backup og meta

ទឹកដោះ​ចេញ​តិចៗ សាក​វិធី​នេះ​ទំនងអាច​ជួយ​បានច្រើន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ May 15, 2023

    ទឹកដោះ​ចេញ​តិចៗ សាក​វិធី​នេះ​ទំនងអាច​ជួយ​បានច្រើន

    ទឹកដោះចេញតិច ឧស្សាហ៍កើត​មាន​ចំពោះ​ស្រីៗ​ស្ទើរ​គ្រប់​រូប មិន​ថា​ម៉ាក់ៗ​ថ្មី​ថ្មោង ឬ​ធ្លាប់​មាន​កូនពី​មុន​ទេ។ បញ្ហានេះអាច​ដោយ​សារ​អារម្មណ៍ ឬ​បញ្ហា​ណា​មួយ ប៉ុន្តែ​កុំ​ទាន់​សម្រេច​ចិត្ត​ភ្លាម ជ្រើស​ម្សៅ​ទឹក​ដោះ​គោ​បំបៅ​កូនអី ព្រោះ​ទឹក​ដោះ​យើង​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​លូតលាស់​កូន។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​មូលហេតុ ក៏​ដូច​ជា​វិធី​ជួយ​ឲ្យ​មាន​ទឹក​ដោះ​ច្រើន​ឲ្យ​គ្នា​យើង​បាន​ដឹង។

    ១- ហេតុ​អី​បាន​ជា​គ្មាន​ទឹក​ដោះ​គ្រប់​គ្រាន់?

    បញ្ហា​បំបៅ​ដោះ ម៉ាក់ៗ​គ្រប់​រូប​តែង​ជួប​ប្រទះ​នោះ គឺ​ស្ថានភាព​មួយ​ធ្វើ​ឲ្យ​យើង​គិត​ថា ​ជឿ​ថា​ខ្លួន​ឯង​គ្មាន​ទឹក​ដោះ​គ្រប់គ្រាន់​សម្រាប់​បំបៅ​កូន ខណៈ​ការ​ពិត ទឹកដោះ​យើង​មាន​គ្រប់គ្រាន់​សោះ។ រឿង​នេះ អាច​មក​ពី​ម៉ាក់ៗ​ថ្មី​ថ្មោង​មួយ​ចំនួន ពុំ​ទាន់​មាន​ជំនឿ​ចិត្ត​គ្រប់​គ្រាន់​ក្នុង​ការ​បំបៅ​ដោះ​កូន​ដោយ​ផ្ទាល់។ លើស​ពី​នេះ ម៉ាក់ៗ​ភាគ​ច្រើន​នៅ​មិន​ទាន់​ឲ្យ​តម្លៃ​ទឹកដោះ​ខ្លួន ស្មើ​នឹង​ម្សៅ​ទឹក​ដោះ​គោ បើ​ទោះ​បី​ជា​មាន​ការ​អះអាង ណែនាំ​ទឹក​ដោះ​ម៉ាក់ៗ ជា​សារជាតិ​ចិញ្ចឹម​ល្អ​បំផុត​សម្រាប់​កូន​ក៏​ដោយ។

    គ្នា​យើង​មួយ​ចំនួន​តែង​ភ័ន្ត​ច្រឡំ​រឿង​ទឹក​ដោះ​តិច ឬ​ច្រើន​ដោយ​សម្គាល់​សញ្ញា​ខុសៗ​គ្នា ប៉ុន្តែ​អ្វី​គួរ​សម្គាល់​នោះ ត្រូវ​ផ្តោត​លើ​ការ​ឡើង​ទម្ងន់​របស់​កូន ទើប​ត្រឹម​ត្រូវ។ កូន​បៅ​ដោះ​ម៉ាក់ៗ មិន​ងាយ​ធាត់​ជ្រុល ដូច​កូនបៅ​ម្សៅ​ទឹក​ដោះ​គោ​នោះ​ទេ។ អ្នកជំនាញ​បាន​បញ្ជាក់​ថា កូន​អាច​ឡើង​ទម្ងន់​ទ្វេដង​អំឡុង​ពេល ៥-៦ ខែ​ប៉ុណ្ណោះ ហើយ​គុណ​នឹង​បី​នៅ​ពេល​អាយុ ១ ខួប។ ដើម្បី​ដឹង​ថា កូនទទួល​ទឹក​ដោះ​ពី​យើង​គ្រប់​គ្រាន់ ឬ​មិន​គ្រប់​គ្រាន់ ​យើង​អាច​សម្គាល់​រឿង​នេះ​បាន​យ៉ាង​ងាយ តាម​រយៈ​ខោ​ទឹក​នោម ព្រោះ​បច្ចុប្បន្ន​ក្មេងៗ​ភាគ​ច្រើន​តែង​ប្រើ​ខោ​ទឹក​នោម​ជា​មធ្យម ៤-៦ ខោ/មួយ​ថ្ងៃ ខណៈ​លាមក​មាន​ពណ៌​លឿង​ស្រាល កកៗ មាន​ន័យ​ថា កូន​ទទួល​ទឹក​ដោះ​មិន​គ្រប់​គ្រាន់​ហើយ។ ក្រៅ​ពី​នេះ យើង​ក៏​អាច​តាមដាន​មើល​ស្បែក និង​ភ្នែក​កូនបាន​ដូច​គ្នា។

