ស្វែងយល់ពីការប្រើប្រាស់
១- អម្អិលជួយអីខ្លះដល់រាងកាយ?
អម្ពិលជាប្រភេទរុក្ខជាតិម្យ៉ាង ផ្លែរបស់វាស្ងួតហើយគេច្រើនយកមកធ្វើជាថ្នាំ។ គេនាំគ្នាញ៉ាំអម្ពិល ដើម្បីកុំឲ្យក្ដៀនលាមក ឬសម្រាប់អ្នកមានបញ្ហាថ្លើម ថង់ទឹកប្រមាត់ និងក្រពះ។ គេក៏អាចប្រើសម្រាប់ព្យាបាលជំងឺផ្តាសាយ និងក្តៅខ្លួនផងដែរ។ ពេលខ្លះស្រ្តី ប្រើវាសម្រាប់ព្យាបាលអាការៈក្អួតចង្អោរដោយសារមានផ្ទៃពោះ (ចាញ់គភ៌) និងព្យាបាលក្មេងមានព្រូនក្នុងពោះវៀនទៀតផង។
មួយវិញទៀត ជាតិខាប់នៃគ្រាប់អម្ពិលក៏ត្រូវគេយកមកធ្វើជាប្រដាប់អបឆ្អឹងបាក់ជាដើម។ ហើយសារធាតុចម្រាញ់ពីគ្រាប់អម្ពិល ត្រូវគេយកធ្វើជាថ្នាំសម្រាប់បន្តក់ភ្នែកកុំឲ្យស្ងួត។
បើនិយាយពីអាហារ និងភេសជ្ជៈវិញ គេប្រើបន្ថែមរសជាតិ សម្រាប់អាហារជាច្រើនមុខ ពិសេសនៅទ្វីបអាស៊ី។
២- វាដំណើរការម៉េច?
នៅពុំទាន់មានការសិក្សាច្បាស់លាស់ណាមួយនិយាយពីអំពើរបស់អម្ពិលនេះនៅឡើយទេ។ ទោះបីជា គេដឹងថា ក្នុងអម្ពិលមាននូវសារធាតុជួយបន្ទន់លាមក និងសកម្មភាពប្រឆាំងពពួកផ្សិត និងពួកបាក់តេរី។ យ៉ាងណាមិញ មុនពេលប្រើគួរតែពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន។
អ្នកស្រាវជ្រាវបានរកឃើញថា អម្ពិលអាចជួយព្យាបាលភ្នែកស្ងួតបាន ពីព្រោះវាមានសារធាតុស្រដៀងទៅនឹងកំហាប់ទឹកក្នុងភ្នែក អាចជួយការពារ និងផ្សើមផ្នែកខាងលើនៃភ្នែក។
កត្តាគួរប្រុងប្រយ័ត្ន
៣- មុនប្រើគួរដឹងអីខ្លះ?
មុនប្រើប្រាស់ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញខាងឱសថរុក្ខជាតិ ប្រសិនបើ៖
- កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន ដោយសារពេលពពោះ ឬបំបៅដោះកូន ត្រូវប្រើប្រាស់ថ្នាំឲ្យត្រូវតាមកម្រិតណែនាំរបស់គ្រូពេទ្យតែប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំអ្វីផ្សេង ថ្នាំទាំងនោះរាប់បញ្ចូលទាំងថ្នាំអ្នកទិញខ្លួន និងថ្នាំទិញតាមវេជ្ជបញ្ជា
– មានប្រតិកម្មជាមួយអម្ពិល ថ្នាំពេទ្យ ឬមានប្រតិកម្មជាមួយឱសថបុរាណដទៃ
– កំពុងមានជំងឺប្រចាំកាយ ឬមានបញ្ហាសុខភាពអ្វីមួយ ពិសេសមានក្រួសក្នុងប្រមាត់ជាដើម
– ធ្លាប់មានប្រតិកម្មជាមួយអាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬជាមួយសត្វ។
លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់លើឱសថបុរាណ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់លើថ្នាំពេទ្យទេ។ ដូចនេះគេត្រូវការ សិក្សាបន្ថែមដើម្បីដឹងពីសុវត្ថិភាពប្រើប្រាស់ឱសថបុរាណ។ គុណសម្បត្តិនៃការប្រើឱសថនេះ ត្រូវច្រើនជាងផលប៉ះពាល់មុនពេលប្រើវា។ សូមពិគ្រោះជាមួយអ្នកជំនាញខាងឱសថរុក្ខជាតិ ឬគ្រូពេទ្យបន្ថែម។
៤- មានសុវត្ថិភាពកម្រិតណា?
