ស្វែងយល់ពីការប្រើប្រាស់
១- អ៊ីយ៉ូតជួយអីខ្លះដល់រាងកាយ?
អ៊ីយ៉ូតជាសារធាតុគីមីដែលរាងកាយត្រូវការ ប៉ុន្តែរាងកាយមិនអាចបង្កើតសារធាតុនេះបានដោយឯកឯងទេ ហើយអ៊ីយ៉ូតយើងអាចបានពីរបបអាហារប្រចាំ។
អ៊ីយ៉ូតប្រើសម្រាប់ការពារកង្វះសារជាតិអ៊ីយ៉ូត និងផលវិបាកដូចជាជំងឺពកក។ វាក៏ប្រើសម្រាប់៖
– ព្យាបាលជំងឺស្បែកបង្ករោគដោយពពួកផ្សិត (Cutaneous sporotrichosis)
– ព្យាបាលជំងឺដុំគីសក្នុងសុដន់ (Fibrocystic breast)
– ការពារមហារីកដោះ ជំងឺភ្នែក ទឹកនោមផ្អែម ជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល
– ថ្នាំបញ្ចេញស្លេស្ម។
គេក៏ប្រើវាសម្រាប់ករណីសង្រ្គោះបន្ទាន់ ក្នុងគ្រោះថ្នាក់ដោយជាតិវិទ្យុសកម្ម ការពារក្រពេញទីរ៉ូអ៊ីត ពីវិទ្យុសកម្ម។
ក្រៅពីនេះ គេប្រើវាលាបលើស្បែកដើម្បីសម្លាប់មេរោគ កុំឲ្យឈឺក្នុងមាត់( Mucositis) ដោយសារការព្យាបាលដោយប្រើជាតិគីមី និងព្យាបាលដំបៅដោយសារទឹកនោមផ្អែម។
២- វាដំណើរការម៉េច?
មិនទាន់មានការសិក្សារគ្រប់គ្រាន់ទៅលើដំណើរការរបស់វានៅឡើយទេ។ ចំពោះព័ត៌មានបន្ថែមសូមពិគ្រោះជាមួយគ្រូពេទ្យ។ ទោះបីយ៉ាងណា គេដឹងថាវាអាចបន្ថយកម្រិតអ័រម៉ូនក្រពេញទីរ៉ូអ៊ីត អាចសម្លាប់ផ្សិត បាក់តេរី និងពពួកមេរោគតូចៗ ដូចជា អាមីបជាដើម។ ប្រភេទពិសេសនៃអ៊ីយ៉ូត ឈ្មោះថាប៉ូតាស្យូមអ៊ីយ៉ូត ប្រើសំរាប់ព្យាបាល (មិនសម្រាប់ការពារ) ឥទ្ធិពលគ្រោះថ្នាក់ដោយសារវិទ្យុសកម្ម។
កត្តាគួរប្រុងប្រយ័ត្ន
៣- មុនប្រើគួរដឹងអីខ្លះ?
មុនប្រើប្រាស់ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញខាងឱសថរុក្ខជាតិ ប្រសិនបើ៖
- កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន ដោយសារពេលពពោះ ឬបំបៅដោះកូន ត្រូវប្រើប្រាស់ថ្នាំឲ្យត្រូវតាមកម្រិតណែនាំរបស់គ្រូពេទ្យតែប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំអ្វីផ្សេង ថ្នាំទាំងនោះរាប់បញ្ចូលទាំងថ្នាំអ្នកទិញខ្លួន និងថ្នាំទិញតាមវេជ្ជបញ្ជា
– មានប្រតិកម្មជាមួយអ៊ីយ៉ូត ថ្នាំពេទ្យ ឬមានប្រតិកម្មជាមួយឱសថបុរាណដទៃ
– កំពុងមានជំងឺប្រចាំកាយ ឬមានបញ្ហាសុខភាពអ្វីមួយ ពិសេសមានក្រួសក្នុងប្រមាត់ជាដើម
– ធ្លាប់មានប្រតិកម្មជាមួយអាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬជាមួយសត្វ។
លក្ខខណ្ឌក្នុងការចុះបញ្ជីការផ្លូវច្បាប់សម្រាប់ឱសថបំប៉នមិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ដូចនេះគួរតែមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថបំប៉នទាំងនេះ។ អ្នកត្រូវប្រាកដថាអត្ថប្រយោជន៍នៃការប្រើថ្នាំនេះខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីអាចដឹងពីព័ត៌មានបន្ថែម។
៤- មានសុវត្ថិភាពកម្រិតណា?
ភាគច្រើន វាមានសុវត្ថិភាព ប្រសិនជាប្រើតាមការលេប ឬលាបលើស្បែកដោយត្រឹមត្រូវតាមការណែនាំ។
បើប្រើច្រើន ឬប្រើរយៈពេលយូរ អាចបណ្ដាលឲ្យមានគ្រោះថ្នាក់។ ចំពោះមនុស្សពេញវ័យ មិនគួរប្រើវាយូរ និងកម្រិតខ្ពស់ជាង ១១០០មីក្រូក្រាម/ថ្ងៃ ដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវនោះទេ។ ចំពោះកុមារអាយុពី ១-៣ ឆ្នាំ មិនគួរប្រើលើសពី ២០០មីក្រូក្រាម/ថ្ងៃ ទេ កម្រិត ៣០០មីក្រូក្រាម/ថ្ងៃ ចំពោះកុមារអាយុ ៤-៨ ឆ្នាំ កម្រិត ៦០០មីក្រូក្រាម/ថ្ងៃ ចំពោះកុមារអាយុ ៩-១៣ ឆ្នាំ និងកម្រិត ៩០០មីក្រូក្រាម/ថ្ងៃ ចំពោះក្មេងវ័យជំទង់។
៥- គួរប្រុងប្រយ័ត្ន
– ស្ត្រីមានផ្ទៃពោះ និងកំពុងបំបៅកូន៖ មានសុវត្ថិភាពបើលេប និងលាបវាលើស្បែកក្នុងបរិមាណត្រឹមត្រូវ (កំហាប់ ២ ភាគរយ)។ តែបើលេបក្នុងកម្រិតខ្ពស់វាមិនមានសុវត្ថិភាពទេ។
– អាយុ៖ មិនគួរលេបលើស ១១០០មីក្រូក្រាម/ថ្ងៃទេ បើអ្នកមានអាយុលើស ១៨ឆ្នាំ ហើយបើមានអាយុ ១៤-១៨ ឆ្នាំ មិនគួរលេបលើសពី ៩០០មីក្រូក្រាម/ថ្ងៃ ដែរ។ លេបហួសកម្រិត អាចបណ្ដាលឲ្យមានបញ្ហាក្រពេញទីរ៉ូអ៊ីត។
– មានជំងឺលើក្រពេញទីរ៉ូអ៊ីតដោយសារប្រព័ន្ធភាពស៊ាំ៖ អ្នកជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងរាងកាយ និងក្រពេញទីរ៉ូអ៊ីត អាចបណ្ដាលឲ្យកើនឡើងផលរំខានផ្សេងៗរបស់ជាតិអ៊ីយ៉ូត។
– ជំងឺកន្ទួលក្រហមលើស្បែកធ្ងន់ធ្ងរ (Dermatitis herpetiformis)៖ ប្រើជាតិអ៊ីយ៉ូត អាចបណ្ដាលឲ្យមានកន្ទួលក្រហមទាំងនោះកាន់តែធ្ងន់ធ្ងរ។
– ជំងឺលើក្រពេញទីរ៉ូអ៊ីត៖ ដូចជា ខ្វះអ័រម៉ូនទីរ៉ូអ៊ីត ក្រពេញទីរ៉ូអ៊ីតរីកធំ (ពកក) ឬមានដុំសាច់។ ប្រសិនជាប្រើយូរ ឬច្រើនលើស អាចធ្វើឲ្យស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ។
ស្វែងយល់ពីផលរំខាន
៦- មានផលរំខានអីខ្លះ?
