ទាំងមូលហេតុបង្ក និងវិធីព្យាបាលឲ្យជាសះស្បើយកុមារអូទីស្សឹម ពុំទាន់មានការបញ្ជាក់ច្បាស់នៅឡើយទេ។ ប៉ុន្ដែការសិក្សាចុងក្រោយ រកឃើញថា ទារកកើតតាមការវះកាត់ ប្រឈមកើតអូទីស្សឹម រហូតដល់ ៣៣% បើធៀបនឹងទារក ដែលកើតតាមបែបធម្មជាតិ។
បេក្ខជនបណ្ឌិត Tianyang Zhang មកពីវិទ្យាស្ថាន Karolinska Institutet ក្នុងក្រុង Stockholm របស់ស៊ុយអែត បានវាយតម្លៃលើការសិក្សាពីមុនចំនួន ៦១ ដោយមានទិន្នន័យទារក ជាង ២០លាននាក់ នៅប្រទេសចំនួន ១៩។ មូលហេតុបង្កឲ្យកើតអូទីស្សឹម ដោយសារទារកកើតតាមការវះកាត់ មិនបានរងការប៉ះពាល់ជាមួយបាក់តេរីនៅក្នុងទ្វារមាស បណ្ដាលឲ្យប្រព័ន្ធការពារវិវត្តមិនល្អ និងបង្កបញ្ហាខួរក្បាលបន្ថែមទៀត។
អ្នកស្រាវជ្រាវ បញ្ជាក់ថា ការរកឃើញនេះ អាចជួយកាត់បន្ថយអត្រាការសម្រាលកូនតាមការវះកាត់ ដែលពេលខ្លះមានភាពមិនចាំបាច់។ ការសម្រាលកូនតាមការវះកាត់ គឺធ្វើឡើងដើម្បីការពារសុខភាពម្ដាយ និងទារក ប៉ុន្ដែការសម្រាលកូនដោយវះកាត់ មានការកើនឡើងខ្លាំង នៅតាមប្រទេសមានចំណូលខ្ពស់ ដោយមូលហេតុវប្បធម៌ ឬភ័យខ្លាចការសម្រាលតាមបែបធម្មជាតិ។
អត្ថបទពាក់ព័ន្ធ៖
- ស្រីៗខ្វះជាតិដែកពេលពពោះ និងចាក់ថ្នាំស្ពឹកឆ្អឹងខ្នងពេលសម្រាល នាំឲ្យកូនកើតអូទីស្សឹម?
- វិធីនេះមានប្រសិទ្ធភាព ជួយក្មេងអូទីស្សឹម ឲ្យចេះនិយាយ
ក្រៅពីប្រឈមកើតអូទីស្សឹម ការសិក្សាពីមុន ក៏រកឃើញដែរថា ការសម្រាលដោយវះកាត់ ទារកប្រឈមនឹងជំងឺធាត់ អាលែកហ្ស៊ី ហឺត ទឹកនោមផ្អែម និងមហារីកគ្រាប់ឈាម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]