ការប្រើប្រាស់
១– វីតាមីនប្យូទីន (Biotin) អាចជួយអ្វីដល់រាងកាយខ្លះ?
ប្យូទីន (Biotin) គឺជាវីតាមីនម្យ៉ាងដែលសំបូរនៅក្នុងចំណីអាហារមួយចំនួន។ វីតាមីនBiotin ផ្តល់អត្ថប្រយោជន៍ខ្ពស់ដល់រាងកាយរបស់មនុស្ស ជាពិសេសអាចជួយព្យាបាល ក៏ដូចជាការពារស្ត្រីមានផ្ទៃពោះពីបញ្ហាកង្វះវីតាមីនប្រភេទនេះ បញ្ហាញ៉ាំមិនសូវបាន កង្វះអាហារូបត្ថម្ភ និងបញ្ហាស្រកគីឡូលឿនជាដើម។
វីតាមីនប្យូទីននេះក៏អាចជួយព្យាបាលបញ្ហាជ្រុះសក់ ក្រចកផុយស្រួយ ស្បែកកន្ទួលរមាស់លើក្មេង (ជំងឺរលាកស្បែក Seborrheic Dermatitis) ជំងឺទឹកនោមផ្អែម និងជំងឺបាក់ទឹកចិត្តកម្រិតស្រាលផងដែរ។
២– វីតាមីនប្យូទីន (Biotin)ធ្វើការដូចម្តេច?
មិនទាន់មានការសិក្សាស្រាវជ្រាវច្បាស់លាស់ណា អាចបង្ហាញប្រាប់ពីដំណើរការរបស់ប្យូទីននោះទេ។ យ៉ាងណាមិញ គេអាចដឹងត្រឹមថាវីតាមីននេះមានមុខងារសំខាន់ក្នុងការបំបែកសារធាតុផ្សេងៗក្នុងរាងកាយ ដូចជា ជាតិខ្លាញ់ ស្ករ និងសារធាតុដទៃជាច្រើនទៀត។ គប្បីធ្វើការពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យដើម្បីទទួលបានព័ត៌មានបន្ថែម។
អត្ថបទពាក់ព័ន្ធ៖ ហេតុផលធំៗបញ្ជាក់ថា ថ្នាំវីតាមីនសំខាន់ខ្លាំងប៉ុនណាសម្រាប់ស្រីៗបំបៅដោះកូន
ការប្រុងប្រយ័ត្ន និងចំនុចហាមឃាត់
១– គួរដឹងអ្វីខ្លះមុនពេលប្រើវីតាមីនប្យូទីន (Biotin)?
គប្បីពិគ្រោះជាមួយនឹងគ្រូពេទ្យ ឬឱសថការី ប្រសិនបើ៖
- យើងកំពុងមានគភ៌ ឬក៏បំបៅដោះកូន ព្រោះអំឡុងពេលនេះយើងអាចប្រើថ្នាំបាន តាមការណែនាំរបស់គ្រូពេទ្យតែប៉ុណ្ណោះ។
- យើងកំពុងប្រើប្រាស់ថ្នាំណាមួយផ្សេងទៀត (មិនថាថ្នាំដែលកំពុងប្រើ មាន ឬគ្មានវេជ្ជបញ្ជា)
- មានប្រតិកម្មអាលែកហ្ស៊ីជាមួយនឹងសារធាតុផ្សំណាមួយរបស់ថ្នាំ ឬថ្នាំដទៃទៀត
- មានជំងឺប្រចាំកាយណាមួយ។
- មានប្រតិកម្មអាលែកហ្ស៊ីជាមួយនឹងសារធាតុផ្សេងៗ ដូចជា ចំណីអាហារណាមួយ ថ្នាំលាបពណ៌ សារធាតុរក្សាអាហារបានយូរ ឬក៏សត្វណាមួយ។
លក្ខខណ្ឌក្នុងការចុះបញ្ជីការផ្លូវច្បាប់សម្រាប់អាហារបំប៉នមិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ ដូចនេះគួរតែមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថទាំងនេះ។ យើងត្រូវប្រាកដថាអត្ថប្រយោជន៍នៃការប្រើថ្នាំនេះខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីអាចដឹងពីព័ត៌មានបន្ថែម។
២– វីតាមីនBiotinពុលដែរឬទេ?
វីតាមីន Biotin ឬវីតាមីនB7 អាចមានសុវត្ថិភាពចំពោះមនុស្សភាគច្រើន នៅពេលដែលលេបត្រឹមត្រូវ។ វាមានប្រសិទ្ធភាពនៅពេលដែលប្រើក្នុងកម្រិតដែលណែនាំ។ វាមានសុវត្ថិភាពដូចគ្នានៅពេលដែលចាក់តាមសាច់ដុំ និងប្រើដោយត្រឹមត្រូវ។
ការប្រុងប្រយ័ត្ន និងចំនុចហាមឃាត់ក្នុងករណីពិសេស៖
ចំពោះស្ត្រីមានគភ៌ ឫកំពុងបំបៅដោះកូន៖ ប្រសិនបើយើងប្រើប្រាស់វាទៅតាមការណែនាំ និងវេជ្ជបញ្ជារបស់គ្រូពេទ្យត្រឹមត្រូវ វាមិនផ្តល់ជាផលប៉ះពាល់អ្វីនោះទេ។
ចំពោះអ្នកជំងឺលាងឈាម(Kidney Dialysis)៖ អាចតម្រូវឲ្យប្រើប្រាស់វីតាមីននេះលើសពីចំណុះធម្មតា ហេតុនេះ គប្បីធ្វើការពិគ្រោះជាមួយនឹងគ្រូពេទ្យមុនពេលប្រើប្រាស់។
ផលប៉ះពាល់
១– វីតាមីនប្យូទីន (Biotin)អាចផ្តល់ផលប៉ះពាល់អ្វីខ្លះ?
ក្នុងករណីមានចម្ងល់ទាក់ទងទៅនឹងផលប៉ះពាល់របស់វីតាមីននេះ សូមធ្វើការពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញ។
អន្តរកម្ម
១– វីតាមីនប្យូទីន (Biotin)អាចមានប្រតិកម្មជាមួយនឹងអ្វីខ្លះ?
វីតាមីនប្យូទីនអាចមានប្រតិកម្មជាមួយនឹងថ្នាំ ក៏ដូចជាជំងឺមួយចំនួន។ គប្បីធ្វើការពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យមុនពេលប្រើប្រាស់។
កម្រិតនៃការប្រើប្រាស់ថ្នាំ
ព័ត៌មានខាងលើមិនអាចជំនួសឲ្យការផ្ដល់អនុសាសន៍ផ្នែកវេជ្ជសាស្រ្តបានទេ សូមធ្វើការពិគ្រោះយោបល់ជាមួយគ្រូពេទ្យឬឱសថការីមុនពេលប្រើប្រាស់ថ្នាំនេះ។
១– គួរប្រើប្រាស់វីតាមីនប្យូទីនក្នុងបរិមាណដូចម្តេច?
ចំពោះវីតាមីនប្យូទីន ឬB7នេះ មិនទាន់មានការកំណត់បរិមាណជាក់លាក់នៅក្នុងរបបអាហារប្រចាំថ្ងៃនោះទេ។ យ៉ាងណាមិញ បរិមាណខាងក្រោមនេះត្រូវបានគេចាត់ទុកថាជាចំណុះសមស្របក្នុងការទទួលទានវីតាមីនប្យូទីននេះ៖
- ៧មីក្រូក្រាម ចំពោះក្មេងដែលទើបកើត រហូតដល់ ១២ខែ
- ៨មីក្រូក្រាម ចំពោះក្មេងអាយុ១ ដល់ ៣ឆ្នាំ
- ១២មីក្រូក្រាម ចំពោះក្មេងអាយុ៤ ដល់ ៨ឆ្នាំ
- ២០មីក្រូក្រាម ចំពោះក្មេងអាយុ ៩ ដល់ ១៣ឆ្នាំ
- ២៥មីក្រូក្រាម ចំពោះក្មេងជំទង់អាយុ១៤ ដល់ ១៨ឆ្នាំ
- ៣០មីក្រូក្រាម ចំពោះអ្នកដែលអាយុលើសពី១៨ឆ្នាំ និងស្ត្រីមានផ្ទៃពោះ
- ៣៥មីក្រូក្រាម ចំពោះស្ត្រីដែលកំពុងបំបៅដោះកូន
កម្រិតនៃការប្រើប្រាស់វីតាមីនប្យូទីន ឬB7នេះ អាចខុសគ្នាពីមនុស្សម្នាក់ទៅម្នាក់ទៀត ដោយតម្រូវទៅតាមអាយុ ស្ថានភាពសុខភាព និងកត្តាផ្សេងៗជាច្រើនទៀត។ យ៉ាងណាមិញ មិនប្រាកដថាវាមិនផ្តល់ផលប៉ះពាល់ទាល់តែសោះនោះទេ គប្បីធ្វើការពិគ្រោះជាមួយនឹងគ្រូពេទ្យដើម្បីទទួលបានព័ត៌មានច្បាស់លាស់ទាក់ទងទៅនឹងកម្រិតសមស្របនៃការប្រើប្រាស់វីតាមីននេះ។
២– វីតាមីនប្យូទីនមានទម្រង់បែបណាខ្លះ?
វីតាមីនប្យូទីនអាចមានទម្រង់ដូចខាងក្រោម:
- ប្រភេទគ្រាប់
- ប្រភេទគ្រាប់ទន់
- ប្រភេទគ្រាប់មានសំបក (ខេបស៊ុល)
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ។
[embed-health-tool-bmi]