អ៊ីយ៉ូតមានផលប៉ះពាល់ជាពិសេសទៅលើមនុស្សខ្លះ។ បញ្ហាទាំងនោះរួមមាន ចង្អោរ ឈឺពោះ ហៀរសំបោរ ឈឺក្បាល ល្វីងមាត់ និងរាក។
ចំពោះមនុស្សងាយប្រតិកម្មអាចមានសញ្ញាដូចជា ហើមមាត់ និងមុខ ហូរឈាមធ្ងន់ធ្ងរ ក្ដៅខ្លួន ឈឺសន្លាក់ រីកក្រពេញទឹករងៃ អាលែកហ្ស៊ី (កន្ទាលត្រអាក) និងអាចបណ្តាលឲ្យស្លាប់ទៀតផង។
ចំពោះកុមារ និងមនុស្សពេញវ័យ ការលេបវាលើសកម្រិតអាចបណ្ដាលឲ្យមានបញ្ហាក្រពេញទីរ៉ូអ៊ីត។ បរិមាណអ៊ីយ៉ូតច្រើនពេក អាចធ្វើឲ្យល្វីងមាត់ ឈឹធ្មេញ និងអញ្ចាញធ្មេញ ក្ដៅមាត់ ក ចេញទឹកមាត់ច្រើន រលាកក ឈឺពោះ រាគ បាក់ទឹកចិត្ត បញ្ហាស្បែក និងផលរំខានមួយចំនួនទៀត។
ពេលប្រើវាផ្ទាល់លើស្បែក អាចបណ្ដាលឲ្យរមាស់ អាលែកហ្ស៊ី និងផលវិបាកមួយចំនួនទៀត។ សូមប្រុងប្រយ័ត្ន មិនគួររុំបង់ពីលើកន្លែងដែលព្យាបាលដោយអ៊ីយ៉ូតទេដើម្បីជៀសវាងរលាក។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរអំពើថ្នាំ
៧- មានអន្តរកម្មជាមួយអីខ្លះ?
បើនិយាយពីអន្តរកម្មវិញ អាចមានជាមួយថ្នាំយើងកំពុងប្រើ និងស្ថានភាពជំងឺកំពុងមានផ្ទាល់។ សូមពិភាក្សាជាមួយគ្រូពេទ្យមុនពេលប្រើ។
ថ្នាំអាចមានអន្តរកម្មជាមួយអ៊ីយ៉ូតមាន៖
– ថ្នាំប្រឆាំងទីរ៉ូអីត (Antithyroid Drug)៖ អ៊ីយ៉ូត អាចធ្វើអោយប៉ះពាល់ក្រពេញទីរ៉ូអ៊ីត។ បើលេបជាមួយថ្នាំដែលធ្វើឲ្យក្រពេញទីរ៉ូអ៊ីតធ្វើការខ្លាំង វាអាចធ្វើឲ្យថយចុះកម្រិតអ័រម៉ូនទីរ៉ូអ៊ីតខ្លាំងដូចគ្នា។ ដូចនេះអ្នកជំងឺ មិនគួរថ្នាំទាំងពីរមុខក្នុងពេលតែមួយទេ។
ថ្នាំថ្នាំប្រឆាំងទីរ៉ូអីត មានដូចជា Methenamine Mandelate (Methimazole), Methimazole (Tapazole), Potassium iodide (Thyro-Block) និងថ្នាំផ្សេងទៀត។
– ថ្នាំ Amiodarone៖ Amiodarone (Cordarone) មានផ្ទុកអ៊ីយ៉ូត ពេលលេបអ៊ីយ៉ូតជាមួយ Amiodarone អាចបណ្ដាលឲ្យមានកម្រិតអ៊ីយ៉ូតច្រើនក្នុងឈាម បណ្ដាលឲ្យប៉ះពាល់ក្រពេញទីរ៉ូអ៊ីត។
– ថ្នាំ Lithium៖ Lithium អាចបិទសកម្មភាពក្រពេញទីរ៉ូអ៊ីត បើប្រើផ្សំគ្នាជាមួយអ៊ីយ៉ូត នាំឲ្យខ្វះអ័រម៉ូនទីរ៉ូអ៊ីត។
– ពពួក ACE inhibitors៖ ថ្នាំបញ្ចុះសម្ពាធឈាមមួយចំនួន ធ្វើឲ្យការបំផ្លាញប៉ូតាស្យូមក្នុងខ្លួនកើនឡើង។ ថ្នាំបំប៉នអ៊ីយ៉ូត ភាគច្រើនមានផ្ទុកប៉ូតាស្យូម។ ការលេបប៉ូតាស្យូមអ៊ីយ៉ូត ជាមួយថ្នាំបញ្ចុះសម្ពាធឈាមរួមគ្នាក្នុងពេលតែមួយ អាចធ្វើឲ្យមានកម្រិតប៉ូតាស្យូមលើសក្នុងខ្លួន។
ថ្នាំទាំងនោះមានដូចជា Captopril (Capoten), Enalapril (Vasotec), Lisinopril (Prinivil, Zestril), Ramipril (Altace) និងផ្សេងទៀត។
– ពពួកថ្នាំ Angiotensin receptor blockers (ARBs)៖ ជាថ្នាំបញ្ចុះយសម្ពាធឈាមចុះមួយចំនួន អាចធ្វើឲ្យការបំផ្លាញប៉ូតាស្យូមក្នុងខ្លួនកើនឡើង។ ថ្នាំបំប៉នអ៊ីយ៉ូត ភាគច្រើនមានផ្ទុកប៉ូតាស្យូម។ ការលេបប៉ូតាស្យូមអ៊ីយ៉ូត ជាមួយថ្នាំបញ្ចុះសម្ពាធឈាមរួមគ្នា អាចធ្វើឲ្យមានកម្រិតប៉ូតាស្យូមលើសក្នុងខ្លួន។
ថ្នាំទាំងនោះរួមមាន Losartan (Cozaar), Valsartan (Diovan), Irbesartan (Avapro), Candesartan (Atacand), Telmisartan (Micardis) និង Eprosartan (Teveten)។
– ថ្នាំបញ្ចុះទឹកនោមប្រភេទ Potassium-sparing៖ អាហារបំប៉នធ្វើពីអ៊ីយ៉ូត មានផ្ទុកប៉ូតាស្យ៉ូម ខណៈថ្នាំបញ្ចុះទឹកនោមប្រភេទនេះ អាចធ្វើឲ្យកម្រិតប៉ូតាស្យូមក្នុងខ្លួនកើនឡើង។ បើលេបប៉ូតាស្យូមអ៊ីយ៉ូតជាមួយ អាចបណ្ដាលឲ្យលើសកម្រិតប៉ូតាស្យូមក្នុងខ្លួន។
ថ្នាំទាំងនោះរួមមាន Spironolactone (Aldactone), Triamterene (Dyrenium) និង Amiloride (Midamor)។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៨- កម្រិតប្រើធម្មតាម៉េចដែរ?
ពេទ្យណែនាំឲ្យប្រើកម្រិតដូចខាងក្រោម៖
តាមការលេប
– សម្រាប់គ្រោះថ្នាក់ដោយវិទ្យុសកម្ម៖ ប៉ូតាស្យូមអ៊ីយ៉ូត គួរលេបមុនពេល ឬលេបភ្លាមៗបន្ទាប់ពីគ្រោះថ្នាក់។ សារធាតុវិទ្យុសកម្មប៉ះពាល់ខ្លាំងទៅលើស្ត្រីមានផ្ទៃពោះ ឬកំពុងបំបៅកូន ក្មេងតូចៗ ហេតុនេះប្រើប៉ូតាស្យូមអ៊ីយ៉ូត គឺអាស្រ័យលើវិទ្យុសកម្មប៉ះពាល់ និងអាយុ។ គេវាស់ការប៉ះពាល់វិទ្យុសកម្មដោយ Centigrays (cGy)។ ចំពោះកូនក្មេង ទារក កុមារ វ័យជំទង់ និងអ្នកមានផ្ទៃពោះ ឬកំពុងបំបៅកូន គេនឹងឲ្យប៉ូតាស្យូមអ៊ីយ៉ូត ប្រសិនបើវិទ្យុសកម្មប៉ះពាល់ពី ៥ cGy ឬច្រើនជាងនេះ។ ម្យ៉ាងទៀតគេអាចកាត់គ្រាប់ថ្នាំដាក់លាយជាមួយទឹកក្រូច ឬទឹកដោះគោបានដែរ។
– ទារកពីពេលកើតដល់ ១ ខែ៖ ១៦មិល្លីក្រាម
– ទារកដល់កុមារលើសពី ១ខែ ដល់ ៣ ឆ្នាំ៖ ៣២មិល្លីក្រាម
– កុមារពី ៣-១២ ឆ្នាំ៖ ៦៥មិល្លីក្រាម
– ក្មេងពី ១២-១៨ ឆ្នាំ៖ ៦៥មិល្លីក្រាម ឬ ១២០មិល្លីក្រាម
– មានផ្ទៃពោះ ឬកំពុងបំបៅកូន៖ ១២០មិល្លីក្រាម
– មនុស្សពេញវ័យ ១៨-៤០ ឆ្នាំ ប៉ះពាល់ដល់ ១០ cGy ឬលើសនេះ៖ ១៣០មិល្លីក្រាម
– មនុស្សពេញវ័យលើសពី ៤០ឆ្នាំ ប៉ះពាល់ពី ៥០០ cGy ឬច្រើនជាងនេះ៖ ១៣០មិល្លីក្រាម
ចំនួនគ្រប់គ្រាន់នៅក្នុងអាហារចំពោះទារក៖
– ពី ០-៦ ខែ ១១០មីក្រូក្រាម/ថ្ងៃ
– ៧-១២ ខែ ១៣០មីក្រូក្រាម/ថ្ងៃ
សម្រាប់កុមារ និងវ័យជំទង់ បរិមាណរបបអាហារគេណែនាំ៖
– ក្មេង ១-៨ ឆ្នាំ ៩០មីក្រូក្រាម/ថ្ងៃ
– ពី ៩-១៣ ឆ្នាំ ១២០មីក្រូក្រាម/ថ្ងៃ
– ១៤ ឆ្នាំឡើង ១៥០មីក្រូក្រាម/ថ្ងៃ
– សម្រាប់ស្ត្រីមានផ្ទៃពោះ ២០៩មីក្រូក្រាម/ថ្ងៃ និងកំពុងបំបៅកូន ២៩០មីក្រូក្រាម/ថ្ងៃ។
កម្រិតខ្ពស់បំផុតអាចទទួលទាន ហើយមិនបង្កឲ្យផលវិបាក៖
– កុមារ ១-៣ ឆ្នាំ ២០០មីក្រូក្រាម/ថ្ងៃ
– ពី ៤-៨ ឆ្នាំ ៣០០មីក្រូក្រាម/ថ្ងៃ
– ពី ៩-១៣ ឆ្នាំ ៦០០មីក្រូក្រាម/ថ្ងៃ
– ពី ១៤-១៨ ឆ្នាំ (ទាំងមានផ្ទៃពោះ និងបំបៅកូន) ៩០០មីក្រូក្រាម/ថ្ងៃ។
-សម្រាប់មនុស្សពេញវ័យអាយុលើស ១៩ឆ្នាំ រួមបញ្ចូលទាំងអ្នកមានផ្ទៃពោះ និងកំពុងបំបៅកូន ១១០០មីក្រូក្រាម/ថ្ងៃ ។
កម្រិតថ្នាំលើមនុស្សម្នាក់ៗ គឺខុសៗគ្នា អាស្រ័យលើកត្តាអាយុ ស្ថានភាពសុខភាព និងជំងឺផ្សេងៗ។ ពពួកឱសថនេះ មិនមែនសុទ្ធតែមានសុវត្ថិភាពទាំងអស់ទេ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីដឹងពីកម្រិតថ្នាំត្រឹមត្រូវសម្រាប់យើង។
៩- អាចមានទម្រង់អីខ្លះ?
– ប៉ូតាស្យូមអ៊ីយ៉ូត ១៥០មីក្រូក្រាម
– ទឹកថ្នាំបន្តក់ Iodinehigh potency liquid drops ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]