ស្វែងយល់ពីការប្រើប្រាស់
១- ខ្ទឹមបារាំងត្រូវបានប្រើប្រាស់ដើម្បីអ្វី?
ខ្ទឹមបារាំង គឺប្រភេទរុក្ខជាតិ មើមរបស់វាត្រូវបានយកមកធ្វើជាថ្នាំសង្កូវ ដើម្បីព្យាបាលបញ្ហាសុខភាពមួយចំនួន ដូចជា៖
– ព្យាបាលបញ្ហារំលាយអាហារ ដូចជា មិនឃ្លានអាហារ ឆ្អល់ពោះ និងវិបត្តិថង់ទឹកប្រមាត់។
– ព្យាបាលបញ្ហាបេះដូង និងសរសៃឈាម ដូចជា ចុកទ្រូង (Angina) និងសម្ពាធឈាមខ្ពស់។
– បង្ការការឡើងកម្រាស់សរសៃអាកទែ (Atherosclerosis)។
– ព្យាបាល ដំបៅមាត់ និងបំពង់ក ក្អកមាន់ រលាកទងសួត ជំងឺហឺត បាត់បង់ជាតិទឹក ហ្គាសក្នុងពោះវៀនតូច ដង្កូវប៉ារ៉ាស៊ីត និងជំងឺទឹកនោមផ្អែម។
– ពេលខ្លះគេប្រើដើម្បីធ្វើជាថ្នាំបញ្ចុះទឹកនោម។
ខ្ទឹមបារាំង ក៏ត្រូវគេប្រើ បិតផ្ទាល់ទៅលើស្បែកពេលសត្វល្អិតខាំ ដំបៅ រលាកសើស្បែក រលាកទឹកក្ដៅ ឫស និងរបួសស្នាម។ សម្រាប់អាហារ ខ្ទឹមបារាំងត្រូវបានប្រើប្រាស់ក្នុងមុខម្ហូបជាច្រើន ហើយនៅក្នុងចង្វាក់ផលិតកម្មវិញ ប្រេងខ្ទឹមបារាំង ត្រូវប្រើប្រាស់បង្កើនរសជាតិអាហារ។
២- ខ្ទឹមបារាំងដំណើរការយ៉ាងម៉េច?
ខ្ទឹមបារាំង អាចជួយក្នុងការកាត់បន្ថយកម្រិតកូលេស្តេរ៉ូល ដែលជាកត្តាហានិភ័យ ធ្វើឲ្យឡើងកម្រាស់សរសៃអាកទែ។ នៅមានភស្តុតាងខ្លះទៀតបញ្ជាក់ថា ខ្ទឹមបារាំង អាចកាត់បន្ថយអាការៈស្ទះដង្ហើម សម្រាប់អ្នកមានជំងឺហឺត។ ទោះយ៉ាងណាក៏ដោយ នៅមិនទាន់មានការសិក្សាគ្រប់គ្រាន់ពីមុខងារធ្វើការរបស់ខ្ទឹមបារាំងនៅឡើយ។ សូមពិគ្រោះយោបល់បន្ថែមជាមួយគ្រូឱសថរុក្ខជាតិ ឬគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
កត្តាគួរប្រុងប្រយ័ត្ន
៣- គួរដឹងអ្វីខ្លះមុនពេលប្រើខ្ទឹមបារាំង?
មុនប្រើប្រាស់ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញខាងឱសថរុក្ខជាតិ ប្រសិនបើ៖
- កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន ដោយសារពេលពពោះ ឬបំបៅដោះកូន ត្រូវប្រើប្រាស់ថ្នាំឲ្យត្រូវតាមកម្រិតណែនាំរបស់គ្រូពេទ្យតែប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំអ្វីផ្សេង ថ្នាំទាំងនោះរាប់បញ្ចូលទាំងថ្នាំអ្នកទិញខ្លួន និងថ្នាំទិញតាមវេជ្ជបញ្ជា
– មានប្រតិកម្មជាមួយខ្ទឹមបារាំង ថ្នាំពេទ្យ ឬមានប្រតិកម្មជាមួយឱសថបុរាណដទៃ
– កំពុងមានជំងឺប្រចាំកាយ ឬមានបញ្ហាសុខភាពអ្វីមួយ ពិសេសមានក្រួសក្នុងប្រមាត់ជាដើម
– ធ្លាប់មានប្រតិកម្មជាមួយអាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬជាមួយសត្វ។
លក្ខខណ្ឌក្នុងការចុះបញ្ជីការផ្លូវច្បាប់សម្រាប់ឱសថបំប៉នមិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ដូចនេះគួរតែមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថបំប៉នទាំងនេះ។ អ្នកត្រូវប្រាកដថាអត្ថប្រយោជន៍នៃការប្រើថ្នាំនេះខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីអាចដឹងពីព័ត៌មានបន្ថែម។
៤- មានសុវត្ថិភាពកម្រិតណា?
