ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
១- អ្វីជាខាន់លឿងលើទារក?
ជំងឺខាន់លឿងលើទារក សំដៅនៅពេលស្បែក និងភ្នែកទារកទើបសម្រាល មានសភាពលឿង។
២- ជំងឺខាន់លឿងលើទារកកើតឡើងញឹកញាប់ដែរទេ?
ជំងឺខាន់លឿងលើទារក គឺឧស្សាហ៍ជួបប្រទះញឹកញាប់ ជាពិសេសចំពោះទារក កើតមុន ៣៨សប្ដាហ៍ និងទារកបៅទឹកដោះម៉ាក់ៗ។
៣- ជំងឺខាន់លឿងលើទារកមានរោគសញ្ញាអ្វីខ្លះ?
ជំងឺខាន់លឿងលើទារក បង្កឲ្យមានឡើងលឿងលើស្បែក និងភ្នែក ដែលជាសញ្ញាបញ្ជាក់ថា ទារកមានជំងឺខាន់លឿងនេះ ហើយជាទូទៅកើតឡើងនៅអំឡុងថ្ងៃទី ២-៤ ក្រោយសម្រាល។
ដើម្បីចង់ដឹងថាទារកមានខាន់លឿង ឬអត់ ត្រូវសង្កត់ថ្នមៗទៅលើថ្ងាស ឬច្រមុះ។ បើកន្លែងសង្កត់ មានឡើងលឿង មានន័យថា ទារកមានជំងឺខាន់លឿងនេះកម្រិតស្រាល។ បើសង្កត់ទៅមិនមានការប្ដូរពណ៌ទេ ឬគ្រាន់តែស្លេក មានន័យថា ទារកគ្មានជំងឺខាន់លឿងទេ។
ពិនិត្យមើលទារកនៅក្រោមពន្លឺស្រាលៗ ឬកក្រោមកម្ដៅថ្ងៃ បើមានសញ្ញាដូចបានរៀបរាប់ខាងលើ សូមរួសរាន់ទៅជួបគ្រូពេទ្យ។
៤- ត្រូវទៅជួបពេទ្យនៅពេលណា?
ករណីភាគច្រើន មិនបង្កជាបញ្ហានោះទេ តែក្នុងករណីខ្លះវាអាចជាជំងឺ។ អាការៈឡើងលឿងធ្ងន់ធ្ងរ បង្កើនហានិភ័យឲ្យជាតិប៊ីលីរូប៊ីន ជ្រៀតចូលទៅក្នុងខួរក្បាល នាំឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ។ សូមទាក់ទងទៅគ្រូពេទ្យពេល បើទារកមានសញ្ញាដូចជា៖
– ស្បែកទារកឡើងលឿងកាន់តែខ្លាំង
– ស្បែកទារកឡើងលឿងនៅតំបន់ពោះ ដើមដៃ និងជើង
– ភ្នែកឡើងលឿង
– ទារក រកកល់ចង់គ្រុន ឬគេងមិនងាយភ្ញាក់
– ទារកមិនឡើងទម្ងន់ ឬមិនបៅដោះ
– យំខ្លាំង
– ទារកចាប់ផ្ដើមមានសញ្ញាប្លែកៗគួរឲ្យបារម្ភ
– ការឡើងលឿងនេះអាចមានរយះពេលលើសពី ៣ សប្តាហ៍។
៥- អ្វីជាមូលហេតុនាំឲ្យមានជំងឺខាន់លឿងលើទារក?
មូលហេតុចម្បង គឺមកពីចាល់ជាតិប៊ីលីរូប៊ីនច្រើនក្នុងឈាម នាំឲ្យស្បែកឡើងលឿង។ ប៊ីលីរូប៊ីន គឺជាសារធាតុពណ៌ដែលជាសំណល់ពីបំបែកគ្រាប់ឈាមក្រហម ហើយជាទូទៅថ្លើមជាច្រោះសារធាតុនេះពីឈាម និងបញ្ចេញទៅក្នុងពោះវៀន។ ថ្លើមទារកទើបកើត មិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងមុខងារនេះទេ ជាហេតុបង្កឲ្យមានការចាល់ជាតិប៊ីលីរូប៊ីននេះឯង។ ជំងឺខាន់លឿង បង្កឡើងដោយករណីនេះ គេហៅថា ខាន់លឿងធម្មជាតិ ដែលចេញលឿងនៅថ្ងៃទី៣ ក្រោយសម្រាល។
មូលហេតុផ្សេងទៀត
នៅមានមូលហេតុច្រើនផ្សេងទៀត អាចបង្កឲ្យទារកមានជំងឺខាន់លឿង នៅពេលវាលេចឡើងលឿនពេក ឬក្រឡើងលឿងពេក ផ្ទុយពីខាន់លឿងបែបធម្មជាតិ ខណៈបញ្ហាសុខភាព បង្កឲ្យមានជំងឺខាន់លឿងលើទារកមានដូចជា៖
– ហូរឈាមក្នុងពោះ
– មានការករោគក្នុងឈាម
– មានការករោគដោយបាក់តេរី ឬវីរុស
– ឈាមម៉ាក់ៗ និងឈាមទារកប្រឆាំងគ្នា
– ថ្លើមមិនប្រក្រតី
– កង្វះអង់ស៊ីម
– មានវិបត្តិគ្រាប់ឈាមក្រហមលើទារក ធ្វើឲ្យបែកគ្រាប់ឈាម។
៦- កត្តាប្រឈមនាំឲ្យកើតជំងឺខាន់លឿងលើទារកមានអ្វីខ្លះ?
មានកត្តាប្រឈមជាច្រើន នាំឲ្យទារកងាយនឹងកើតជំងឺខាន់លឿង ដូចជា៖
– ទារកកើតមិនគ្រប់ខែ ឬកើតមុនសប្ដាហ៍ទី ៣៧
– មានការប៉ះទង្គិចពេលកើត ពិសេសទារកកើតមកមានស្នាមជាំ នោះជាតិប៊ីលីរូប៊ីននឹងកើនឡើងច្រើន បណ្តាលមកពីការបែកគ្រាប់ឈាមក្រហម។
– ទារកមិនបានបៅទឹកដោះ ឬទឹកដោះគោគ្រប់គ្រាន់ ដោយសារតែពួកគាត់មិនព្រមបៅ ឬទឹកដោះម៉ាក់ៗមិនចេញ និងមានឈាមមិនដូចម៉ាក់ៗ។
អត្ថបទពាក់ព័ន្ធ៖
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
ជាទូទៅទាំងម៉ាក់ៗ និងទារក អាចត្រឡប់ទៅផ្ទះវិញបានក្រោយសម្រាលរយៈពេល ៧២ ម៉ោង។ អ្វីដែលចាំបាច់ ប៉ាម៉ាក់ ត្រូវនាំទារកមកពិនិត្យជាថ្មី នៅប៉ុន្មានថ្ងៃបន្ទាប់ ព្រោះជាតិប៊ីលីរូប៊ីន នឹងឡើងខ្ពស់នៅចន្លោះថ្ងៃទី ៣-៧។
អាការៈឡើងលឿងគួរឲ្យកត់សម្គាល់ បញ្ជាក់ថា ទារកមានខាន់លឿងហើយ តែមានតេស្តជាច្រើនដើម្បីកំណត់ភាពធ្ងន់ធ្ងររបស់ជំងឺ។
ទារកឡើងលឿងអំឡុងពេល ២៤ ម៉ោងដំបូង ត្រូវវាស់ជាតិប៊ីលីរូប៊ីនឲ្យបានលឿន ដើម្បីកំណត់ពីស្ថានភាពជំងឺ។
តេស្តបន្ទាប់បន្សំផ្សេងទៀត នឹងត្រូវធ្វើឡើង ដើម្បីរកមើលមូលហេតុអាការៈឡើងលឿងនេះ ដូចជា តេស្តរាប់គ្រាប់ឈាមក្រហម រកមើលប្រភេទក្រុមឈាម តេស្តរ៉េស៊ីស នឹង Combs តេស្ត ដែលអាចវិជ្ជមាន នៅពេលមានករណីបែកគ្រាប់ឈាមច្រើន។
៨- គួរព្យាបាលដោយវិធីណា?
ជំងឺខាន់លឿងលើទារក ក្នុងកម្រិតស្រាល អាចបាត់ទៅវិញដោយខ្លួនឯង នៅពេលថ្លើមទារកបំពេញមុខងារបានត្រឹមត្រូវ។ ការបំបៅដោះគ្រប់គ្រាន់ ពី ៨-១២ ដង/ថ្ងៃ អាចជួយឲ្យទារកបញ្ចេញជាតិប៊ីលីរូប៊ីនចេញពីរាងកាយបាន។
ករណីធ្ងន់ធ្ងរវិញ អាចត្រូវការការព្យាបាល ដូចជា ព្យាបាលដោយពន្លឺ ត្រូវពេទ្យឧស្សាហ៍អនុវត្តជាងគេ ព្រោះមានប្រសិទ្ធភាពខ្ពស់ ដោយប្រើកាំរស្មីពន្លឺ ដើម្បីបំបែកជាតិប៊ីលីរូប៊ីនឲ្យអស់ពីរាងកាយទារក។ វិធីព្យាបាលដោយពន្លឺនេះ ទារកត្រូវដាក់ឲ្យដេកក្រោមកម្រាលពិសេស មានពណ៌ខៀវ ព្រមទាំងឲ្យពាក់លើទារកតែកន្ទប និងវ៉ែនតាការពារតែប៉ុណ្ណោះ ខណៈភួយហ្វាយប័រអុបទិកត្រូវបានដាក់ពីក្រោមទារក។
ក្នុងករណីធ្ងន់ធ្ងរ ការបញ្ចូលឈាម នឹងត្រូវបានធ្វើឡើងជាចាំបាច់ ដើម្បីប្ដូរឈាមខូចខាតចេញ ជំនួសដោយឈាមល្អវិញ ក៏ដូចជាជំនួយដល់ការកើនគ្រាប់ឈាមក្រហមសម្រាប់ទារក និងបន្ថយជាតិប៊ីលីរូប៊ីនផងដែរ។
៩- ថែទាំទារកមានជំងឺខាន់លឿងដោយវិធីណា?
ខាងក្រោមនេះជាវិធីខ្លះៗ ម៉ាក់ប៉ា អាចយកទៅអនុវត្ត ដើម្បីបង្ការ ឬថែទាំ នៅពេលទារកកើតមានជំងឺខាន់លឿង៖
– ពេលមានផ្ទៃពោះ គួរតែធ្វើតេស្តរកប្រភេទក្រុមឈាម។ បន្ទាប់ពីសម្រាលរួច ឈាមទារកត្រូវយកទៅពិនិត្យដើម្បីរកមើលការប្រឆាំងគ្នារវាងម៉ាក់ៗ និងទារក ដែលអាចបង្កជាខាន់លឿងបាន។ បើទារកមានជំងឺខាន់លឿងហើយនោះ យើងនៅមានវិធានការជាច្រើនដើម្បីកាត់បន្ថយភាពធ្ងន់ធ្ងររបស់ជំងឺបាន។
– ត្រូវបំបៅដោះកូនឲ្យបានគ្រប់គ្រាន់ ពី ៨-១២ ដង/ថ្ងៃ ដើម្បីធានាថាទារក មិនទទួលរងការខ្វះជាតិទឹក ដែលអាចជួយឲ្យជាតិប៊ីលីរូប៊ីនងាយបញ្ចេញចោលពីរាងកាយបានលឿន។
– បើទឹកដោះមិនចេញ ម៉ាក់ៗអាចប្រើម្សៅទឹកដោះគោបាន ដោយប្រើ ៣០-៦០ មិល្លីលីត្រ រៀងរាល់ ២-៣ ម៉ោងម្ដងអំឡុងសប្តាហ៍ទី ១ ក្រោយសម្រាល។ ចំពោះទារកកើតមិនគ្រប់ខែ និងមិនគ្រប់គីឡូ អាចប្រើក្នុងកម្រិតតិចតួចដោយហេតុថា ទារកអាចនៅបៅដោះម៉ាក់ៗបាន។
– ជួបជាមួយគ្រូពេទ្យ បើទារកមិនបៅ ឬមិនព្រមភ្ញាក់មកបៅ ឲ្យបានយ៉ាងហោចណាស់ ៨ ដង/ថ្ងៃ។
– តាមដានឲ្យបានម៉ត់ចត់អំឡុង ៥ ថ្ងៃដំបូង លើទារកទើបកើត ពីរោគសញ្ញាការឡើងលឿងលើស្បែក និងគ្រាប់ភ្នែក។បើឃើញថា ទារកមានសញ្ញាឡើងលឿង គួរប្រញាប់មកជួបគ្រូពេទ្យ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