ការបំបៅដោះកូននៅក្នុងរយៈពេល៦ខែដំបូង គឺមានសារសំខាន់ណាស់ចំពោះទារក ពីព្រោះវាអាចការពារទារកពីបញ្ហាអាលែកហ្ស៊ី ក៏ដូចជាជំងឺផ្សេងៗ ព្រមទាំងជួយដល់ការអភិវឌ្ឍ និងការលូតលាស់របស់ទារកថែមទៀតផង។ យ៉ាងណាមិញ ការបារម្ភពាក់ព័ន្ធទៅនឹងការបំបៅដោះកូនគឺជារឿងធម្មតាទៅហើយ មិនថាយើងគឺជាអ្នកម៉ាក់ថ្មីថ្មោង ឬអ្នកម៉ាក់ដែលធ្លាប់មានបទពិសោធន៍នោះទេ។ ម៉ាក់ៗប្រហែលជាងឿងឆ្ងល់ហើយថា តើម៉ាក់ៗបំបៅដោះកូនត្រឹមត្រូវឬយ៉ាងណា ហើយតើកូនបៅបានគ្រប់គ្រាន់ឬអត់។ ដូចនេះ ដើម្បីដឹងថាខ្លួនកំពុងតែបំបៅដោះកូនត្រឹមត្រូវឬអត់នោះ ម៉ាក់ៗអាចសង្កេតមើលសញ្ញាទាំង៥ខាងក្រោមនេះ ។
១. កូនចេះតែឃ្លានញឹកញាប់
ម៉ាក់ៗមិនចាំបាច់ព្រួយបារម្ភឡើយ ប្រសិនបើកូនមានអារម្មណ៍ឃ្លានញឹកញាប់ នៅអំឡុងពេលពីរបីខែដំបូង។ តាមពិត នេះគឺជាសញ្ញាដែលបញ្ជាក់ថា ម៉ាក់ៗកំពុងតែបំបៅដោះកូនបានត្រឹមត្រូវ។ ជាទូទៅ ទារកទើបកើតត្រូវការបៅទឹកដោះម្ដាយ ចំនួន១០ទៅ១២ដងក្នុងមួយថ្ងៃ។ កត្តានេះ គឺដោយសារតែទំហំក្រពះ និងការធ្វើមេតាប៉ូលីសរបស់ទារកមានការលូតលាស់ឆាប់រហ័ស ដែលតម្រូវឲ្យពួកគេត្រូវការសារធាតុចិញ្ចឹមគ្រប់គ្រាន់។
២. ប្ដូរខោទឹកនោមញឹកញាប់
តាមធម្មតា ទារកត្រូវការផ្លាស់ប្ដូរខោទឹកនោមច្រើនដង នៅពេលដែលម៉ាក់ៗបំបៅដោះកូនបានត្រឹមត្រូវ។ នៅរយៈពេលមួយសប្ដាហ៍ដំបូង ការផ្លាស់ប្ដូរខោទឹកនោមអាចកើនឡើងពី៤ទៅ៦ដង។ ពួកគេក៏បន្ទោបង់ច្រើនដងផងដែរក្នុងមួយថ្ងៃ។
៣. កូនមិនរករឿង
ការយំ គឺជាសញ្ញាជាក់ស្ដែងមួយ ដែលបង្ហាញថា ទារកកំពុងតែឃ្លាន។ ប៉ុន្តែបន្ទាប់ពីបំបៅដោះរួច ប្រសិនបើកូនរបស់យើងមានអារម្មណ៍រីករាយ នោះបានន័យថាយើងកំពុងតែបំបៅដោះកូនបានត្រឹមត្រូវ ពីព្រោះទារកដែលបៅឆ្អែត ពួកគេនឹងមិនយំរករឿងឡើយ ហើយថែមទាំងចូលចិត្តលេងទៀតផង។
![ស្តាប់លឺ១](https://cdn.hellokrupet.com/wp-content/uploads/2021/01/ស្តាប់លឺ១.jpg)
៤. កូនឡើងទម្ងន់
ជាទូទៅ ទារកតូចៗនឹងស្រកទម្ងន់ នៅពេលដែលពួកគេអាយុបានពីរបីសប្ដាហ៍។ ប៉ុន្តែ ប្រសិនបើម៉ាក់ៗបំបៅដោះកូនត្រឹមត្រូវ អាអូននឹងចាប់ផ្ដើមឡើងគីឡូវិញ បន្ទាប់ពីរយៈពេល៣សប្ដាហ៍។ ទោះបីជាការឡើងទម្ងន់ មានដំណើរការយឺតយ៉ាវបន្តិចមែន ប៉ុន្តែយើងនៅតែអាចមើលឃើញពីភាពខុសប្លែកបានយ៉ាងងាយស្រួល។ ជាមួយគ្នានេះដែរ ម៉ាក់ត្រូវបំបៅដោះអាអូន ដោយដោះទាំងសងខាងទើបជាការប្រសើរ។
៥. សុដន់ម៉ាក់ៗទន់ល្មើយ
បន្ថែមពីនេះ ម៉ាក់ៗក៏មានអារម្មណ៍រីករាយផងដែរ បន្ទាប់ពីបំបៅដោះកូនរួច ពីព្រោះសុដន់ម៉ាក់ៗនឹងប្រែទៅជាទន់ល្មើយ ព្រមទាំងស្រាលជាងមុន។ រីឯស្មា និងខ្នងរបស់យើងក៏មានអារម្មណ៍ធូរស្រាលដូចគ្នា។