តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

សញ្ញា​ទាំង​នេះ​ បញ្ជាក់​ថា​កូន​តូច​អាច​​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​​​​​​​​​​​​​​​​​​​​​​​​​​​​​

    សញ្ញា​ទាំង​នេះ​ បញ្ជាក់​ថា​កូន​តូច​អាច​​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ទារក​ និង​ក្មេង​តូចៗ​មិន​អាច​ប្រាប់​យើង​បាន​ទេ​ថា​ ពួក​គេ​​មិន​ស្រួល​ខ្លួន​។​ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​​គប្បី​សង្កេត​មើល​សញ្ញា​ និង​រោគ​សញ្ញា​មួយ​ចំនួន​ ដែល​អាច​បញ្ជាក់​ថា​ ពួក​គេ​កំពុង​ស្ថិត​ក្នុង​​ហានិភ័យ​ខ្ពស់​​នៃ​ការ​កើត​ជំងឺ​ធ្ងន់ធ្ងរ​។

    សញ្ញា​ទាំង​នេះ​ បង្ហាញ​ថា​ក្មេង​អាច​មាន​សញ្ញា​សុខភាព​ធ្ងន់ធ្ងរ​

    • ងងុយ​គេង​ ឬ​មិន​មាន​ការ​ឆ្លើយ​តប
    • ​យំ​ខ្លាំង​ៗ ខ្សោយ​ ឬ​យំ​មិន​បាត់​
    • ពិបាក​ដក​ដង្ហើម​ ឬ​ដកដង្ហើម​ខុស​ប្រក្រតី​
    • ស្លេកស្លាំង​ ​មាន​ស្នាម​ដុំ​ៗ​​លើ​ស្បែក​ ឬ​ស្បែក​ពណ៌​ខៀវ​
    • ប្រកាច់​ ឬ​​ឆ្កួត​ជ្រូក​
    • កន្ទួល​ដែល​មិន​បាត់​ទៅ​វិញ​ នៅ​ពេល​ដែល​យើង​ចុច​លើ​ស្បែក​របស់​ក្មេង

    ​ខាង​ក្រោម​ជាព័ត៌មាន​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​សញ្ញា​គ្រោះថ្នាក់​ទាំង​នេះ​៖​

    ងងុយ​គេង​ ឬ​មិន​មាន​ការ​ឆ្លើយ​តប

    ​វា​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​នៅ​ពេល​ដែល​ក្មេង​ងងុយ​គេង​នៅ​ពេល​ខ្លះ​។​ ប៉ុន្តែ​ប្រសិនបើ​​ក្មេង​មាន​អាការៈ​ងងុយ​គេង​​ខុស​ប្រក្រតី​ នេះ​អាច​ជា​សញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ​ដែល​កើត​ចំពោះ​ក្មេង​។ ប្រសិនបើ​ម៉ាក់​ៗ​ព្យាយាម​ដាស់​កូន​ឲ្យ​ភ្ញាក់​​ជា​ច្រើន​ដង​​ហើយ​​នៅ​តែ​មិន​មាន​ប្រតិកម្ម​ទាល់​តែ​សោះ​ ចូរ​ប្រញាប់​បញ្ជូន​កូន​ទៅ​កាន់​មន្ទីរពេទ្យ​ជា​បន្ទាន់​។​ អាការៈ​​នេះ​ អាច​ជា​សញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ​ រួម​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​ ឬ​ការ​ឆ្លង​មេរោគ​ខួរ​ក្បាល​ដែល​អាច​គំរាមកំហែង​ដល់​អាយុ​ជីវិត​របស់​ក្មេង​។

    យំ​មានសម្លេង​ខ្លាំងៗ ខ្សោយ​ ឬ​យំ​មិន​បាត់​

    រាល់​ទារក​ និង​ក្មេង​តូច​ៗ​គឺ​តែងតែ​យំ​ជា​​ធម្មតា​។​ ប៉ុន្តែ​បើ​កូន​​យំ​ខុស​ប្លែក​ពី​រាល់​ដង​ ដោយ​យំ​មិន​បាត់​សោះ​ ម៉ា់ក់ៗ​គប្បី​តាមដាន​សភាព​ក្មេង​ឲ្យ​បាន​ដិតដល់​។

    ទារកឈឺ២

    ពិបាក​ក្នុង​ការ​ដក​ដង្ហើម​ ឬ​ដកដង្ហើម​ខុស​ប្រក្រតី

    ប្រសិនបើ​ក្មេង​មាន​អាការៈ​ពិបាក​ក្នុង​ការ​ដកដង្ហើម​ ម៉ាក់​ៗ​អាច​សម្គាល់​ឃើញ​សញ្ញា​ដូច​តទៅ​៖

    • ព្យាយាម​ដក​ដង្ហើម​ខ្លាំង​ ដើម្បី​ឲ្យ​ខ្យល់​ចូល​ទៅ​ក្នុង​សួត​
    • ក្អក​ជាប់​រហូត​
    • សាច់ដុំ​រវាង​ឆ្អឹងជំនី​ទាញ​ចូល​ក្នុង​ នៅ​ពេល​ដែល​ក្មេង​ព្យាយាម​ដក​ដង្ហើម
    • មិន​អាច​និយាយ​ ឬ​បញ្ចេញ​សំឡេង​បាន​​​​

    នៅ​ក្នុង​ករណី​ធ្ងន់ធ្ងរ​ ទារក​ ឬ​ក្មេង​តូច​ៗ​អាច​​មើល​ទៅ​ហត់​ខ្លាំង​ និង​ស្ងៀម​ស្ងាត់​ ឬ​អាច​បញ្ចេញ​សំឡេង​​សង្កៀត​ធ្មេញ​ នៅ​ពេល​ដកដង្ហើម​ម្តង​ៗ។​ រោគ​សញ្ញា​នេះ​ អាច​បណ្ដាល​មក​ពី​​ជំងឺ​រលាក​សួត ឬ​ជំងឺ​ហឺត​ធ្ងន់ធ្ងរ​។

    ស្បែក​ស្លេកស្លាំង មាន​ស្នាម​ដុំៗ​នៅ​លើ​ស្បែក​ ឬ​ស្បែក​ពណ៌​ខៀវ​

    ​ជាក់ស្ដែង​ អាការៈ​នេះ​អាច​បណ្ដាល​មក​ពី​ចរន្ត​ឈាម​ខ្សោយ​ ឬ​កម្រិត​ទាប​នៃ​អុកស៊ីហ្សែន​ក្នុង​រាងកាយ​។

    ប្រកាច់​ ឬ​​ឆ្កួត​ជ្រូក​

    ក្នុង​ករណី​ដែល​ក្មេង​មាន​អាការៈ​ប្រកាច់​ ឬ​ឆ្កួត​ជ្រូក​ ភ្នែក​របស់​ពួក​គេ​នឹង​បញ្ឈរ​ឡើង​លើ​។​ បន្ថែម​ពី​នេះ​ ក្មេង​​​អាច​មិន​ដឹង​ខ្លួន​ ឬ​​ញ័រ​អវយវៈ​ទាំង​អស់​ ក្នុង​រយៈពេល​ខ្លី​ ព្រម​ទាំង​ដកដង្ហើម​ខុស​ប្រក្រតី​។

    កន្ទួល​

    ស្នាម​ក្រហម​នៃ​ស្បែក​ ដែល​មិន​បាត់​ទៅ​វិញ​ បន្ទាប់​ពី​យើង​សង្កត់​ស្បែក​របស់​ក្មេង​ វា​អាច​ជា​សញ្ញា​ដំបូង​នៃ​ជំងឺ​រលាក​ស្រោម​ខួរ ដែល​អាច​គំរាមកំហែង​ដល់​អាយុ​ជីវិត​របស់​ក្មេង​ផង​ដែរ​។

    សញ្ញា​គ្រោះថ្នាក់​ដទៃ​ទៀត​ដែល​ប៉ា​ម៉ាក់​មិន​ត្រូវ​ប្រហែស​

    • ​អាការៈ​ក្ដៅ​ខ្លួន​ចំពោះ​ទារក​ដែល​មាន​អាយុ​តិច​ជាង​៣​ខែ​
    • នោម​តិច​ជាង​ធម្មតា​
    • មិន​ឃ្លាន​អាហារ​
    • ក្អួត​ញឹកញាប់

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://raisingchildren.net.au/newborns/health-daily-care/health-concerns/serious-child-illnesses

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 23/03/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត