backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Paracetamol (ឱសថ​ ប៉ារ៉ាសេតាម៉ុល)

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Dec 19, 2019

Paracetamol (ឱសថ​ ប៉ារ៉ាសេតាម៉ុល)

ស្វែងយល់ពីការប្រើប្រាស់

១- តើ​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​ប្រើ​ដើម្បី​អ្វី?

ថ្នាំ​ប៉ារ៉ាសេតាមុល ប្រើ​សម្រាប់​ព្យាបាល​អាការៈ​គ្រុន​ក្ដៅ និង​បន្ថយ​កម្ដៅ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គេ​អាច​យក​ទៅ​ប្រើ​ដើម្បី​បន្ថយ​អាការៈ​ឈឺក្បាល ឈឺ​សាច់ដុំ រលាក​សន្លាក់ ឈឺ​ខ្នង ឈឺ​ធ្មេញ និង​ផ្ដាសាយ​ជាដើម។ ថ្នាំ​នេះ​អាច​ប្រើ​ក្នុង​គោល​ដៅ​ផ្សេង​ទៀត ដែល​មិន​បាន​រៀបរាប់​ក្នុង​វិធី​ណែនាំ​ប្រើ​ប្រាស់​ថ្នាំ។

២- គេ​ប្រើ​ថ្នាំ​ប៉ារ៉ា​របៀប​ម៉េច?

– លេប​ថ្នាំ​ប៉ារ៉ាសេតតាម៉ុល​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​

– ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​នៅ​លើ​ប្រអប់​ថ្នាំ

– ប្រសិន​បើ​មិន​ច្បាស់​ពី​ព័ត៌មាន​ប្រើប្រាស់ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬ​ឱសថ​ការី។

៣- គួរ​រក្សា​ទុក​យ៉ាង​ម៉េច?

ថ្នាំ​ប៉ារ៉ាសេតាម៉ុល អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុក​នៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។

ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- គួរ​ដឹង​អ្វី​ខ្លះ​មុន​ប្រើ​ប្រាស់​ថ្នាំ​ប៉ារ៉ាសេតាម៉ុល?

ត្រូវ​ប្រាប់​គ្រូពេទ្យ និង​ឱសថការី​ប្រសិន​បើ​៖

– មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​នេះ ឬ​មាន​ប្រតិកម្ម​អ្វី​ផ្សេង​ទៀត។

– មាន​បញ្ហា​សុខភាព​ផ្សេងៗ​ពី​មុន​មក ជា​ពិសេស ជំងឺ​ថ្លើម ឬ​ញៀន​ស្រា។

– បើ​មាន ជំងឺ Phenylketonuria (ជំងឺ​តំណ​ពូជ​ម៉្យាង ទាម​ទា​ឲ្យ​តាម​ដាន​ទៅ​លើ​របប​អាហារ​យ៉ាង​ដិត​ដល់ ដើម្បី​​​ការពារ​បញ្ហា​ខ្សោយ​សតិបញ្ញា Mental retardation) ឬ​មាន​ជំងឺ​ទឹក​នោម​ផ្អែម ត្រូវ​តែ​ដឹង​ពី​ថ្នាំ Paracetamol ប្រភេទ​ទំពា អាច​នឹង​មាន​ជាតិ​ផ្អែម​ដោយ​សារ​សារធាតុ Aspartame។

– មាន​ផ្ទៃ​ពោះ ឬ​កំពុង​បំបៅ​ដោះ​កូន។

៥- ប៉ារ៉ាសេតាម៉ុល មាន​សុវត្ថិភាព​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​បំបៅ​ដោះ​កូន​ដែរ​ទេ?

មិន​មាន​ព័ត៌មាន​គ្រប់គ្រាន់​ពី​សុវត្ថិភាព​ការ​ប្រើ​ថ្នាំ​នេះ ទាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​បំបៅ​ដោះ​បេប៊ី។ ហេតុនេះ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ពី​គុណ​ប្រយោជន៍​ និង​ហានិភ័យ​មុន​ពេល​ប្រើ​ គឺ​ជា​រឿង​ចាំបាច់។ យោង​តាម​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​ នៅ​អាមេរិក (FDA) ថ្នាំ​នេះ​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​បញ្ជីថ្នាំ​គ្រោះថ្នាក់​កម្រិត B សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ។

ចំណាត់​ថ្នាក់​កម្រិត​គ្រោះថ្នាក់​នៃ​ថ្នាំ​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​របស់ FDA មាន​ដូច​ខាង​ក្រោម៖

