រឿងត្រូវធ្វើ និងមិនគួរធ្វើដាក់ទារក ពេលកើតមកភ្លាម

    រឿងត្រូវធ្វើ និងមិនគួរធ្វើដាក់ទារក ពេលកើតមកភ្លាម

    ទារក​ត្រូវ​ការ​ការ​ថែទាំ​យ៉ាង​ដិត​ដល់​បំផុត សឹង​តែ​ស្រមោច​វារ​លើ​មួយ​មិន​បាន​ផង ខណៈ​អ្វីៗ​នៅ​​ខ្ចី​ទាំង​អស់ ទាំង​ស្បែក សរីរាង្គ និង​ប្រព័ន្ធ​ការពារ​រាងកាយ។ ចំពោះ​ទារក​កើត​ភ្លាម មាន​ចំណុច​មួយ​ចំនួន​ដែល​គ្រូពេទ្យ​តម្រូវ​ឲ្យ​ធ្វើ និង​មួយ​ចំនួន​​ទៀត​ហាម​ដាច់​ខាត។

    ១- ត្រូវ​បំបៅ​ដោះ​កូន​ភ្លាម

    បន្ទាប់​ពី​សម្រាល​អូន​តូច​បាន ១ម៉ោង ម៉ាក់ៗ​ត្រូវ​ឲ្យ​កូន​ម៉ឹម​ដោះ​ភ្លាម ទោះ​ជា​មិន​ចេញ ឬ​ចេញ​ទឹកដោះ​តិចៗ​ក៏​ដោយ ដើម្បី​ឲ្យ​កូន​បឺត​ជញ្ជក់​ទឹកដោះ​ដំបូង ដែល​សម្បូរ​ជីវជាតិ A និង​ជា​ថ្នាំ​បង្ការ​សម្រាប់​ការពារ​ទារក​ប្រឆាំង​ទប់ទល់​នឹង​ជំងឺ​ផ្សេងៗ និង​ការ​ទទួល​បាន​អង់ទីករ​ពីម្តាយ​ដែល​ធ្វើ​ឲ្យ​​កុមារ​​រឹងមាំ។

    អត្ថបទពាក់ព័ន្ធ៖ ឱសថទិព្វ ទឹកដោះ​ដំបូង​មាន​តិច តែ​គុណប្រយោជន៍​រាប់​មិន​អស់

    ២- ត្រូវរុំកូនឲ្យជិត

    ក្មេង​ធ្លាប់​នៅ​ក្នុង​ពោះ​ម្តាយ​មាន​ភាព​កក់​ក្តៅ ពេល​ចេញ​មក​ក្រៅ​មិន​អាច​ស៊ាំ​នឹង​បរិយាកាស​ភ្លាមៗ​នោះ​ទេ បែប​នេះ​យើង​ត្រូវ​រុំ​កូន​នឹង​កន្សែង ឬ​ភួយ​ឲ្យ​បាន​ជិត​ល្អ ពាក់​ស្រោមជើង ស្រោម​ដៃ​ឲ្យ​កូន។

    ៣- ឲ្យ​កូន​គេង​ផ្អៀង

    ពេល​កើត​ភ្លាម គ្រូពេទ្យ​នឹង​ណែនាំ​ឲ្យ​ដាក់​កូន​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង ឬ​ខាង​ស្តាំ ដើម្បី​ឲ្យ​ធ្លាក់​ទឹក​ព្រៃ​មក​តាម​មាត់​ឲ្យ​អស់ មិន​ឲ្យ​ទារក​ឈ្លក់ ឬ​មាន​​ស្លេស្ម​​នៅ​​បំពង់​​ក។

    ៤- ហាម​ងូត​ទឹកឲ្យកូន

    ក្រោយ​សម្រាល យើង​មិន​ត្រូវ​ងូត​ទឹក​ឲ្យ​ទារក​ឡើយ ត្រូវ​រង់ចាំ​រហូត​ដល់ ២៤​ម៉ោង ពោល ១ថ្ងៃ ក្រោយ​ពេល​កើត ទើប​ងូត​ទឹក​សម្អាត​ខ្លួន​ឲ្យ​អូន​តូច​បាន។

    ៤- ហាម​យក​កូន​ទៅ​ក្បែរ​អ្នកជំងឺ

    កើត​មក​ភ្លាម ទារក​មាន​ការ​ប្រព័ន្ធ​ការពារ​ខ្សោយ ងាយ​នឹង​ឆ្លង​មេរោគផ្សេងៗ យើង​មិន​ត្រូវ​ឲ្យ​អ្នក​ជំងឺ​មក​ជិត​ឡើយ ហើយ​ក៏​មិន​ត្រូវ​យក​កូន​ទៅ​ក្បែរ​អ្នក​ជំងឺ​ដែរ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 16/08/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត