១. បន្តក់ទឹកដោះលើភ្នែកកូន
ម៉ាក់ៗដែលកើតកូនតាមធម្មជាតិ អាអូនមានបញ្ហាភ្នែកច្រើនជាងសម្រាលដោយវះកាត់។ នៅពេលកូនស្អិតភ្នែក មានអាចម៍ភ្នែកនោះ ចាស់ៗ ឬម៉ាក់ៗមួយចំនួនបានបន្តក់ទឹកដោះម្តាយចូលភ្នែកកូន ដោយជឿថាទឹកដោះម្តាយល្អ ជាថ្នាំព្យាបាលភ្នែកដ៏សក្តិសិទ្ធ។ ជំនឿបែបនេះមិនសមហេតុសមផលឡើយ ហើយបច្ចុប្បន្នថ្នាំសង្កូវក៏សម្បូរបែបដែរ។ ការបន្តក់ទឹកដោះលើភ្នែករឹតតែធ្វើឲ្យភ្នែកស្អិត ហើម និងរលាកភ្នែក។ ភ្នែកកូនតូចឈឺ គ្រូពេទ្យបានណែនាំឲ្យបន្តក់សេរ៉ូមប្រៃ ឬបើមានបញ្ហាធ្ងន់ធ្ងរ ត្រូវនាំកូនទៅពេទ្យ។
២. ច្របាច់គ្រាប់ដោះកូន
ចាស់ៗសម័យមុន គឺឲ្យតែទារកទើបនឹងកើត ត្រូវច្របាច់ក្បាលដោះកូនឲ្យចេញគ្រាប់ ចៀសវាងពេលធំទៅដោះប្រែជាធំរយីករយាក ឬកើតជំងឺផ្សេងៗនៅកន្លែងនោះ ហើយមិនថាជាកូនប្រុស ឬស្រីឡើយឲ្យតែកើតមក ត្រូវធ្វើបែបនេះភ្លាម។ ការច្របាច់ក្បាលដោះកូន ប្រៀបដូចជានាំមេរោគឲ្យកូនដែរដោយសារមានការដាច់រលាត់ស្បែក ព្រោះបើដៃមិនស្អាត មេរោគនឹងជ្រៀតចូលទៅភ្លាម ហើយបើទោះជាដៃលាងសម្អាត ក៏មេរោគអាចចូលតាមធូលី ខ្យល់ ឬសម្លៀកបំពាក់កូនកកិតប៉ះចុះឡើងនៅកន្លែងនោះ។ នៅពេលក្បាលដោះកូនឆ្លងមេរោគ វាមានរោគសញ្ញាដូចជា ហើម ឡើងក្រហម មានខ្ទុះ និងក្ដៅខ្លួនជាដើម ដូចនេះប្រសិនបើឃើញកូនមានដោះធំ មិនចាំបាច់ទៅភ័យព្រួយអ្វីឡើយ។ ជាធម្មតាកូនដែលថ្លោស ដោះក៏ធំដែរ ព្រោះតែមានសាច់ច្រើន។