គ្នាយើងច្បាស់ជាធ្លាប់ឃើញករណីលៀនផ្ចិតនៅលើទារក ដែលផ្ចិតអាអូនប៉ោងមកក្រៅខុសប្រក្រតី។ ក្នុងករណីដូចគ្នាដែរនេះ ផ្ចិតទារកក៏អាចជួបបញ្ហាផ្លែ ដែលអាចធ្វើឲ្យផ្ចិតអាអូនប៉ោងចេញក្រៅដូចលៀនផ្ចិតដែរ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
គ្នាយើងច្បាស់ជាធ្លាប់ឃើញករណីលៀនផ្ចិតនៅលើទារក ដែលផ្ចិតអាអូនប៉ោងមកក្រៅខុសប្រក្រតី។ ក្នុងករណីដូចគ្នាដែរនេះ ផ្ចិតទារកក៏អាចជួបបញ្ហាផ្លែ ដែលអាចធ្វើឲ្យផ្ចិតអាអូនប៉ោងចេញក្រៅដូចលៀនផ្ចិតដែរ។
មូលហេតុផ្ចិតលៀន៖ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានឲ្យដឹងថា ទារកផ្ចិតលៀនបណ្ដាលមកពីសាច់ដុំនៅជុំវិញពោះនោះខ្សោយ និងស្ដើងពីកំណើត។ បើទារកមានសាច់ដុំពោះរឹងមាំល្អ សាច់ដុំនោះនឹងមានលទ្ធភាពគ្រប់គ្រាន់ ទប់កុំឲ្យទឹក ឬពោះវៀនលានចេញក្រៅបាន។ ប៉ុន្តែភាគច្រើនបញ្ហាលៀនផ្ចិតនេះនឹងបាត់ទៅវិញដោយឯកឯង ក្នុងរយៈពេលយ៉ាងយូរ ១២-១៨ខែក្រោយសម្រាល ព្រោះសាច់ដុំពោះកូនចាប់ផ្ដើមរឹងមាំខ្លាំងបន្តិចម្ដងៗ។ ទារកដែលប៉ោងផ្ចិតចេញមកក្រៅ មានតិចតួចបំផុតដែលផ្ចិតមិនប្រែមកធម្មតាវិញ។
មូលហេតុផ្ចិតដុះផ្លែ៖ ផ្ចិតផ្លែកើតឡើង ក្រោយទារកជ្រុះស្អាតហើយ តែមានសាច់ដុះលើសចំកណ្ដាលផ្ចិតពីកំណើត។ ទារកដែលមានផ្ចិតដុះផ្លែ យើងត្រូវសម្អាតតំបន់នោះឲ្យស្ងួត ហើយករណីចាំបាច់ត្រូវប្រើទឹកថ្នាំបន្ថែម ដើម្បីជូតតំបន់ផ្ចិត។ ជាធម្មតា ផ្លែផ្ចិតនឹងរួមតូចស្វិតទៅវិញដោយឯកឯងដោយមិនចាំបាច់ព្យាបាលអ្វីនោះទេ តែក្នុងករណីដែលឃើញថា ផ្លែផ្ចិតកូននៅតែប៉ោងចេញក្រៅក្នុងរយៈពេលយូរ គ្រូពេទ្យអាចព្យាបាលបានដោយការដុតបំបាត់ផ្លែនោះ។
ម៉ាក់ប៉ាត្រូវដឹងថា ករណីទារកលៀនផ្ចិត ឬផ្លែផ្ចិត កើតឡើងដោយសារតែសាច់ដុំពោះរបស់អាអូនមិនរឹងមាំ មិនអាចទប់ទឹក ឬពោះវៀនកុំលៀនចេញក្រៅបានប៉ុណ្ណោះ មិនមែនដោយសារតែក្រោយកើត ក្រុមគ្រូពេទ្យកាត់ផ្ចិតកូនមិនស្អាតទេ។ ករណីទាំង២ខាងលើនេះ សុទ្ធតែកើតឡើងពីកំណើតរបស់ទារកទាំងអស់ មិនពាក់ព័ន្ធនឹងបច្ចេកទេសថែទាំទារករបស់ក្រុមគ្រូពេទ្យទេ។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