ប្រសិនបើញ៉ាំជាអាហារ គឺមានសុវត្ថិភាព ប៉ុន្តែបើញ៉ាំវាធ្វើជាថ្នាំនោះ ពុំទាន់មានការសិក្សាណាមួយបញ្ជាក់ពីសុវត្ថិភាព ឬមានផលប៉ះពាល់អ្វីខ្លះនោះទេ។
៥- គួរប្រុងប្រយ័ត្ន
– ចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូន៖ ពុំទាន់មានការសិក្សាច្បាស់ពីផលប៉ះពាល់របស់វានៅឡើយទេ ដូចនេះដើម្បីសុវត្ថិភាពសូមកុំប្រើ។
– អ្នកជំងឺទឹកនោមផ្អែម៖ អម្ពិលធ្វើឲ្យជាតិស្ករក្នុងឈាមអ្នកថយចុះ អាចប៉ះពាល់ដល់ការគ្រប់គ្រងជាតិស្ករបាន ហេតុនេះបើប្រើអម្ពិលពេលមានជំងឺទឹកនោមផ្អែម គួរតែតាមដានកម្រិតជាតិស្ករឲ្យបានជាប់លាប់ និងត្រូវដូរកម្រិតថ្នាំបញ្ចុះជាតិស្ករប្រចាំថ្ងៃផងដែរ។
– ការវះកាត់៖ ដោយសារតែអម្ពិលធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមមានការថយចុះ ដូចនេះវាអាចប៉ះពាល់ដល់ការគ្រប់គ្រងជាតិស្ករអំឡុងពេលវះ ឬក្រោយការវះកាត់បាន។ គួរតែឈប់ញ៉ាំអម្ពិលរយៈពេល ២សប្តាហ៍ មុនពេលវះកាត់។
ស្វែងយល់ពីផលរំខាន
៦- មានផលរំខានអីខ្លះ?
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- មានអន្តរកម្មជាមួយអីខ្លះ?
អម្ពិលអាចមានអន្តរកម្មជាមួយថ្នាំផ្សេងទៀត ដូចនេះមុនពេលប្រើគួរពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន។
ថ្នាំដែលមានអន្តរកម្មជាមួយអម្ពិលមានដូចជា៖
– Aspirin៖ ការញ៉ាំអម្ពិលជាមួយ Aspirin អាចធ្វើឲ្យរាងកាយស្រូបជាតិថ្នាំបានកាន់តែច្រើន ហើយឱកាសលេចចេញនូវផលរំខានពីថ្នាំ Aspirin ក៏កើនឡើងដែរ។
– Ibuprofen៖ ការញ៉ាំអម្ពិលជាមួយថ្នាំ Ibuprofen អាចធ្វើឲ្យរាងកាយស្រូបជាតិថ្នាំបានកាន់តែច្រើន ហើយឱកាសលេចចេញនូវផលរំខានពីថ្នាំ Ibuprofen ក៏កើនឡើងដែរ។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៨- កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតថ្នាំលើមនុស្សម្នាក់ៗ គឺខុសៗគ្នា អាស្រ័យលើកត្តាអាយុ ស្ថានភាពសុខភាព និងជំងឺផ្សេងៗ។ ពពួកឱសថនេះ មិនមែនសុទ្ធតែមានសុវត្ថិភាពទាំងអស់ទេ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីដឹងពីកម្រិតថ្នាំត្រឹមត្រូវសម្រាប់យើង។
៩- អាចមានទម្រង់អីខ្លះ?
អម្ពិលមានទម្រង់ជា៖
– អម្ពិលស្រស់
– ទឹកអម្ពិលខាប់
– អម្ពិលចម្រាញ់ជាទឹក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]