អ្វីធ្វើឲ្យក្មេងថប់បារម្ភ?
ទារកអាចនឹងខ្លាចទម្លាប់ជាក់លាក់មួយចំនួន ដូចជាការងូតទឹក។ ដូចគ្នានេះដែរ ពួកគេអាចចាប់ផ្ដើមខ្លាចមនុស្សដែលខ្លួនមិនស្គាល់ ឬថប់បារម្ភ ឬខកចិត្តចំពោះមនុស្សដែលមិនសំខាន់ ឬមិនធ្លាប់ជួបពីមុន។ លើសពីនេះ នៅពេលដែលកូនដឹងថាប៉ាម៉ាក់ត្រូវទៅទីណាមួយ ពួកគេនឹងពិបាកចិត្ត ឬយំ ពីព្រោះពួកគេមិនដឹងថាពេលណាដែលប៉ាម៉ាក់នឹងត្រលប់មកវិញ។
ការភ័យខ្លាចចំពោះមនុស្សមិនស្គាល់ និងការថប់បារម្ភ គឺកើតឡើងជាទូទៅចំពោះក្មេងតូចៗ ហើយវានឹងបាត់ទៅវិញបន្តិចម្តងៗ នៅពេលដែលទារកកាន់តែធំឡើង។
អ្វីធ្វើឲ្យកូនតូចចាប់អារម្មណ៍?
មានរឿងជាច្រើនដែលធ្វើឲ្យកូនកើតមានចំណាប់អារម្មណ៍ ពីព្រោះក្មេងត្រូវរៀនសូត្រជាច្រើនអំពីពិភពលោក។ កូនៗអាចនឹងចាប់ផ្ដើមពិសោធជាមួយនឹងវត្ថុផ្សេងៗ ដោយការប៉ះពាល់ ឬលេបវត្ថុទាំងនោះ។ ជាងនេះទៅទៀត ទារកអាចខាំ ឬទាញសក់ ដើម្បីដឹងថានឹងមានអ្វីកើតឡើង។ នៅចន្លោះអាយុ៦ខែ ដល់១២ខែ គឺជាពេលវេលាដ៏ល្អក្នុងការបង្កើតមូលដ្ឋាននៃការបង្រៀនអំពីឥរិយាបថល្អៗដល់កូន។ ប្រសិនបើកូនទៅជិតចង្ក្រាន ប៉ាម៉ាក់អាចនិយាយណែនាំកូន និងយកកូនទៅកាន់កន្លែងមានសុវត្ថិភាព។ ពិតណាស់ កូនតូចមិនទាន់យល់អំពីគ្រោះថ្នាក់ឡើយ ដូច្នេះហើយ ប៉ាម៉ាក់ត្រូវមានការប្រុងប្រយ័ត្នឲ្យបានដិតដល់ ជាពិសេស គឺនៅពេលដែលទារកចេះផ្លាស់ទី។