ស្រីៗកំពុងបំបៅដោះកូន ប្រយ័ត្នប្រយែងបន្តិច ពិសេសចុងសុដន់យើង ត្រូវតែមានអនាម័យ ប្រយ័ត្នកូនកើតរោគផ្សិត។ មេរោគផ្សិត Candida Albicans អាចជះឥទ្ធិពលដល់ការបំបៅកូនដោយទឹកដោះ។ រោគផ្សិត អាចលូតលាស់បាននៅលើក្បាលដោះយើង និងក្នុងមាត់ទារក។ ចង់ដឹងហេតុអីបានកើតរោគផ្សិតនេះ រោគសញ្ញាយ៉ាងម៉េច បង្ការដោយវិធីណា សូមស្ដាប់ការបកស្រាយរបស់ “Hello គ្រូពេទ្យ’។
១- ម៉េចបានកើតផ្សិត?
ក្នុងរាងកាយយើង មានផ្ទុកមេរោគផ្សិតម៉្យាងឈ្មោះ Candida Albicans ដោយផ្សិតនេះ ជាផ្នែកមួយនៃប្រព័ន្ធរំលាយអាហារយើង ប៉ុន្តែនៅពេលវាមានឱកាសលូតលាស់ ហើយរីកដុះដាល នឹងបង្កជាជំងឺបង្កដោយពពួកផ្សិត។ ការបំបៅដោះ ងាយនឹងធ្វើឲ្យស្រីៗកើតជំងឺនេះណាស់ ដោយមេរោគផ្សិតនឹងលូតលាស់ល្អក្នុងស្ថានភាពក្ដៅល្មម មានសំណើម កន្លែងមានជាតិស្ករ ដែលស្ថានភាពនេះ ស៊ីគ្នាទៅនឹងពេលកូនកំពុងម៉ឹមដោះ។ មានន័យថា បើកូនយើងឡើងជ្រាំងអណ្តាត នឹងចម្លងមេរោគផ្សិតនេះមកយើងដូចគ្នា ហើយបញ្ហាជ្រាំងអណ្ដាត កើតមានញឹកញាប់បំផុតចំពោះទារក ពិសេសទារកអាយុបាន ៤ សប្ដាហ៍។
២- រោគសញ្ញាកើតរោគផ្សិត
សញ្ញាទូទៅនៃការឆ្លងមេរោគផ្សិត ពេលបំបៅកូនដោយទឹកដោះ យើងអាចសង្កេតតាមចំណុចមួយចំនួន៖
– ឈឺចាប់ក្នុងសុដន់
– ក្បាលសុដន់ឡើងពណ៌ផ្កាឈូក ឬក្រហម និងភ្លឺ
– ក្បាលសុដន់មានការខូចខាត ហើយមិនបានជាសះស្បើយពេលដែលក្មេងបានបៅ។
– ក្បាលសុដន់ឈឺក្រោយពេលបំបៅកូន និងអាចឈឺខ្លាំង និងយូររហូតដល់មួយម៉ោង ក្រោយបំបៅ។
– រមាស់នៅក្បាលសុដន់ អាចមានអារម្មណ៍សង្កៀរ នៅពេលដែលប៉ះ។ ស្រីៗអារម្មណ៍មិនស្រួលខ្លួន ទោះបីជាពាក់អាវរលុងក៏ដោយ។
៣- រោគសញ្ញាកើតលើទារក
ពេលទារកឆ្លងមេរោគ យើងអាចមើលឃើញមានបំណះពណ៌សដូចកំណាត់ នៅលើអណ្ដាត អញ្ចាញធ្មេញ និងក្នុងក្រអូមមាត់ផ្នែកខាងលើ។ បំណះពណ៌សទាំងនេះ មិនងាយយកចេញស្រួលៗទេ បើប្រៀបទៅនឹងជ្រាំងកើតដោយសារទឹកដោះគោ។ បើយើងប៉ះបំណែកសនោះជាមួយម្រាមដៃយើង យើងនឹងមានអារម្មណ៍ថា បាតរបស់បំណះមានសភាពទន់ និងអាចហូរឈាមទៀតផង។ កូនអាចនឹងមិនបៅដោះ ឬបៅក្នុងរយៈពេលខ្លី ដោយសារការឈឺក្នុងមាត់។ មេរោគអាចចូលទៅកាន់គូទក្មេងបានតាមប្រព័ន្ធរំលាយអាហារ អាចបណ្ដាលឲ្យពួកគេឡើងកន្ទួលរមាស់ ពេលក្មេងស្លៀកខោ ឬកន្ទបទឹកនោម។ ជាធម្មតា កន្ទួលមានសភាពឈឺ និងសើម ជាមួយនឹងឡើងក្រហម ឬពណ៌ស និងអាចរាលដាលទៅផ្នែកផ្នត់នៃស្បែក។
អត្ថបទពាក់ព័ន្ធ៖
៤- វិធីព្យាបាល
ក្រែម ឬជែលប្រឆាំងរោគផ្សិត ដែលចេញតាមវេជ្ជបញ្ជាសម្រាប់ព្យាបាលបញ្ហាឆ្លងមេរោគ ជាធម្មតា គឺថ្នាំ Miconazole។ គ្រូពេទ្យអាចនឹងពិនិត្យមើលរោគសញ្ញាកូនយើង។ បើមានមេរោគនៅក្នុងមាត់ និងមាននៅតាមគូទ នោះត្រូវចាប់ផ្ដើមព្យាបាល ដោយលាបជែល ឬក្រែមនៅតំបន់មានមេរោគ និងបន្តព្យាបាលរហូតទាល់លែងមានមេរោគទៀត។
[embed-health-tool-vaccination-tool]