
ស្វែងយល់ពីការប្រើប្រាស់
១- តើថ្នាំប៉ារ៉ាសេតាម៉ុលប្រើដើម្បីអ្វី?
ថ្នាំប៉ារ៉ាសេតាមុល ប្រើសម្រាប់ព្យាបាលអាការៈគ្រុនក្ដៅ និងបន្ថយកម្ដៅ។ មិនត្រឹមតែប៉ុណ្ណោះ គេអាចយកទៅប្រើដើម្បីបន្ថយអាការៈឈឺក្បាល ឈឺសាច់ដុំ រលាកសន្លាក់ ឈឺខ្នង ឈឺធ្មេញ និងផ្ដាសាយជាដើម។ ថ្នាំនេះអាចប្រើក្នុងគោលដៅផ្សេងទៀត ដែលមិនបានរៀបរាប់ក្នុងវិធីណែនាំប្រើប្រាស់ថ្នាំ។
២- គេប្រើថ្នាំប៉ារ៉ារបៀបម៉េច?
– លេបថ្នាំប៉ារ៉ាសេតតាម៉ុលតាមការណែនាំរបស់គ្រូពេទ្យ
– ត្រូវធ្វើតាមការណែនាំនៅលើប្រអប់ថ្នាំ
– ប្រសិនបើមិនច្បាស់ពីព័ត៌មានប្រើប្រាស់ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការី។
៣- គួររក្សាទុកយ៉ាងម៉េច?
ថ្នាំប៉ារ៉ាសេតាម៉ុល អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូទឹកកកទេ។ លើទីផ្សារប្រហែលជាមានថ្នាំប៉ារ៉ាសេតាម៉ុលផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាព គួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
កត្តាគួរប្រុងប្រយ័ត្ន
៤- គួរដឹងអ្វីខ្លះមុនប្រើប្រាស់ថ្នាំប៉ារ៉ាសេតាម៉ុល?
ត្រូវប្រាប់គ្រូពេទ្យ និងឱសថការីប្រសិនបើ៖
– មានប្រតិកម្មជាមួយថ្នាំនេះ ឬមានប្រតិកម្មអ្វីផ្សេងទៀត។
– មានបញ្ហាសុខភាពផ្សេងៗពីមុនមក ជាពិសេស ជំងឺថ្លើម ឬញៀនស្រា។
– បើមាន ជំងឺ Phenylketonuria (ជំងឺតំណពូជម៉្យាង ទាមទាឲ្យតាមដានទៅលើរបបអាហារយ៉ាងដិតដល់ ដើម្បីការពារបញ្ហាខ្សោយសតិបញ្ញា Mental retardation) ឬមានជំងឺទឹកនោមផ្អែម ត្រូវតែដឹងពីថ្នាំ Paracetamol ប្រភេទទំពា អាចនឹងមានជាតិផ្អែមដោយសារសារធាតុ Aspartame។
– មានផ្ទៃពោះ ឬកំពុងបំបៅដោះកូន។
៥- ប៉ារ៉ាសេតាម៉ុល មានសុវត្ថិភាពចំពោះស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូនដែរទេ?
មិនមានព័ត៌មានគ្រប់គ្រាន់ពីសុវត្ថិភាពការប្រើថ្នាំនេះ ទាំងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះបេប៊ី។ ហេតុនេះពិភាក្សាជាមួយវេជ្ជបណ្ឌិត ពីគុណប្រយោជន៍ និងហានិភ័យមុនពេលប្រើ គឺជារឿងចាំបាច់។ យោងតាមរដ្ឋបាលចំណីអាហារ និងឱសថ នៅអាមេរិក (FDA) ថ្នាំនេះត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីថ្នាំគ្រោះថ្នាក់កម្រិត B សម្រាប់ស្ត្រីមានផ្ទៃពោះ។
ចំណាត់ថ្នាក់កម្រិតគ្រោះថ្នាក់នៃថ្នាំទៅលើស្ត្រីមានផ្ទៃពោះរបស់ FDA មានដូចខាងក្រោម៖
– A = គ្មានគ្រោះថ្នាក់
– B = គ្មានគ្រោះថ្នាក់ ក្នុងការសិក្សាមួយចំនួន
– C = អាចមានគ្រោះថ្នាក់ខ្លះៗ
– D = មានភស្តុតាងជាវិជ្ជមានថាមានគ្រោះថ្នាក់
– X = ហាមប្រើ
– N = មិនមានព័ត៌មាន។
ស្វែងយល់ពីផលរំខាន
៦- ផលរំខាននៃថ្នាំប៉ារ៉ាសេតាម៉ុលមានអ្វីខ្លះ?