– A = គ្មាន​គ្រោះថ្នាក់

– B = គ្មាន​គ្រោះថ្នាក់ ក្នុង​ការ​សិក្សា​មួយ​ចំនួន

– C = អាច​មាន​គ្រោះថ្នាក់​ខ្លះៗ

– D = មាន​ភស្តុតាងជា​វិជ្ជមាន​ថា​មាន​គ្រោះថ្នាក់

– X = ហាម​ប្រើ

– N = មិន​មាន​ព័ត៌មាន។

ស្វែងយល់ពីផលរំខាន

៦- ផល​រំខាន​នៃ​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​មាន​អ្វី​ខ្លះ?

ថ្នាំ​នេះ ជា​ទូទៅ មិន​មាន​ផល​រំខាន​ទេ ប៉ុន្តែ​បើ​យើង​មាន​លេច​ចេញ​ផល​រំខាន​អ្វី​មួយ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​ឱសថ​ការី។

ទោះ​ជា​ករណី​កម្រ ប៉ុន្តែ​ប្រតិកម្ម​អាលែកហ្ស៊ី​ធ្ងន់ធ្ងរ​របស់​ថ្នាំ​អាច​កើត​ឡើង រួម​មាន៖

– លាមក​មាន​លាយ​ឈាម និង​ពណ៌​ក្រមៅ

– នោម​ឈាម ឬ​ទឹកនោម​មាន​ពណ៌​ក្រមៅ

– គ្រុន​ក្ដៅ​ដោយ​មាន ឬ​គ្មាន រងា​ក្ដៅ​ញាក់

– ឈឺ​ចង្កេះ

– ចំណុច​ក្រហម​តូចៗ នៅ​លើ​ស្បែក

– ឡើង​រមាស់ កន្ទួល ឬ​កន្ទាល​ត្រអាក

– ឈឺ​បំពង់​ក

– ឈឺ មាន​ដំបៅ និង​ឡើង​ដុំ​សៗ​លើ​បបូរ​មាត់ ឬ​ក្នុង​មាត់

– ចំណុះ​ទឹក​នោម​ថយ​ចុះ

– ហូរ​ឈាម ឬ​មាន​ស្នាម​ជាំ

– ហត់​អស់​កម្លាំង

– ភ្នែក និង​ស្បែក​ឡើង​លឿង

មនុស្ស​​គ្រប់​គ្នា​មិន​ប្រាកដ​ថា​ មាន​ផល​រំខាន​ទាំង​អស់​គ្នា​នោះ​ទេ។ មាន​ផល​រំខាន​ជា​ច្រើន​ទៀត​ ដែល​មិន​បាន​រៀប​រាប់​នៅ​ខាង​លើ ដូច​នេះ​យើង​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ បើ​នៅ​មាន​កង្វល់​ជុំ​វិញ​ផល​រំខាន​របស់​ថ្នាំ។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- អន្តរកម្ម​ថ្នាំ​ប៉ារ៉ាសេតាម៉ុល និង​ថ្នាំ​ដទៃ

ថ្នាំ​ប៉ារ៉ា​សេតាមុល អាច​មាន​អន្តរកម្ម​ជាមួយ​ថ្នាំ​ផ្សេង​ទៀត​ដែល​យើង​កំពុង​ប្រើ អាច​ធ្វើ​ឲ្យ​ផ្លាស់​ប្ដូរ​អំពើ​របស់​ថ្នាំ ឬ​បង្កើន​គ្រោះ​ថ្នាក់​នៃ​ផល​រំខាន​មួយចំនួន​ដូចជា៖

– បន្ថយ​ប្រសិទ្ធភាព​ថ្នាំ​ព្យាបាល​អាការៈ​ប្រកាច់ ដូចជា​ថ្នាំ Phenytoin, Barbiturates Carbamazepine

– អាច​បង្កើន​ប្រសិទ្ធ​ភាព​ប្រឆាំង​កំណក​ឈាម របស់​ថ្នាំ Warfarin និង​ពពួក​ថ្នាំ Coumarins ផ្សេងៗ​ទៀត ហើយ​ត្រូវ​ពន្យារ​ពេល​ប្រើ។

– បង្កើន​ការ​ស្រូប​ចូល​នៃ​ពពួក​ថ្នាំ​ក្កួត ដូចជា Metochlopramide និង​ថ្នាំ Domperidone។

– បង្កើន​ប្រសិទ្ធ​ភាព​ថ្នាំ​បញ្ចុះ​អាស៊ីដ Probenecid និង​ថ្នាំ​ផ្សះ Chloramphenicol។

– បន្ថយ​ការ​ស្រូប​ចូលជាតិ​ Cholestyramine (ថ្នាំ​បញ្ចុះ​គ្រួស​ក្នុង​ប្រមាត់)

– អាច​បណ្ដាល​ឲ្យ​មាន​ការ​ចុះ​កម្ដៅ​ខ្លាំង​ជ្រុល (Hypothermia) ពេល​ប្រើ​ជាមួយ​ថ្នាំ Phenothiazine (ថ្នាំ​ប្រកាច់)

ដើម្បី​ជៀស​វាង​​ប្រតិកម្ម​ទាំង​អស់​នេះ គួរ​តែ​ធ្វើ​ការ​កត់​ចំណាំ​រាល់​ថ្នាំ​ទាំង​អស់​យើង​កំពុង​ប្រើ រាប់​បញ្ចូល​ទាំង​ថ្នាំ​មាន​វេជ្ជបញ្ជា ថ្នាំ​​គ្មាន​វេជ្ជ​បញ្ជា និង​ឱសថ​បុរាណ ហើយ​យក​ថ្នាំ​ទាំង​អស់​នោះ ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​ឱសថការី។ ដើម្បី​មាន​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់ មិន​ត្រូវ​ចាប់​ផ្ដើម បញ្ឈប់ ឬ​ប្ដូរ​កម្រិត​ថ្នាំ​ដោយ​មិន​មាន​​ការ​អនុញ្ញាត​ពី​គ្រូពេទ្យ​ឡើយ។

៨- អន្តរកម្មរ​វាង​ថ្នាំ​ប៉ារ៉ាសេតាម៉ុល ​ជាមួយ​អាហារ និង​គ្រឿង​ស្រវឹង

ថ្នាំ​ប៉ារ៉ាសេតាម៉ុល អាច​មាន​អន្តរកម្ម​ជាមួយ​អាហារ ឬ​ស្រា ធ្វើ​ឲ្យ​សកម្មភាព​ថ្នាំ​ប្រែ​ប្រួល ឬ​បង្កើន​គ្រោះ​ថ្នាក់​នៃ​ផល​រំខាន។ គ្រឿង​ស្រវឹង (ស្រា) អាច​បង្កើន​គ្រោះ​ថ្នាក់​ពុល​ថ្លើម (Hypatotoxicity)។ សូម​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថ​ការី ដើម្បី​ដឹង​ពី​ប្រភេទ​អាហារ ឬ​គ្រឿង​ស្រវឹង ដែល​អាច​មាន​អន្តរកម្ម​ជាមួយ​ថ្នាំ​នេះ។

៩- អន្តរកម្ម​រវាង​ថ្នាំ​ប៉ារ៉ាសេតាម៉ុល និង​បញ្ហា​សុខភាព

ថ្នាំ​ប៉ារ៉ាសេតាម៉ុល អាច​មាន​អន្តរកម្ម​ជាមួយ​បញ្ហា​សុខភាព​យើង ជា​ពិសេស ជំងឺ​ថ្លើម និង​ការ​ញៀន​ស្រា។ អន្តរកម្ម​នេះ អាច​ធ្វើ​ឲ្យ​ស្ថានភាព​សុខភាព​កាន់​តែ​ធ្ងន់ធ្ងរ ឬ​ផ្លាស់​ប្ដូរ​សកម្មភាព​ថ្នាំ។ អ្វី​ដែល​សំខាន់ ត្រូវ​ប្រាប់​គ្រូពេទ្យ និង​ឱសថការី​ពី​ស្ថានភាព សុខភាព​យើង​នៅ​ពេល​បច្ចុប្បន្ន។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្ស​ពេញ​វ័យ​ត្រូវ​ប្រើ​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​កម្រិត​ណា?

