ការបំបៅដោះកូន អាចជាឧបសគ្គមួយសម្រាប់ម៉ាក់ៗថ្មីថ្មោង ពិសេសពេលយើងបារម្ភពីការផលិតទឹកដោះឲ្យកូនបៅគ្រប់គ្រាន់ និងលូតលាស់បានតាមស្តង់ដារឬក៏អត់។ ស្របគ្នានេះ មានម៉ាក់ៗមួយចំនួន អាចផលិតទឹកដោះបានក្នុងបរិមាណតិច ឬខ្វះទឹកដោះ ពិបាកឲ្យកូនបៅឆ្អែត ក៏បែរទៅបំបៅដោះកូនដោយម្សៅទឹកដោះគោ។ មុននឹងសម្រេចឲ្យកូនបៅទឹកដោះគោ ម៉ាក់ៗគួរតែព្យាយាមរកមធ្យោបាយបង្កើនបរិមាណទឹកដោះខ្លួនសិន។
តិចនិកបង្កើនបរិមាណទឹកដោះម្ដាយ
តាមលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត បានពន្យល់ឲ្យដឹងថា ទារកត្រូវការអាហារពីម្ដាយតាមរយៈទឹកដោះ ម្ល៉ោះហើយ ម្ដាយត្រូវតែបំប៉នអាហារ និងអនុវត្តវិធីផ្សេងទៀត ទើបមិនជួបបញ្ហាខ្វះទឹកដោះឲ្យកូនម៉ឹមដូចជា៖
១. ញ៉ាំអាហារឲ្យបានគ្រប់គ្រាន់៖ ម៉ាក់ៗត្រូវញ៉ាំអាហារឲ្យបានគ្រប់គ្រាន់ និងមានគុណភាព មានទាំង ត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ ទើបកូនទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ពីទឹកដោះម្ដាយ។
២. ផឹកទឹកឲ្យបានច្រើន៖ ការញ៉ាំអាហារតែមួយមុខមិនគ្រប់គ្រាន់នោះទេ ម៉ាក់ៗត្រូវផឹកទឹកឲ្យបានច្រើន ព្រោះទឹកដោះម្ដាយសម្បូរជាតិទឹក ដូចនេះការញ៉ាំទឹកឲ្យបានច្រើន យ៉ាងហោចណាស់ ២ លីត្រ/ថ្ងៃ ជួយបង្កើនបរិមាណទឹកដោះបានកាន់តែច្រើនដូចគ្នា។
៣. បំបៅកូនច្រើនដង៖ ស្ត្រីត្រូវបំបៅដោះកូនញឹកញាប់ ហើយទៀងទាត់ ដោយសារតែទឹកដោះត្រូវចេញទៅតាមការភ្ញោចពីចុងដោះ តាមរយៈការបឺតជញ្ជក់របស់កូន នោះទើបអាចជំរុញឲ្យក្រពេញដោះឆាប់បញ្ចេញទឹកដោះ។
៤. ចៀសវាងថ្នាំបំប៉ន៖ ម៉ាក់ៗត្រូវចៀសវាងរាល់ថ្នាំបំប៉នជំនួយបង្កើនបរិមាណទឹកដោះផ្សេងៗ បើមិនបានពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញជាមុននោះទេ។
៥. សម្រាកបានគ្រប់គ្រាន់៖ ម៉ាក់ៗគួរសម្រាកឲ្យបានគ្រប់គ្រាន់ និងញ៉ាំអាហារឲ្យឆ្អែតៗ ដោយសារកាលណាម៉ាក់ៗគេងមិនបានពេញភ្នែក បណ្ដាលឲ្យអស់កម្លាំង រួចការផលិតទឹកដោះក៏មិនច្រើនល្អ តាមដែលយើងចង់បានដែរ។
៦. ប៉ូមទឹកដោះ៖ សាកល្បងការប៉ូមទឹកដោះចន្លោះពេលបំបៅដោះកូន ដើម្បីជួយបង្កើនបរិមាណទឹកដោះរបស់យើង។ អំឡុងពេលប៉ូមម៉ាក់ៗអាចធ្វើអ្វីផ្សេង ដើម្បីឲ្យខ្លួនឯងសប្បាយចិត្តដូចជា ញ៉ាំអាហារសម្រន់ ស្ដាប់តន្ត្រី មើលរឿងភាគជាដើម។
បើទឹកដោះម៉ាក់ៗចេញតិច គួរណាសាកល្បងតិចនិកបង្កើនបរិមាណទឹកដោះជាមុនសិន សឹមសម្រេចចិត្តឲ្យកូនបៅទឹកដោះគោ ព្រោះបើតាមគោលការណ៍អង្គការសុខភាពពិភពលោក (WHO) ណែនាំឲ្យស្ត្រីបំបៅដោះកូនតែមួយមុខគត់ឲ្យយ៉ាងតិច ៦ ខែ។ ទឹកដោះម្ដាយមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ មានអង់ទីករ និងសម្បូរវីតាមីនដែលជួយដល់ការលូតលាស់របស់ទារក ប្រឆាំង និងការពារពីជំងឺផ្សេងៗ។
[embed-health-tool-vaccination-tool]