ថ្នាំនេះ ជាទូទៅ មិនមានផលរំខានទេ ប៉ុន្តែបើយើងមានលេចចេញផលរំខានអ្វីមួយ សូមពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី។
ទោះជាករណីកម្រ ប៉ុន្តែប្រតិកម្មអាលែកហ្ស៊ីធ្ងន់ធ្ងររបស់ថ្នាំអាចកើតឡើង រួមមាន៖
– លាមកមានលាយឈាម និងពណ៌ក្រមៅ
– នោមឈាម ឬទឹកនោមមានពណ៌ក្រមៅ
– គ្រុនក្ដៅដោយមាន ឬគ្មាន រងាក្ដៅញាក់
– ឈឺចង្កេះ
– ចំណុចក្រហមតូចៗ នៅលើស្បែក
– ឡើងរមាស់ កន្ទួល ឬកន្ទាលត្រអាក
– ឈឺបំពង់ក
– ឈឺ មានដំបៅ និងឡើងដុំសៗលើបបូរមាត់ ឬក្នុងមាត់
– ចំណុះទឹកនោមថយចុះ
– ហូរឈាម ឬមានស្នាមជាំ
– ហត់អស់កម្លាំង
– ភ្នែក និងស្បែកឡើងលឿង
មនុស្សគ្រប់គ្នាមិនប្រាកដថា មានផលរំខានទាំងអស់គ្នានោះទេ។ មានផលរំខានជាច្រើនទៀត ដែលមិនបានរៀបរាប់នៅខាងលើ ដូចនេះយើងគួរពិភាក្សាជាមួយគ្រូពេទ្យ បើនៅមានកង្វល់ជុំវិញផលរំខានរបស់ថ្នាំ។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- អន្តរកម្មថ្នាំប៉ារ៉ាសេតាម៉ុល និងថ្នាំដទៃ
ថ្នាំប៉ារ៉ាសេតាមុល អាចមានអន្តរកម្មជាមួយថ្នាំផ្សេងទៀតដែលយើងកំពុងប្រើ អាចធ្វើឲ្យផ្លាស់ប្ដូរអំពើរបស់ថ្នាំ ឬបង្កើនគ្រោះថ្នាក់នៃផលរំខានមួយចំនួនដូចជា៖
– បន្ថយប្រសិទ្ធភាពថ្នាំព្យាបាលអាការៈប្រកាច់ ដូចជាថ្នាំ Phenytoin, Barbiturates Carbamazepine
– អាចបង្កើនប្រសិទ្ធភាពប្រឆាំងកំណកឈាម របស់ថ្នាំ Warfarin និងពពួកថ្នាំ Coumarins ផ្សេងៗទៀត ហើយត្រូវពន្យារពេលប្រើ។
– បង្កើនការស្រូបចូលនៃពពួកថ្នាំក្កួត ដូចជា Metochlopramide និងថ្នាំ Domperidone។
– បង្កើនប្រសិទ្ធភាពថ្នាំបញ្ចុះអាស៊ីដ Probenecid និងថ្នាំផ្សះ Chloramphenicol។
– បន្ថយការស្រូបចូលជាតិ Cholestyramine (ថ្នាំបញ្ចុះគ្រួសក្នុងប្រមាត់)
– អាចបណ្ដាលឲ្យមានការចុះកម្ដៅខ្លាំងជ្រុល (Hypothermia) ពេលប្រើជាមួយថ្នាំ Phenothiazine (ថ្នាំប្រកាច់)
ដើម្បីជៀសវាងប្រតិកម្មទាំងអស់នេះ គួរតែធ្វើការកត់ចំណាំរាល់ថ្នាំទាំងអស់យើងកំពុងប្រើ រាប់បញ្ចូលទាំងថ្នាំមានវេជ្ជបញ្ជា ថ្នាំគ្មានវេជ្ជបញ្ជា និងឱសថបុរាណ ហើយយកថ្នាំទាំងអស់នោះ ទៅពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី។ ដើម្បីមានសុវត្ថិភាពក្នុងការប្រើប្រាស់ មិនត្រូវចាប់ផ្ដើម បញ្ឈប់ ឬប្ដូរកម្រិតថ្នាំដោយមិនមានការអនុញ្ញាតពីគ្រូពេទ្យឡើយ។
៨- អន្តរកម្មរវាងថ្នាំប៉ារ៉ាសេតាម៉ុល ជាមួយអាហារ និងគ្រឿងស្រវឹង
ថ្នាំប៉ារ៉ាសេតាម៉ុល អាចមានអន្តរកម្មជាមួយអាហារ ឬស្រា ធ្វើឲ្យសកម្មភាពថ្នាំប្រែប្រួល ឬបង្កើនគ្រោះថ្នាក់នៃផលរំខាន។ គ្រឿងស្រវឹង (ស្រា) អាចបង្កើនគ្រោះថ្នាក់ពុលថ្លើម (Hypatotoxicity)។ សូមពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី ដើម្បីដឹងពីប្រភេទអាហារ ឬគ្រឿងស្រវឹង ដែលអាចមានអន្តរកម្មជាមួយថ្នាំនេះ។
៩- អន្តរកម្មរវាងថ្នាំប៉ារ៉ាសេតាម៉ុល និងបញ្ហាសុខភាព
ថ្នាំប៉ារ៉ាសេតាម៉ុល អាចមានអន្តរកម្មជាមួយបញ្ហាសុខភាពយើង ជាពិសេស ជំងឺថ្លើម និងការញៀនស្រា។ អន្តរកម្មនេះ អាចធ្វើឲ្យស្ថានភាពសុខភាពកាន់តែធ្ងន់ធ្ងរ ឬផ្លាស់ប្ដូរសកម្មភាពថ្នាំ។ អ្វីដែលសំខាន់ ត្រូវប្រាប់គ្រូពេទ្យ និងឱសថការីពីស្ថានភាព សុខភាពយើងនៅពេលបច្ចុប្បន្ន។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើថ្នាំប៉ារ៉ាសេតាម៉ុលកម្រិតណា?
ប្រភេទថ្នាំលេប
– ប្រភេទថ្នាំសាយភាយរហ័ស (Immediate Release)៖
- កម្រិតប្រើធម្មតា៖ ៣២៥មិល្លីក្រាម ទៅ ១ក្រាម រៀងរាល់ ៤-៦ម៉ោងម្ដង
- កម្រិតអតិបរមាប្រើតែមួយលើកគត់៖ ១ក្រាម
- កម្រិតអតិបរមាក្នុងការប្រើមួយថ្ងៃ៖ ៤ ក្រាម/ថ្ងៃ
– ប្រភេទថ្នាំសាយភាយយឺត (Extended-Release)៖
- កម្រិតប្រើធម្មតា៖ ១៣០០មិល្លីក្រាម រៀងរាល់ ៨ ម៉ោងម្ដង
- កម្រិតអតិបរមា៖ ៣៩០០ មិល្លីក្រាម/ថ្ងៃ
– ប្រភេទថ្នាំសុលតាមរន្ធគូទ៖
- ៦៥០មិល្លីក្រាម រៀងរាល់ ៤-៦ ម៉ោងម្ដង ហើយកម្រិតអតិបរមា មិនលើស ៣៩០០ មិល្លីក្រាម/ថ្ងៃ។
១១- ថ្នាំប៉ារ៉ាសេតាម៉ុលត្រូវប្រើលើក្មេងក្នុងកម្រិតណា?
ប្រើតាមទម្ងន់កុមារ ក្នុងករណីអាយុក្រោម ១២ ឆ្នាំ៖ ១០-១៥ មិល្លីក្រាម/គីឡូ/ថ្ងៃ លេបតាមមាត់ រៀងរាល់ ៤-៦ ម៉ោងម្ដង ហើយកម្រិតប្រើអតិបរមា ៥ ដង/ថ្ងៃ។
កម្រិតថេរ (Fix dose)
– អាយុ ០-៣ ខែ (ទម្ងន់ ២,៧-៥,៣ គីឡូ)៖
- កម្រិតប្រើម្តង៖ ៤០មិល្លីក្រាម
- ទឹកសេរ៉ូសម្រាប់ផឹក (១៦៥ មិល្លីក្រាម/៥មិល្លីលីត្រ)៖ ១,២៥មិល្លីលីត្រ
– អាយុ ៤ -១១ ខែ (ទម្ងន់ ៥,៤-៨,១ គីឡូ)៖
- កម្រិតប្រើម្តង៖ ៨០មិល្លីក្រាម
- ទឹកសេរ៉ូសម្រាប់ផឹក (១៦៥ មិល្លីក្រាម/៥មិល្លីលីត្រ)៖ ២,៥មិល្លីលីត្រ
– អាយុ ១-២ឆ្នាំ (ទម្ងន់ ៨,២-១០,៨ គីឡូ)៖
- កម្រិតប្រើម្តង៖ ១២០មិល្លីក្រាម
- ទឹកសេរ៉ូសម្រាប់ផឹក (១៦៥ មិល្លីក្រាម/៥មិល្លីលីត្រ)៖ ៣,៥មិល្លីលីត្រ
- ថ្នាំគ្រាប់ទំពា (៨០មិល្លីក្រាម)៖ ១គ្រាប់កន្លះ
– អាយុ ២-៣ ឆ្នាំ (ទម្ងន់ ១០,៩-១៦,៣ គីឡូ)៖
- កម្រិតប្រើម្តង៖ ១៦០មិល្លីក្រាម
- ទឹកសេរ៉ូសម្រាប់ផឹក (១៦៥ មិល្លីក្រាម/៥មិល្លីលីត្រ)៖ ៥មិល្លីលីត្រ
- ថ្នាំគ្រាប់ទំពា (៨០មិល្លីក្រាម)៖ ២គ្រាប់
- ថ្នាំគ្រាប់ទំពា (១៦០មិល្លីក្រាម)៖ ១គ្រាប់
– អាយុ ៤-៥ ឆ្នាំ (ទម្ងន់ ១០,៩-១៦,៣ គីឡូ)៖
- កម្រិតប្រើម្តង៖ ២៤០មិល្លីក្រាម
- ទឹកសេរ៉ូសម្រាប់ផឹក (១៦៥ មិល្លីក្រាម/៥មិល្លីលីត្រ)៖ ៧,៥មិល្លីលីត្រ
- ថ្នាំគ្រាប់ទំពា (៨០មិល្លីក្រាម)៖ ៣គ្រាប់
