Chia seed (គ្រាប់ជីរ)
ស្វែងយល់ពីការប្រើប្រាស់
១- គ្រាប់ជីរជួយអីខ្លះដល់រាងកាយ?
គ្រាប់ជីរ (Chia Seed) ត្រូវគេយកមកធ្វើថ្នាំបុរាណព្យាបាលជំងឺយូរណាស់មកហើយ។ គ្រាប់ធញ្ញជាតិប្រភេទនេះ មានដើមកំណើតនៅប្រទេសម៉ិចស៊ិក ហើយត្រូវជនជាតិ Aztecs ដាំដុះ។ បច្ចុប្បន្ន គ្រាប់ជីរ ត្រូវគេដាំនៅគ្រប់ទីកន្លែងក្នុងតំបន់អាមេរិកកណ្តាល និងភាគខាងត្បូង។ គេដាំយកគ្រាប់ ព្រោះសម្បូរទៅដោយអាស៊ីដខ្លាញ់អូមេហ្គា ៣។
គេយកគ្រាប់ជីរទៅព្យាបាលជំងឺទឹកនោមផ្អែម លើសឈាម កាត់បន្ថយហានិភ័យកើតជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។
២– វាដំណើរការម៉េច?
មកដល់ពេលនេះ មិនទាន់មានការសិក្សាណាមួយបញ្ជាក់ច្បាស់ពីប្រសិទ្ធភាពរបស់គ្រាប់ជីរនៅឡើយ។ ដូច្នេះ គួរសួរគ្រូពេទ្យ ឬពេទ្យថ្នាំបូរាណ មុនពេលប្រើ។ យ៉ាងណាក៏ដោយ គេត្រឹមដឹងថា គ្រាប់ជីរ សម្បូរអាស៊ីដខ្លាញ់អូមេហ្កា ៣ និងជាតិសរសៃច្រើន។ ក្រុមអ្នកស្រាវជ្រាវលើកឡើងថា អាស៊ីដអូមេហ្គា ៣ និងជាតិកាកសរសៃ ជួយកាត់បន្ថយហានិភ័យកើតជំងឺបេះដូង។
កត្តាគួរប្រុងប្រយ័ត្ន
៣– មុនប្រើគួរដឹងអីខ្លះ?
មុនយកគ្រាប់ជីរធ្វើជាថ្នាំព្យាបាល ត្រូវពិគ្រោះជាមួយគ្រូពេទ្យ ឱសថការី ឬពេទ្យថ្នាំបុរាណជាមុន បើសិន៖៖
– កំពុងប្រើថ្នាំអ្វីផ្សេងៗ រួមទាំងថ្នាំអ្នកទិញដោយគ្មានវេជ្ជបញ្ជា
– មានប្រតិកម្មជាមួយគ្រាប់ជីរ ថ្នាំពេទ្យ ឬថ្នាំបុរាណផ្សេងៗ
– កំពុងមានជំងឺប្រចាំកាយ ឬបញ្ហាសុខភាពអ្វីមួយ
– ធ្លាប់មានប្រតិកម្មជាមួយអាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬសត្វ
– កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន ព្រោះសារស្ត្រីមានផ្ទៃពោះ ឬកំពុងបំបៅដោះកូន ត្រូវប្រើថ្នាំតាមការណែនាំរបស់ពេទ្យ ដើម្បីសុវត្ថិភាព។
លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់លើឱសថបុរាណ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់លើថ្នាំពេទ្យទេ។ ដូចនេះគេត្រូវការ សិក្សាបន្ថែមដើម្បីដឹងពីសុវត្ថិភាពប្រើប្រាស់ឱសថបុរាណ។ គុណសម្បត្តិនៃការប្រើឱសថនេះ ត្រូវច្រើនជាងផលប៉ះពាល់មុនពេលប្រើវា។ សូមពិគ្រោះជាមួយអ្នកជំនាញខាងឱសថរុក្ខជាតិ ឬគ្រូពេទ្យបន្ថែម។
៤– មានសុវត្ថិភាពកម្រិតណា?
យើងអាចញ៉ាំគ្រាប់ជីរ ដោយមានសុវត្ថិភាពរហូតដល់ ១២ សប្ដាហ៍ឯណោះ និងអាចលាបលើស្បែកដល់ទៅ ៨ សប្ដាហ៍។ ប៉ុន្តែ មិនទាន់មានការបញ្ជាក់ណាមួយពីសុវត្ថិភាព ពេលប្រើកាន់តែយូរនោះឡើយ។
៥- គួរប្រុងប្រយ័ត្ន
– សម្រាប់ស្រ្តីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូន៖ មកដល់ពេលនេះ មិនទាន់មានការស្រាវជ្រាវបញ្ជាក់ច្បាស់ជុំវិញការប្រើគ្រាប់ជីរជាថ្នាំបុរាណ អំឡុងពេលពពោះ និងបំបៅដោះកូននៅឡើយ។ ដូច្នេះ ដើម្បីសុវត្ថិភាព ចៀសវាងប្រើប្រាស់។
– សម្រាប់អ្នកលើសជាតិខ្លាញ់ទ្រីគ្លីស៊ីរីត (ខ្លាញ់អាក្រក់ក្នុងសរសៃឈាម)៖ នៅក្នុងឈាម មានជាតិខ្លាញ់ជាច្រើនប្រភេទ ដូចជា កូលេស្ដេរ៉ុល (ខ្លាញ់អាក្រក់ក្នុងសរសៃឈាមបេះដូង) និងទ្រីគ្លីស៊ីរីត។ អ្នកខ្លះមានខ្លាញ់ទ្រីគ្លីស៊ីរីតខ្ពស់ខ្លាំងនៅក្នុងខ្លួន។ ញ៉ាំគ្រាប់ជីរប្រភេទមួយចំនួន អាចធ្វើឲ្យជាតិខ្លាញ់ទាំងនោះកើនឡើងកាន់តែខ្ពស់។ បើមានបញ្ហាលើសខ្លាញ់ទ្រីគ្លីស៊ីរីត យើងអាចប្រើគ្រាប់ជីរមួយប្រភេទមានឈ្មោះ Salba។ គ្រាប់ជីរ Salba មិនធ្វើឲ្យខ្លាញ់ទ្រីគ្លីស៊ីរីតកើនឡើងច្រើននោះទេ។
– មានមហារីកក្រពេញប្រូស្តាត៖ គ្រាប់ជីរមានផ្ទុកអាស៊ីដអាល់ហ្វាលីណូលេនិក (Alpha-linolenic acid)។ ការស្រាវជ្រាវមួយចំនួនបង្ហាញថា អាហារដែលមានអាស៊ីដអាល់ហ្វាលីណូលេនិកច្រើន អាចបង្កើនហានិភ័យកើតមហារីកក្រពេញប្រូស្តាត។ បើកំពុងមានមហារីកក្រពេញប្រូស្តាត ឬមានហានិភ័យអាចកើតជំងឺនេះ មិនគួរញ៉ាំគ្រាប់ជីរច្រើនពេកទេ។
ស្វែងយល់ពីផលរំខាន
៦– មានផលរំខានអីខ្លះ?
បើមានចម្ងល់ជុំវិញផលរំខានរបស់គ្រាប់ជីរ សូមសាកសួរពេទ្យ ឬពេទ្យថ្នាំបុរាណ។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧– មានអន្តរកម្មជាមួយអីខ្លះ?
គ្រាប់ជីរអាចមានអន្តរកម្មជាមួយថ្នាំដែលយើងកំពុងប្រើ ឬជាមួយបញ្ហាសុខភាពរបស់យើង។ គួរពិភាក្សាជាមួយគ្រូពេទ្យ ឬគ្រូពេទ្យថ្នាំបុរាណ មុនប្រើប្រាស់។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានដែលយើងផ្តល់ឲ្យនេះ មិនរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវពិគ្រោះជាមួយគ្រូពេទ្យ ឬពេទ្យថ្នាំបុរាណ មុនពេលប្រើថ្នាំមួយនេះ។
៨– កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតថ្នាំលើមនុស្សម្នាក់ៗ គឺខុសៗគ្នា អាស្រ័យលើកត្តាអាយុ ស្ថានភាពសុខភាព និងជំងឺផ្សេងៗ។ ពពួកឱសថនេះ មិនមែនសុទ្ធតែមានសុវត្ថិភាពទាំងអស់ទេ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីដឹងពីកម្រិតថ្នាំត្រឹមត្រូវសម្រាប់យើង។
៩– អាចមានទម្រង់អីខ្លះ?
គ្រាប់ជីរ មានជាប្រភេទដូចខាងក្រោម៖
– គ្រាប់ជីរស្រស់
– គ្រាប់ថ្នាំទន់ចម្រាញ់ពីគ្រាប់ជីរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