ប្រភេទ​ថ្នាំ​លេប

– ប្រភេទ​ថ្នាំ​សាយ​ភាយ​រហ័ស (Immediate Release)៖

  • កម្រិត​ប្រើ​ធម្មតា៖ ៣២៥មិល្លីក្រាម​ ទៅ ​១ក្រាម ​រៀង​រាល់ ​៤-៦​ម៉ោង​ម្ដង
  •  កម្រិត​អតិបរមា​ប្រើ​តែ​មួយ​លើក​គត់៖ ១ក្រាម
  •  កម្រិត​អតិបរមា​ក្នុង​ការ​ប្រើ​មួយ​ថ្ងៃ៖ ៤ ក្រាម/ថ្ងៃ

– ប្រភេទ​ថ្នាំ​សាយ​ភាយ​យឺត (Extended-Release)៖

  • កម្រិត​ប្រើ​ធម្មតា៖ ១៣០០មិល្លីក្រាម រៀង​រាល់​ ៨ ម៉ោង​ម្ដង
  • កម្រិត​អតិបរមា៖ ៣៩០០ មិល្លីក្រាម/ថ្ងៃ

– ប្រភេទ​ថ្នាំ​សុល​តាម​រន្ធ​គូទ៖

  • ៦៥០មិល្លីក្រាម រៀង​រាល់​ ៤-៦ ម៉ោង​ម្ដង ហើយ​កម្រិត​អតិបរមា មិន​លើស ៣៩០០ មិល្លីក្រាម/ថ្ងៃ។
  • ១១- ថ្នាំ​ប៉ារ៉ាសេតាម៉ុល​ត្រូវ​ប្រើ​លើ​ក្មេង​ក្នុង​កម្រិត​ណា?

    ប្រើ​តាម​ទម្ងន់​កុមារ ក្នុង​ករណី​អាយុ​ក្រោម​ ១២ ឆ្នាំ៖ ១០-១៥ មិល្លីក្រាម/គីឡូ/ថ្ងៃ លេប​តាម​មាត់ រៀង​រាល់ ៤-៦ ម៉ោង​ម្ដង​ ហើយ​កម្រិត​ប្រើ​អតិបរមា ៥ ដង/ថ្ងៃ។

    កម្រិត​ថេរ (Fix dose)

    – អាយុ ​០-៣ ខែ (ទម្ងន់ ២,៧-៥,៣ គីឡូ)៖

    • កម្រិត​ប្រើម្តង៖ ៤០​មិល្លីក្រាម
    • ទឹក​សេរ៉ូ​សម្រាប់​ផឹក (១៦៥ មិល្លីក្រាម/​៥​មិល្លីលីត្រ)៖ ១,២៥​មិល្លីលីត្រ

    – អាយុ​ ៤ -១១ ខែ (ទម្ងន់ ៥,៤-៨,១ គីឡូ)៖

  • កម្រិត​ប្រើ​ម្តង៖ ៨០មិល្លីក្រាម
  • ទឹក​សេរ៉ូ​សម្រាប់​ផឹក (១៦៥ មិល្លីក្រាម/​៥​មិល្លីលីត្រ)៖ ២,៥មិល្លីលីត្រ
  • – អាយុ ១-២ឆ្នាំ (ទម្ងន់ ៨,២-១០,៨ គីឡូ)៖

    • កម្រិត​ប្រើ​ម្តង៖ ១២០មិល្លីក្រាម​
    • ទឹក​សេរ៉ូ​សម្រាប់​ផឹក (១៦៥ មិល្លីក្រាម/​៥​មិល្លីលីត្រ)៖ ៣,៥មិល្លីលីត្រ
    • ថ្នាំ​គ្រាប់​ទំពា (៨០​មិល្លីក្រាម)៖ ១គ្រាប់​កន្លះ

    – អាយុ ២-៣ ឆ្នាំ (ទម្ងន់ ១០,៩-១៦,៣ គីឡូ)៖

    • កម្រិត​ប្រើ​ម្តង៖ ១៦០​មិល្លីក្រាម
    • ទឹក​សេរ៉ូ​សម្រាប់​ផឹក (១៦៥ មិល្លីក្រាម/​៥​មិល្លីលីត្រ)៖ ៥​មិល្លីលីត្រ
    • ថ្នាំ​គ្រាប់​ទំពា ​(៨០មិល្លីក្រាម)៖ ២​គ្រាប់
    • ថ្នាំគ្រាប់​ទំពា (១៦០​មិល្លីក្រាម)៖ ១​គ្រាប់

    – អាយុ ៤-៥ ឆ្នាំ (ទម្ងន់ ១០,៩-១៦,៣ គីឡូ)៖

    • កម្រិត​ប្រើ​ម្តង៖ ២៤០​មិល្លីក្រាម
    • ទឹក​សេរ៉ូ​សម្រាប់​ផឹក (១៦៥ មិល្លីក្រាម/​៥​មិល្លីលីត្រ)៖ ៧,៥មិល្លីលីត្រ
    • ថ្នាំគ្រាប់​ទំពា (៨០​មិល្លីក្រាម)៖ ៣​គ្រាប់
    • ថ្នាំ​គ្រាប់​ទំពា (១៦០​មិល្លីក្រាម)៖ ១គ្រាប់​កន្លះ

    – អាយុ ៦-១២ ឆ្នាំ៖

    • លេប ៣២៥មិល្លីក្រាម លេប​តាម​មាត់​រាល់ ៤-៦ ម៉ោង​ម្ដង និង​មិន​ត្រូវ​លើសពី ១,៦២៥ ក្រ/ថ្ងៃ សម្រាប់​រយៈពេល​៥ថ្ងៃ​ទេ លើក​លែង​តែ​មាន​ការ​ណែនាំ​ផ្សេង​ទៀតពី​គ្រូពេទ្យ។

    – អាយុ​លើស​ពី ១២ ឆ្នាំ៖

  • កម្រិត​ទូទៅ៖ ៦៥០មិល្លីក្រាម រៀង​រាល់​ ៤-៦ ម៉ោង​ម្ដង និង​មិន​ត្រូវ​លើស​ពី ៣,២៥ ក្រាម/ថ្ងៃ​ទេ ប្រសិន​បើ​នៅ​ក្រោម​ការ​គ្រប់​គ្រង​ថែរក្សា​ដោយ​គ្រូពេទ្យ​កម្រិត​ថ្នាំ​អាច​កើន​ដល់ ៤​ ក្រាម​/ថ្ងៃ ។
  • កម្រិត​ខ្លាំង (Extra strengh)៖ ១០០០មិល្លីក្រាម រៀង​រាល់​ ៦ ម៉ោង​ម្ដង និង​មិន​ត្រូវ​លើស​ពី ​ ៣,២៥ ក្រាម​/ថ្ងៃ​ទេ។ គេ​អាច​ប្រើ​ដល់ ៤ក្រាម ប៉ុន្តែ​ត្រូវ​មាន​ការ​តាមដាន​យ៉ាង​ដិត​ដល់​ពី​អ្នក​ ផ្ដល់​សេវា​សុខភាព។
  • សម្រាប់​ការ​សាយ​ភាយ​យឺត​យ៉ាវ​នៃ​ថ្នាំ៖ ប្រើ ១,៣ក្រាម រៀងរាល់ ៨ ម៉ោង​ម្ដង និង​មិន​ត្រូវ​ លើស​ពី​ ៣,៩ ក្រាម/ថ្ងៃ។
  • ១២- ទម្រង់​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​លើ​ទីផ្សារ​យ៉ាង​ម៉េច​ខ្លះ?

    ថ្នាំ​ប៉ារ៉ាសេតាមុល​លើ​ទីផ្សារ ត្រូវ​បែង​ចែក​តាម​កម្រិត​ដូចជា៖

    – ៣២៥មិល្លីក្រាម និង ៣០មិល្លីក្រាម

    – ៣២៥មិល្លីក្រាម និង ៦០មិល្លីក្រាម

    – ១២០មិល្លីក្រាម ឬ ១២ មិល្លីក្រាម/​៥​មិល្លីលីត្រ

    – ៣០០មិល្លីក្រាម និង ១៥មិល្លីក្រាម

    – ៣០០មិល្លីក្រាម និង ៣០មិល្លីក្រាម

    – ៣០០មិល្លីក្រាម និង ៦០មិល្លីក្រាម

    – ៦៥០មិល្លីក្រាម និង ៣០មិល្លីក្រាម

    – ៦៥០មិល្លីក្រាម និង ៦០មិល្លីក្រាម

    បើ​គិត​តាម​ប្រភេទ​វិញ​មាន​ដូចជា៖

    – ប្រភេទ​ទឹក

    – គ្រាប់ (ថ្នាំ​ពុះ​ទឹក ទំពា និង​កិន​ជាដើម)

    – គ្រាប់​តំណក់​ទឹក

    – ថ្នាំ​សុល​តាម​រន្ធ​គូទ

    – ម្សៅ

    – សេរ៉ូ

    – ម្សៅ​លាយ​ទឹក (Suspension elixir)

    ១៣- ករណី​បន្ទាន់ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

    សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

    ១៤- ករណី​ភ្លេច​ប្រើថ្នាំ

    បើ​ភ្លេច​លេប​ថ្នាំ សូម​លេប​វា​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​លេប​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ លេប​ថ្នាំ​តាម​ពេល​​ត្រូវ​លេប​បន្ត​បាន​ហើយ កុំ​លេប​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិ​និច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Dec 19, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម