ដោយសារកូនទើបតែកើតមកមិនទាន់ដឹងអ្វីទាំងអស់ ចេះត្រឹមតែយំ ដូច្នេះបេប៊ីត្រូវការការមើលថែខ្ពស់ពីម៉ាក់ប៉ា។ ក្នុងនោះម៉ាក់ប៉ាថ្មីថ្មោងមួយចំនួន មិនដឹងថា កូនទើបនឹងកើតអ៊ីចឹងបៅប៉ុន្មានដងទើបឆ្អែត? ត្រូវងូតទឹក១ថ្ងៃប៉ុន្មានដងដែរ? ឬក៏ ២-៣ ថ្ងៃ ចាំងូតឲ្យកូន?
ដើម្បីជាជំនួយខ្លះៗសម្រាក់ម៉ាក់ប៉ាដែលទើបមានកូនលើកដំបូង លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ នឹងលម្អិតពីបញ្ហាទាំងអស់នេះ។
១. បំបៅដោះ
លោកវេជ្ជបណ្ឌិតថា ទារកទើបនឹងកើតមិនមានកាលវិភាគត្រឹមត្រូវទេ កូនបៅច្រើនដង តែក្នុងបរិមាណតិចតួចប៉ុណ្ណោះ ដោយសារតែទំហំក្រពះគេនៅតូចដែរ ដូច្នេះពេលដំបូងៗម៉ាក់ៗមិនបាច់បារម្ភថា អត់មានទឹកដោះឲ្យកូនបៅ ឬបារម្ភខ្លាចកូនម៉ឹមមិនឆ្អែតនោះទេ។ ពេលដំបូងម៉ាក់ៗអាចបំបៅកូនចន្លោះពី ៨-១២ដង គឺពី១ម៉ោងកន្លះ ទៅ២ម៉ោង/ម្តង ឬសង្កេតមើលសញ្ញាដែលបញ្ជាក់ថាកូនឃ្លាន មានលើកដៃ រើខ្លួនចុះឡើង លិឍបបូរមាត់ ម្រាមដៃ ឬយំ។
នៅពេលកូនឈប់បឺតជញ្ជក់ បិទមាត់ ឬគេចចេញពីក្បាលដោះ ឬក្បាលដប មានន័យថាគេឆ្អែតហើយ។