- ថ្នាំគ្រាប់ទំពា (១៦០មិល្លីក្រាម)៖ ១គ្រាប់កន្លះ
– អាយុ ៦-១២ ឆ្នាំ៖
- លេប ៣២៥មិល្លីក្រាម លេបតាមមាត់រាល់ ៤-៦ ម៉ោងម្ដង និងមិនត្រូវលើសពី ១,៦២៥ ក្រ/ថ្ងៃ សម្រាប់រយៈពេល៥ថ្ងៃទេ លើកលែងតែមានការណែនាំផ្សេងទៀតពីគ្រូពេទ្យ។
– អាយុលើសពី ១២ ឆ្នាំ៖
- កម្រិតទូទៅ៖ ៦៥០មិល្លីក្រាម រៀងរាល់ ៤-៦ ម៉ោងម្ដង និងមិនត្រូវលើសពី ៣,២៥ ក្រាម/ថ្ងៃទេ ប្រសិនបើនៅក្រោមការគ្រប់គ្រងថែរក្សាដោយគ្រូពេទ្យកម្រិតថ្នាំអាចកើនដល់ ៤ ក្រាម/ថ្ងៃ ។
- កម្រិតខ្លាំង (Extra strengh)៖ ១០០០មិល្លីក្រាម រៀងរាល់ ៦ ម៉ោងម្ដង និងមិនត្រូវលើសពី ៣,២៥ ក្រាម/ថ្ងៃទេ។ គេអាចប្រើដល់ ៤ក្រាម ប៉ុន្តែត្រូវមានការតាមដានយ៉ាងដិតដល់ពីអ្នក ផ្ដល់សេវាសុខភាព។
- សម្រាប់ការសាយភាយយឺតយ៉ាវនៃថ្នាំ៖ ប្រើ ១,៣ក្រាម រៀងរាល់ ៨ ម៉ោងម្ដង និងមិនត្រូវ លើសពី ៣,៩ ក្រាម/ថ្ងៃ។
១២- ទម្រង់ថ្នាំប៉ារ៉ាសេតាម៉ុលលើទីផ្សារយ៉ាងម៉េចខ្លះ?
ថ្នាំប៉ារ៉ាសេតាមុលលើទីផ្សារ ត្រូវបែងចែកតាមកម្រិតដូចជា៖
– ៣២៥មិល្លីក្រាម និង ៣០មិល្លីក្រាម
– ៣២៥មិល្លីក្រាម និង ៦០មិល្លីក្រាម
– ១២០មិល្លីក្រាម ឬ ១២ មិល្លីក្រាម/៥មិល្លីលីត្រ
– ៣០០មិល្លីក្រាម និង ១៥មិល្លីក្រាម
– ៣០០មិល្លីក្រាម និង ៣០មិល្លីក្រាម
– ៣០០មិល្លីក្រាម និង ៦០មិល្លីក្រាម
– ៦៥០មិល្លីក្រាម និង ៣០មិល្លីក្រាម
– ៦៥០មិល្លីក្រាម និង ៦០មិល្លីក្រាម
បើគិតតាមប្រភេទវិញមានដូចជា៖
– ប្រភេទទឹក
– គ្រាប់ (ថ្នាំពុះទឹក ទំពា និងកិនជាដើម)
– គ្រាប់តំណក់ទឹក
– ថ្នាំសុលតាមរន្ធគូទ
– ម្សៅ
– សេរ៉ូ
– ម្សៅលាយទឹក (Suspension elixir)
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចប្រើថ្នាំ
បើភ្លេចលេបថ្នាំ សូមលេបវាភ្លាម ប៉ុន្តែបើកៀកពេលត្រូវលេបថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ លេបថ្នាំតាមពេលត្រូវលេបបន្តបានហើយ កុំលេបថ្នាំពីរកម្រិតក្នុងពេលតែមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