    ២- ម៉ាក់ៗ​តែ​ភ័ន្ត​ច្រឡំ​ខ្លួន​ឯង​មាន​ទឹក​ដោះ​តិច

    កុំ​ទាន់​បារម្ភ​អី ទោះ​ទឹក​ដោះ​មាន​តិច មិន​គ្រប់​ឲ្យ​កូនបៅ យើង​នៅ​តែ​អាច​កែខៃ​បាន ដោយ​ប្រើ​វិធី​បុរាណ ព្រោះ​ជាច្រើន​ជំនាន់​មក​ហើយ គេ​ជឿ​ថា​ថ្នាំ​រុក្ខជាតិ​ខ្លះ​មាន​សុវត្ថិភាព​ចំពោះ​ម៉ាក់​មាន​ទឹក​ដោះ​តិច ជួយ​ឲ្យ​មាន​ទឹក​ដោះ​ច្រើន​វិញ ប៉ុន្តែ​មុន​ប្រើ​ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​សិន។ ម្យ៉ាង​ទៀត របប​អាហារ​ក៏​មាន​ឥទ្ធិពល​ខ្លាំង​ចំពោះ​ការ​ផលិត​ទឹក​ដោះ​របស់​ម៉ាក់ៗ​ ដោយ​ជា​ធម្មតា​ ពេទ្យ​ណែនាំ​ឲ្យ​ស្រីៗ​ញ៉ាំ​បន្លែ ផ្លែឈើ​ ស៊ុប ត្រី​សាច់​ឲ្យ​បាន​ច្រើន ពិសេស​ផ្លែ​ល្ហុង ដើម្បី​សម្បូរ​ទឹក​ដោះ ហើយ​ទឹក​ដោះ​ដែល​ផលិត​ចេញ​ក៏​ពោរពេញ​ដោយ​សារធាតុ​ចិញ្ចឹម​សម្រាប់​ការ​លូត​លាស់​របស់​កូនទៀត​ផង។

    ទឹកដោះម្តាយ Hello គ្រូពេទ្យ

    ៣- ដោះ​ស្រាយ​បញ្ហា​ដែល​អាច​ធ្វើ​ឲ្យ​ទឹក​ដោះ​ចេញ​តិច

    នៅ​មាន​ហេតុ​ផល​មួយ​ចំនួនដែល​អាច​ប៉ះពាល់​ដល់​ការ​ផលិត​ទឹក​ដោះ មួយ​ក្នុង​ចំណោម​នោះ គឺ​ការ​ទុក​ដាក់​កូន​មិន​បាន​ត្រឹមត្រូវ ព្រោះ​ពេលកូន​នៅ​ឆ្ងាយ​តែ​ឯង នឹង​បណ្តាល​ឲ្យ​ខ្វះ​ការ​ភ្ញោច​សុដន់​របស់​ម៉ាក់ៗ ធ្វើ​ឲ្យ​ការ​ផលិត​ទឹក​ដោះ​បាន​តិច​ដូច​គ្នា។ ទឹកដោះ​តិច​ពេក ក៏​អាច​មក​ពី​រូបរាង​នៃ​ចុង​ដោះ​ផង​ដែរ ពិសេស​ចុង​ដោះ​សំប៉ែត ឬ​លឹប​ចូល​ក្នុង​ធ្វើ​ឲ្យ​កូន​ពិបាក​បៅ។ បញ្ហា​មួយ​ទៀត បើ​យើង​ពន្យារ​ការ​បំបៅ​ដោះ​កូន ដោយ​សារ​ឈឺ​ចុង​សុដន់ ឬ​មាន​អារម្មណ៍​រំខាន ក៏​ជា​មូលហេតុ​នាំ​ឲ្យ​រាំង​ស្ទះ​ការ​ផលិត​ទឹក​ដោះ​ដែរ។

    បំបៅ​ដោះ​មិន​ទៀងទាត់ ក៏​អាច​បង្ក​បញ្ហា​នេះ​ដូច​គ្នា ហើយ​ដើម្បី​ដោះស្រាយ ​យើង​ត្រូវ​ដាក់​កូនលើ​ទ្រូង​ពេល​ម៉ឹម​ដោះ​ និង​ឲ្យ​បាន​ញឹក​ញាប់ យ៉ាង​ហោច​ណាស់ ៨ ដង​/​ថ្ងៃ។ ពេល​កូន​បៅ​ញឹកញាប់ សុដន់​ក៏​ផលិត​ទឹក​ដោះ​បាន​ច្រើន​ទៅ​តាម​ហ្នឹង​ដែរ ហើយ​បើ​យើង​ទម្លាប់​កូន​បៅ​ម្សៅ​ទឹក​ដោះ​គោ​ជំនួយ នឹង​ធ្វើ​ឲ្យកូនលែង​ចង់​បៅ​ដោះ​ម៉ាក់ៗ​មិន​ខាន។

    ក្រៅ​ពី​នេះ បញ្ហា​ស្ត្រេស​ក៏​ជា​រឿង​មិន​អាច​ចៀស​ផុត ទាំង​អំឡុង​ពេល​កំពុង​ពពោះ និង​ក្រោយ​សម្រាល ហើយ​ជា​កត្តា​​ចម្បង​ធ្វើ​ឲ្យ​ការ​ផលិត​ទឹក​ដោះ​បាន​តិច។

    អត្ថបទគួរអាន៖

  • ក្មេង​កើត​អូទីស្សឹម​អាច​ព្យាបាល​ជា​ទេ?
  • អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប
  • អាហារ​ស្រីៗពពោះ​គួរញ៉ាំ និង​មិនគួរ​ញ៉ាំ​ ​ការ​ពារ​កូន​កុំឲ្យ​កើត​មកមាន​បញ្ហា​អូទីស្សឹម
  • តិចនិក​សាមញ្ញ​ អាចជួយ​ក្មេងៗរើ​បម្រះ​ពី​ជំងឺ​អូទីស្សឹម​បាន
  • ៤- វិធី​សាស្ត្រ​ជួយ​ឲ្យ​មាន​ទឹក​ដោះ​ច្រើន

    ដូច​បាន​រៀបរាប់​ខាង​លើ របប​អាហារ ផឹក​ទឹក និង​គេង​ឲ្យ​បាន​គ្រប់គ្រាន់ អាច​បង្កើន​ការ​ផលិត​ទឹក​ដោះ​បាន។ ក្រៅ​ពី​នេះ​ ម៉ាក់ៗ​គួរ​ចៀស​វាង​ប្រើ​ដប​ទឹក​ដោះ​គោ ឬ​ក្បាល​ដោះ​ជ័រ នៅ​ពេល​ផ្តល់​ទឹក ឬ​ទឹក​ដោះ​ឲ្យ​កូន ព្រោះ​ធ្វើ​បែប​នេះ កូន​អាច​ច្រឡំ​ មិន​ដឹង​មួយ​ណា​ជា​ចុង​ដោះ​ម៉ាក់ៗ​នោះ​ទេ។ គួរ​ប្រើ​កែវ ស្លាបព្រា ឬ​សឺរ៉ាំង បើ​ចាំ​បាច់។

    បើ​នៅ​តែ​មាន​បញ្ហា គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ គ្រូពេទ្យ​អាច​ចេញ​វេជ្ជបញ្ជា​ថ្នាំ​ឈ្មោះ Domperidone ដើម្បី​ជួយ​បង្កើន​ការ​ផលិត​អ័រម៉ូន​ប្រូឡាក់ទីន (Prolactin) ដែល​សំខាន់​ជួយ​បង្កើន​ការ​ផលិត​ទឹក​ដោះ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Leng Pechsovatey · កែ May 15, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម