សិក្សា​ខាង​​ផ្នែករោគ​សើស្បែក លោក​ស្រី​វេជ្ជបណ្ឌិត Jinah Yoo ​មក​ពី​គ្លីនិក​​ SKN ដ៏​ល្បី​នៅ​ចក្រភព​អង់គ្លេស បាន​​ឲ្យ​ដឹង​ថា កខ្វក់​ខ្យល់​ទាំង​នោះនឹង​បណ្តាល​ឲ្យ​ស្បែក​វិវត្ត​ឆាប់​ចាស់ តែលោក​ស្រី​បាន​​​បញ្ជាក់​ថា យើង​ក៏​អាច​មាន​វិធី​បង្ការ​មួយ​ចំនួន​ផង​ដែរ ដើម្បី​ទប់​ស្កាត់​មិន​ឲ្យ​ស្បែក​ជ្រីវជ្រួញ​ ឆាប់​វិវត្ត​ហួស​មុន​វ័យ ដូច​ខាង​ក្រោម៖

    ១- ចៀស​ឲ្យ​បាន​ ពី​កន្លែង​ដែល​ជា​បណ្តុំ​ផ្សែង​ពុល

    បើ​អាច​ចៀស​បាន គួរ​ចៀស​ចេញ​ពី​កន្លែង​ដែល​មាន​ផ្លូវ​មមាញឹក​ច្រើន​ដោយ​ឡាន​ម៉ូតូ ព្រោះ​​កន្លែង​ទាំង​នោះ​ជា​ប្រភព​សំខាន់​ដែល​ធ្វើ​ឲ្យ​មុខ​មាត់​រាង​កាយ​អ្នក​រង​​ប្រតិកម្មបង្ក​ស្បែក​ឲ្យ​ឆាប់​ចាស់។ លោក​ស្រី​ក៏​បាន​បន្ថែម​ថា បើ​មិន​អាច​ចៀស​បាន ក៏​គួរ​កុំ​យក​ដៃ​ប៉ះ​ពាល់​មុខ ហើយ​ពេល​មក​ដល់​កន្លែង​សម​គួរ ក៏​គួរ​លុប​លាង​មុខ និង​ស្បែក​ឲ្យ​បាន​ស្អាត​ ចៀស​វាង​ទុក​​ចោល​មិន​សម្អាត។

    ២- មាន​ទម្លាប់​លុប​លាងមុខ​ សម្អាត​ស្បែក​រៀង​រាល់​យប់​

    ពេញ​មួយ​ថ្ងៃ មុខ​ និង​ស្បែកយើង ប្រមូល​ផ្តុំ​ស្អិតជាប់ដោយ​ធូលី ជាតិ​ពុល​ផ្សេងៗ ដូច​នេះ​ការ​លុប​លាង​សម្អាត​មុខ ព្រម​ទាំង​ងូត​ទឹក​ ដុស​សម្អាត​ស្បែក ជា​រឿង​ដែល​​គួរ​គប្បី​ធ្វើ។ បើ​ដូច​មិន​ដូច្នោះ យើង​​ក៏​​ត្រូវ​ប្រឈម​មុខ​​នឹង​បញ្ហាឡើង​មុន ស្បែក​ចាស់​ជ្រីវជ្រួញ​ មិន​អា​ច​ប្រកែក​បាន។

    ៣- កុំ​ប្រើ​​អេប៉ុង​​ផាត់​មុខយក​មក​សម្អាត​មុខ

    រវល់​ពេញ​មួយ​ថ្ងៃ មក​ដល់​ផ្ទះ​វិញ ងូត​ទឹក​សម្អាត​ខ្លួន ប៉ុន្តែ​ក៏​កុំ​ច្រឡំ​ថា យក​​ទ្រនាប់​ផាត់​ម្សៅ​ (អេប៉ុង) ជា​ពិសេស​គ្នា​យើង​ស្រី​ៗ មក​ជូត​សម្អាត​មុខ ព្រោះ​​ថា សារធាតុ​កង្វក់​​ជាប់​ទ្រនាប់​ម្សៅ​ដែល​យើង​មើល​មិន​ឃើញ​ ក៏​នឹង​ចូល​រួ​ម​ចំណែក​​ឲ្យ​ស្បែក​យើង​ឆាប់​ចាស់​​ទៅ​វិញ ដូច​ទៅ​នឹង​ការ​មិន​សម្អាត​ដែរ​។

    ស្បែកមុខ

    ៤- ប្រើ​ផលិត​ផល​ជំនួយ​ខ្លះ​

    ក្រោយ​សម្អាត​កម្ចាត់​ជាតិ​ពុល សារធាតុ​កខ្វក់​ចេញ​ពី​ស្បែក​មុខ យើង​អាច​បន្ថែម​​ក្រែម (ឡេ​) ដែល​មាន​វីតាមីន​ C និង​វីតាមីន E ឬ​ឡេ​ផ្តល់​ជាតិ​សំណើម​​ដល់​​ស្បែក​មុខ ដែល​មាន​ការ​ទទួល​ស្គាល់​ត្រឹម​ត្រូវ​។ លាប​លើ​ផ្ទៃ​មុខ​បន្តិច វា​នឹង​ជួយ​យើង​ឲ្យ​ចាក​ឆ្ងាយ​ពី​ភាព​ចាស់​ជាង​អាយុ​បាន​​ផង​ដែរ។

    ៥- ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់

    ស្តាប់​មើល​សាមញ្ញ តែ​វា​ពិត​ជា​ជួយ​​បាន។ ពេល​ស្បែក​ខ្វះ​ជាតិ​ទឹក ជាតិ​សំណើម​ ស្ងួត ប្រាកដ​ណាស់​យើង​ត្រូវ​ការ​ទឹក​ដើម្បី​ជំនួយ​។ ​អាច​ប្រើ​រូបមន្ត​ញ៉ាំ​ទឹក ៨ ​លើ ​៨ មាន​ន័យ​ថា ក្នុង​១​ថ្ងៃ យើង​អាច​ញ៉ាំ​ឲ្យ​បាន ​៨ ​កែវ គិត​​មក​ដល់​ត្រឹម​ម៉ោង ​៨ ​យប់​។

    ៦- ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​​

    ​ទម្លាប់​ថែ​រក្សា​ស្បែក យើង​​នឹង​ទទួល​ផលបាន​ស្បែក​ល្អ​ស្អាត​ មិន​ឆាប់​ចាស់។ យើងអ្នក​ក៏​អាច​ទៅ​ពិគ្រោះ​យោបល់​បន្ថែមជា​មួយ​គ្រូ​ពេទ្យ​ឯកទេស​ស្បែក ដើម្បី​ពួក​គេ​អាច​ណែ​នាំ​ចំ​បញ្ហា​ស្បែក​ដែល​យើងកំពុងមាន ឬ​ផ្តល់​ជា​គន្លឹះ​រក្សា​ស្បែក​ស្រប​តាម​បរិស្ថាន​ដែល​យើង​រស់​នៅ៕​​​​​​​​​​​​​​​

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ មាន រតនា · កែ Jun 29, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម