បើកូនរាងធំបន្តិចហើយនោះ គឺពិតជាអាចប្រាប់ម៉ាក់ប៉ាបានពេលពួកគេឃ្លាន រីឯទារកមិនអាចនិយាយបានទេ ប៉ុន្តែពួកគេប្រើជាសំឡេង ឬកាយវិការផ្សេងៗដើម្បីបង្ហាញថាកំពុងតែឃ្លាន។ សម្រាប់ស្រីៗយើងទើបក្លាយជាម៉ាក់ៗលើកដំបូងអាចនឹងមិនទាន់សម្គាល់ដឹងពីសំឡេង និងកាយវិការទាំងនេះទេ ប៉ុន្តែយូរទៅនឹងដឹងពីកាយវិការទាំងនេះច្បាស់មិនខាន។
សញ្ញាមួយចំនួនបង្ហាញថាទារកកំពុងឃ្លាន៖
- កម្រើកដៃជើង
- ក្តាប់ដៃ
- ភ្ញាក់ពីគេង
- បង្កើតសំឡេងផ្សេងៗ
- កម្រើកក្បាលពីម្ខាងទៅម្ខាង
- ដាក់ម្រាមដៃ ឬដៃចូលទៅក្នុងមាត់
- នៅមិនស្ងៀម កម្រើកខ្លួនទៅមក
- ជញ្ជក់មាត់ ឬអណ្ដាត
- បែរក្បាលទៅលើដោះម៉ាក់ៗពេលម៉ាក់ៗបី។
ក្រៅពីសញ្ញាខាងលើ កូនតូចអាចនឹងយំពេលឃ្លាន ប៉ុន្តែការយំគឺសញ្ញាចុងក្រោយនៃការឃ្លាននេះ។ នេះមានន័យថានៅពេលកូនយំ កូនបានចូលដល់ដំណាក់កាលឃ្លានខ្លាំងទៅហើយ។ យ៉ាងណាមិញ ប្រសិនជាម៉ាក់ៗយកចិត្តទុកដាក់ទៅលើសញ្ញាកូនឃ្លានជំនួសឲ្យការកំណត់ពេលក្នុងការបំបៅដោះកូន ម៉ាក់ៗនឹងឃើញថាកូនឃ្លានរាល់មួយម៉ោងម្ដង ឬក្រោយពីរទៅបីម៉ោង និងគេងរយៈពេលយូរ។ ការបំបៅដោះកូនញឹកញាប់មិនមែនជារឿងគួរឲ្យព្រួយបារម្ភទេ។ ដូចនេះនៅពេលកូនមើលទៅឃ្លាន ម៉ាក់ៗអាចបំបៅកូនបានទោះបីជាញឹកញាប់បន្តិចក៏ដោយ។ ដោយឡែក ម៉ាក់ៗក៏អាចសម្គាល់ថាកូនឆ្អែតពេលកូនបិទមាត់ បែរមុខចេញពីដោះម៉ាក់ៗ និងលាដៃធម្មតាដែរ។