ហេតុអ្វីបានជាស្ត្រីឈឺក្បាលប្រកាំងច្រើនជាងបុរស?
ស្ត្រីឈឺក្បាលប្រកាំងច្រើនជាងបុរសគឺដោយសារតែ៖
- កត្តាអ័រម៉ូន៖ នៅពេលដែលអ័រម៉ូនភេទស្ត្រីឡើងខ្ពស់ អាចឈឺក្បាលប្រកាំង។
- ភាពហត់នឿយ៖ ពេលស្ត្រីធ្វើការច្រើន អាចហត់ អស់កម្លាំងក៏ធ្វើឱ្យឈឺក្បាលប្រកាំងដែរ។
- សុខភាពស្ត្រីខ្សោយជាងបុរស៖ បុរសរឹងប៉ឹងជាងស្ត្រី ដូច្នេះបុរសអាចសុំានឹងការឈឺក្បាលប្រកាំងបាន។
ឈឺក្បាលប្រកាំងអាចព្យាបាលបានទេ?
ការឈឺក្បាលប្រកាំងមិនអាចជាដាច់ទេ ប៉ុន្តែយើងអាចចៀសវាងបាន។ ការព្យាបាលដែលមានប្រសិទ្ធភាពគឺការការពារខ្លួន។ មូលហេតុដែលធ្វើឱ្យមនុស្សម្នាក់ៗឈឺក្បាលប្រកាំងគឺខុសៗគ្នាដូចបានរៀបរាប់ខាងលើ ដូច្នេះបើយើងគិតថាយើងជិតឈឺក្បាលប្រកាំងហើយ យើងត្រូវបញ្ឈប់សកម្មភាពដែលយើងកំពុងធ្វើភា្លម រួចឈ្លីនៅត្រង់ក ឬត្រង់កន្លែងឈឺ។ បន្ទាប់មកទៅរកកន្លែងសម្រាកដែលមានអុកស៊ីសែនគ្រប់គ្រាន់ ស្ងាត់ និងងងឹតដើម្បីឱ្យភ្នែកយើងកុំមានសកម្មភាពតទៅទៀត។ រួចអាចញុំាថ្នាំដូចជា ពពួកប៉ារ៉ាសេតាមុល ឬថ្នាំបំបាត់ការឈឺចាប់ ១ គ្រាប់ ហើយគេង ពេលយើងភ្ញាក់មកវិញនឹងស្រឡះក្បាលលែងឈឺហើយ។
តើការឈឺក្បាលប្រកាំងអាចធ្វើប៉ះពាល់ដល់អាយុជីវិតដែរឬទេ?
ការឈឺក្បាលប្រកាំងមិនប៉ះពាល់ដល់អាយុជីវិតទេ បើនិយាយពីភាគរយ ប៉ុន្តែឱសថការីរូបនេះបានដាស់តឿនដល់អ្នកដែលមានអាការៈឈឺក្បាលប្រកាំងហើយមានជំងឺលើសឈាមឱ្យប្រុងប្រយ័ត្នខ្ពស់ ព្រោះពេលឈឺក្បាលប្រកាំងសរសៃឈាមរួមតូច ហើយអាចដាច់។