៣- ដោះស្រាយបញ្ហាដែលអាចធ្វើឲ្យទឹកដោះចេញតិច
នៅមានហេតុផលមួយចំនួនដែលអាចប៉ះពាល់ដល់ការផលិតទឹកដោះ មួយក្នុងចំណោមនោះ គឺការទុកដាក់កូនមិនបានត្រឹមត្រូវ ព្រោះពេលកូននៅឆ្ងាយតែឯង នឹងបណ្តាលឲ្យខ្វះការភ្ញោចសុដន់របស់ម៉ាក់ៗ ធ្វើឲ្យការផលិតទឹកដោះបានតិចដូចគ្នា។ ទឹកដោះតិចពេក ក៏អាចមកពីរូបរាងនៃចុងដោះផងដែរ ពិសេសចុងដោះសំប៉ែត ឬលឹបចូលក្នុងធ្វើឲ្យកូនពិបាកបៅ។ បញ្ហាមួយទៀត បើយើងពន្យារការបំបៅដោះកូន ដោយសារឈឺចុងសុដន់ ឬមានអារម្មណ៍រំខាន ក៏ជាមូលហេតុនាំឲ្យរាំងស្ទះការផលិតទឹកដោះដែរ។
បំបៅដោះមិនទៀងទាត់ ក៏អាចបង្កបញ្ហានេះដូចគ្នា ហើយដើម្បីដោះស្រាយ យើងត្រូវដាក់កូនលើទ្រូងពេលម៉ឹមដោះ និងឲ្យបានញឹកញាប់ យ៉ាងហោចណាស់ ៨ ដង/ថ្ងៃ។ ពេលកូនបៅញឹកញាប់ សុដន់ក៏ផលិតទឹកដោះបានច្រើនទៅតាមហ្នឹងដែរ ហើយបើយើងទម្លាប់កូនបៅម្សៅទឹកដោះគោជំនួយ នឹងធ្វើឲ្យកូនលែងចង់បៅដោះម៉ាក់ៗមិនខាន។
ក្រៅពីនេះ បញ្ហាស្ត្រេសក៏ជារឿងមិនអាចចៀសផុត ទាំងអំឡុងពេលកំពុងពពោះ និងក្រោយសម្រាល ហើយជាកត្តាចម្បងធ្វើឲ្យការផលិតទឹកដោះបានតិច។
៤- វិធីសាស្ត្រជួយឲ្យមានទឹកដោះច្រើន
ដូចបានរៀបរាប់ខាងលើ របបអាហារ ផឹកទឹក និងគេងឲ្យបានគ្រប់គ្រាន់ អាចបង្កើនការផលិតទឹកដោះបាន។ ក្រៅពីនេះ ម៉ាក់ៗគួរចៀសវាងប្រើដបទឹកដោះគោ ឬក្បាលដោះជ័រ នៅពេលផ្តល់ទឹក ឬទឹកដោះឲ្យកូន ព្រោះធ្វើបែបនេះ កូនអាចច្រឡំ មិនដឹងមួយណាជាចុងដោះម៉ាក់ៗនោះទេ។ គួរប្រើកែវ ស្លាបព្រា ឬសឺរ៉ាំង បើចាំបាច់។