រដ្ឋ California របស់អាមេរិក ដែលមានប្រជាជនលើសខ្មែរយើងជិត ៣ដង គ្រោងបញ្ឈប់ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ដោយសារវាប៉ះពាល់ដល់ការវិវត្ដខួរក្បាលទារក។ បម្រាមនេះ គឺបន្ទាប់ពីរដ្ឋ Hawaii បានដាក់ចេញ កាលពីឆ្នាំ២០១៨ ហើយរដ្ឋ New York ក៏បានដាក់វិធានការលើថ្នាំសម្លាប់សត្វល្អិតខុសច្បាប់ផងដែរ កាលពីពេលថ្មីៗនេះ។
ថ្នាំសម្លាប់សត្វល្អិត ស្ថិតនៅក្នុងក្រុមប្រភេទគីមី Organophosphates ដោយស្រដៀងទៅនឹងឧស្ម័នគីមីប៉ះពាល់សរសៃប្រសាទ បង្កើតដោយណាហ្ស៊ី អាល្លឺម៉ង់ មុនសង្គ្រាមលោកលើកទី២។ ការសិក្សាមួយ ឆ្នាំ២០១២ របស់សាកលវិទ្យាល័យ California រកឃើញថា ឈាមទងផ្ចិតរបស់ទារកទើបកើត មានកម្រិតថ្នាំសម្លាប់សត្វល្អិតប៉ះពាល់សុខភាព។
វេជ្ជបណ្ឌិត Gina Solomon សាស្ត្រាចារ្យវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ California បញ្ជាក់ថា ការសិក្សាជាច្រើន រកឃើញថា ថ្នាំសម្លាប់សត្វល្អិតនៅកសិដ្ឋាន និងនៅតាមផ្ទះ ប៉ះពាល់ដល់ការវិវត្ដខួរក្បាលទារក សមត្ថភាពអាន និងភាពវ័យឆ្លាត។