ការបំបៅដោះមានអត្ថប្រយោជន៍យ៉ាងច្រើន ទាំងចំពោះម្ដាយ និងទារក។ ពិតណាស់ ស្ត្រីភាគច្រើនដែលមានជំងឺទឹកនោមផ្អែមនៅតែអាចបំបៅដោះកូនបានធម្មតា។ យ៉ាងណាមិញ ម៉ាក់ៗត្រូវការការអនុវត្ត ការគាំទ្រ និងការអត់ធ្មត់នៅក្នុងការបំបៅដោះនេះ។
បន្ទាប់ពីសម្រាលកូនរួច ស្ត្រីមានជំងឺទឹកនោមផ្អែមប្រភេទ១ មានទឹកដោះនៅពេលណា?
ស្ត្រីដែលមានជំងឺទឹកនោមផ្អែម អាចមានទឹកដោះយឺតយ៉ាវជាងម៉ាក់ៗដែលគ្មានជំងឺនេះ។ ជាទូទៅ ទឹកដោះនឹងចេញមកនៅថ្ងៃទី៣ បន្ទាប់ពីសម្រាលកូន។ នៅក្នុងករណីដែលកូនកើតមិនគ្រប់ខែ ឬមានម្ដាយមានបញ្ហាកម្រិតជាតិស្ករក្នុងឈាមទាប ក្រោយសម្រាល វាអាចពិបាកក្នុងការបំបៅដោះនៅពេលដំបូងៗ។
ដូច្នេះហើយ យើងគប្បីពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញឲ្យបាន៤ទៅ៥សប្ដាហ៍ មុនពេលដែលទារកកើត ដើម្បីស្វែងយល់បន្ថែមអំពីការបំបៅដោះ។
តើស្ត្រីមានជំងឺទឹកនោមផ្អែមប្រភេទ១ គួរបំបៅដោះកូននៅពេលណា?
ការបំបៅដោះកូន គប្បីធ្វើឡើងភ្លាមៗ បន្ទាប់ពីសម្រាល និងយ៉ាងហោចណាស់នៅរៀងរាល់៣ទៅ៤ម៉ោង នៅអំឡុងពេលពីរបីថ្ងៃដំបូង ដើម្បីរក្សាកម្រិតជាតិស្ករក្នុងឈាមរបស់ទារកឲ្យបានល្អ។ ប្រសិនបើអាអូនមានហានិភ័យខ្ពស់ក្នុងការធ្លាក់ចុះកម្រិតជាតិស្ករក្នុងឈាមទាប ម៉ាក់ៗគប្បីបំបៅដោះកូនឲ្យកាន់តែញឹកញាប់ យ៉ាងហោចណាស់នៅរៀងរាល់៣ម៉ោងម្តង។
អត្ថប្រយោជន៍នៃការបំបៅដោះ ចំពោះម្ដាយមានជំងឺទឹកនោមផ្អែមប្រភេទ១
- កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកសុដន់ និងមហារីកក្រពេញអូវែ
- កាត់បន្ថយឱកាសនៃបញ្ហាសម្ពាធឈាមខ្ពស់
អត្ថប្រយោជន៍នៃការបំបៅដោះ ចំពោះទារក
- កាត់បន្ថយឱកាសនៃការកើតជំងឺហឺត
- ជៀសវាងការធាត់ជ្រុល
- ពុំងាយកើតជំងឺទឹកនោមផ្អែមប្រភេទ១
- ពុំមានការបង្ករោគនៅត្រចៀក
- មិនមានហានិភ័យនៃជំងឺផ្លូវដង្ហើមផ្នែកខាងក្រោមធ្ងន់ធ្ងរ
- មិនមានហានិភ័យនៃជំងឺស្លាប់ភ្លាមៗក្រោយសម្រាល
តើការបំបៅដោះប៉ះពាល់ដល់ការគ្រប់គ្រងជំងឺទឹកនោមផ្អែម និងកម្រិតជាតិស្ករបែបណា?
ជាក់ស្ដែង ការបំបៅដោះប្រៀបដូចជាលំហាត់ប្រាណរាងកាយមួយដែរ ដោយវាអាចធ្វើឲ្យជាតិស្ករក្នុងឈាមចុះទាប ដូច្នេះហើយម៉ាក់ៗត្រូវត្រៀមខ្លួនជាមុន នៅអំឡុងពេលបំបៅដោះកូន។ សម្រាប់ស្ត្រីដែលមានជំងឺទឹកនោមផ្អែមមួយចំនួន អាចប្រឈមនឹងជាតិស្ករក្នុងឈាមចុះទាប អំឡុងពេលបំបៅដោះ ខណៈពេលដែលស្ត្រីមួយចំនួនទៀត ជួបប្រទះបញ្ហានេះនៅពេលផ្សេងទៀត។
ដូច្នេះហើយ យើងគប្បីត្រៀមប្រភពនៃជាតិស្ករនៅជិតខ្លួន ដូចជាទឹកផ្លែឈើ ឬថ្នាំជាតិស្ករ នៅអំឡុងពេលបំបៅដោះកូន។ បន្ថែមពីនេះ ម៉ាក់ៗក៏គប្បីពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ ដើម្បីធ្វើការកែប្រែប្រភេទថ្នាំមួយចំនួន ទៅតាមតម្រូវការ។
[embed-health-tool-vaccination-tool]