ខ្ទឹមបារាំងគឺច្រើនតែមានសុវត្ថិភាពនៅពេលបរិភោគក្នុងចំនួនសមរម្យដែលប្រើប្រាស់ក្នុងម្ហូបអាហារឬប្រើបិតលើស្បែក។ វាអាចមានសុវត្ថិភាពចំពោះមនុស្សភាគច្រើននៅពេលបរិភោគក្នុងចំនួនច្រើន។ ការប្រើប្រាស់រហូតដល់ចំនួនអតិបរមា ៣៥មិល្លីក្រាមនៃគ្រឿងផ្សំរបស់ខ្ទឹមបារាំង”ឌីហ្វេនីលឡាមីន”ក្នុង១ថ្ងៃរយៈពេលច្រើនខែគឺច្រើនតែមានសុវត្ថិភាព។
៥- កត្តាគួរប្រុងប្រយ័ត្ន
– ស្ត្រីមានគភ៌ និងបំបៅដោះ៖ នៅមិនទាន់មានព័ត៌មានច្បាស់លាស់ គួរឲ្យទុកចិត្តពីសុវត្ថិភាពប្រើប្រាស់ខ្ទឹមបារាំង ធ្វើជាថ្នាំសង្កូវចំពោះស្រីៗមានគភ៌ ឬកំពុងបំបៅដោះនៅឡើយទេ។ ដើម្បីសុវត្ថិភាព គួរចៀសវាងប្រើខ្ទឹមបារាំងក្នុងបរិមាណច្រើន ជាងបរិមាណក្នុងម្ហូបអាហារធម្មតា។
– វិបត្តិកំណកឈាម៖ ខ្ទឹមបារាំងអាចធ្វើឲ្យកំណកឈាមថយចុះ។ មានការព្រួយបារម្ភថា ខ្ទឹមបារាំង អាចធ្វើឲ្យកើនឡើងគ្រោះថ្នាក់ហូរឈាមច្រើន នៅពេលប្រើជាមួយនឹងថ្នាំពេទ្យ។ ហាមប្រើខ្ទឹមបារាំង ក្នុងបរិមាណធ្វើជាថ្នាំ ឬសារធាតុបន្សុទ្ធ ចេញពីខ្ទឹមបារាំង បើមានការប្រឈមវិបត្តិកំណកឈាម។
– ជំងឺទឹកនោមផ្អែម៖ ខ្ទឹមបារាំង អាចជួយបន្ថយកម្រិតជាតិស្ករក្នុងឈាម បើមានជំងឺទឹកនោមផ្អែម និងប្រើប្រាស់ខ្ទឹមបារាំងក្នុងកម្រិតជាថ្នាំ គួរតែពិនិត្យជាតិស្ករឲ្យបានប្រុងប្រយ័ត្ន។
– វះកាត់៖ ខ្ទឹមបារាំង អាចធ្វើឲ្យកំណកឈាមមានការថយចុះ និងបន្ថយកម្រិតជាតិស្ករក្នុងឈាម។ តាមទ្រឹស្តី ខ្ទឹមបារាំង អាចបង្កើនហានិភ័យហូរឈាម ឬប៉ះពាល់នឹងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម អំឡុង និងក្រោយពេលវះកាត់។ ឈប់ប្រើប្រាស់ខ្ទឹមបារាំង ធ្វើជាថ្នាំសង្កូវហោចណាស់ ២សប្ដាហ៍ មុនពេលកំណត់វះកាត់។
ស្វែងយល់ពីផលរំខាន
៦- ខ្ទឹមបារាំងមានផលរំខានអ្វីខ្លះ?
ខ្ទឹមបារាំង អាចបណ្តាលឲ្យមានអាលែកហ្ស៊ី។ មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
អត្ថបទពាក់ព័ន្ធ៖
- ស្លឹកខ្ទឹម (Chive)
- ពពាយជ្រុង (Winged bean)
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- ខ្ទឹមបារាំងអាចមានអន្តរកម្មអ្វីខ្លះ?
ខ្ទឹមបារាំងអាចមានអន្តរកម្មជាមួយថ្នាំយើងប្រើប្រាស់បច្ចុប្បន្ន ឬស្ថានភាពជំងឺយើងកំពុងមាន។ ប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យជំនាញ មុននឹងប្រើប្រាស់ឱសថរុក្ខជាតិប្រភេទនេះ។ ខណៈថ្នាំអាចមានអន្តរកម្មជាមួយខ្ទឹមបារាំង មានដូចជា៖
– ថ្នាំ Aspirin៖ មនុស្សមួយចំនួន អាចមានប្រតិកម្មជាមួយខ្ទឹមបារាំង ហើយថ្នាំអាស្ពីរីន អាចធ្វើឲ្យយើងកាន់តែមានប្រតិកម្មខ្លាំង។ ករណីនេះ ត្រូវបានរាយការណ៍ទៅកាន់គ្រូពេទ្យ ប៉ុន្តែដើម្បីសុវត្ថិភាព បើមានប្រតិកម្មជាមួយខ្ទឹមបារាំង មិនគួរលេបថ្នាំ Aspirin និងប្រើខ្ទឹមបារាំង ក្នុងពេលជាមួយគ្នាន៉ោះទេ។
– ថ្នាំ Lithium៖ ខ្ទឹមបារាំង អាចមានប្រសិទ្ធភាព ដូចជា ថ្នាំបញ្ចុះទឹកនោមដែរ។ ញ៉ាំខ្ទឹមបារាំង អាចកាត់បន្ថយការបញ្ចេញចោលនៃសារធាតុ Lithium។ សកម្មភាពបែបនេះ អាចបង្កើនកម្រិតជាតិ Lithium នៅក្នុងរាងកាយ និងមានផលប៉ះពាល់ធ្ងន់ធ្ងរ។ ប្រឹក្សាជាមួយគ្រូពេទ្យ មុននឹងប្រើប្រាស់ផលិតផលនេះ បើមានលេបថ្នាំ Lithium។ កម្រិតដូសថ្នាំ Lithium របស់យើងអាចនឹងត្រូវផ្លាស់ប្ដូរ។
– ថ្នាំព្យាបាលជំងឺទឹកនោមផ្អែម (Antidiabetes drugs)៖ ខ្ទឹមបារាំង អាចកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម ខណៈថ្នាំទឹកនោមផ្អែម ក៏អាចប្រើប្រាស់បន្ថយជាតិស្ករបានដែរ។ ញ៉ាំខ្ទឹមបារាំង ជាមួយថ្នាំទឹកនោមផ្អែម អាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមចុះកាន់តែទាប។ ពិនិត្យកម្រិតជាតិស្ករឲ្យបានម៉ត់ចត់ ខណៈកម្រិតដូសថ្នាំទឹកនោមផ្អែម អាចនឹងត្រូវផ្លាស់ប្ដូរ។ ថ្នាំប្រើប្រាស់សម្រាប់ជំងឺទឹកនោមផ្អែម រួមមាន Glimepiride (Amaryl), Glyburide (DiaBeta, Glynase PresTab, Micronase), Insulin, Pioglitazone (Actos), Rosiglitazone (Avandia), Chlorpropamide (Diabinese), Glipizide (Glucotrol), Tolbutamide (Orinase), និងផ្សេងទៀត។
– ថ្នាំពន្យឺតកំណកឈាម (Anticoagulant/Antiplatelet drugs)៖ ខ្ទឹមបារាំង អាចធ្វើឲ្យឈាមក្រកក។ ញ៉ាំខ្ទឹមបារាំង ជាមួយថ្នាំពន្យឺតកំណកឈាម អាចធ្វើឲ្យមានរបួសស្នាម និងហូរឈាម ខណៈថ្នាំពន្យឺតកំណកឈាម រួមមាន Aspirin, Clopidogrel (Plavix), Diclofenac (Voltaren, Cataflam, others), Ibuprofen (Advil, Motrin, others), Naproxen (Anaprox, Naprosyn, others), Dalteparin (Fragmin), Enoxaparin (Lovenox), Heparin, Warfarin (Coumadin), និងផ្សេងទៀត។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៨- កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតដូសក្នុងការបរិភោគខ្ទឹមបារាំង អាចមានលក្ខណៈខុសគ្នាសម្រាប់អ្នកជំងឺម្នាក់ៗ។ អាស្រ័យលើកត្តាអាយុ ស្ថានភាពសុខភាព និងជំងឺផ្សេងៗ។ ពពួកឱសថនេះ មិនមែនសុទ្ធតែមានសុវត្ថិភាពទាំងអស់ទេ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីដឹងពីកម្រិតថ្នាំត្រឹមត្រូវសម្រាប់យើង។
៩- អាចមានទម្រង់អីខ្លះ?
ខ្ទឹមបារាំង អាចរកជាវបានក្នុងទម្រង់ជា៖
– ថ្នាំកាប់ស៊ុល
– ចម្រាញ់ជាសារធាតុរាវ
– ទឹកសេរ៉ូ
– ម្សៅ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាព អ្នកជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]