តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

ពន្យល់​លម្អិត រឿងចាស់ៗ និងពេទ្យឲ្យ​យកកូនទើបកើតហាលថ្ងៃ

    ពន្យល់​លម្អិត រឿងចាស់ៗ និងពេទ្យឲ្យ​យកកូនទើបកើតហាលថ្ងៃ

    ​​​​ស្បែក​របស់​ទារក​ទើប​កើត​​ងាយ​រងគ្រោះ​​ណាស់​ ​ដែល​​ទាមទារ​ការ​​​​ការពារ​​ពី​ផល​ប៉ះពាល់​ដ៏​គ្រោះថ្នាក់​​នៃ​ពន្លឺ​ព្រះអាទិត្យ​ រួម​ទាំង​កម្ដៅ​​ និង​សំណើម​ផង​ដែរ​។ ការ​​ដាក់​អា​អូន​ជា​ទី​ស្រលាញ់​នៅ​ឲ្យ​ឆ្ងាយ​មិន​ឲ្យ​ត្រូវ​ផ្ទាល់​នឹង​​ពន្លឺ​ព្រះអាទិត្យ​​ គឺ​ជា​ទង្វើ​ដ៏​ត្រឹមត្រូវ ប៉ុន្តែ​​​ម៉ាក់​ៗ​ក៏​អាច​ដាក់​កូន​ហាល​ថ្ងៃ​នៅ​ពេល​មាន​​ពន្លឺស្រាល​ៗ​ ជា​ពិសេស​ នៅ​ពេល​ព្រឹក​ព្រលឹម​ ដើម្បី​ឲ្យ​កូន​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន​ពី​ពន្លឺ​ព្រះអាទិត្យ។​

    ពិត​ណាស់​ កាំរស្មី​យូវី​ មាន​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​ដល់​សុខភាព​របស់​ក្មេង​ ប្រសិន​បើ​យើង​ចេះ​ប្រើប្រាស់​វា​​បាន​ត្រឹម​ត្រូវ​ ដូច​ដែល​យើង​ធ្លាប់ដឹង​ហើយ​ថា​ចាស់ៗ និង​គ្រូពេទ្យ​តែងណែនាំឲ្យម៉ាក់ៗ​​យក​កូន​ហាល​ថ្ងៃ​នោះ​។​

    . វីតាមីន​D

    រាងកាយ​របស់​​មនុស្ស​យើង​រាល់​គ្នា​ ត្រូវការ​វីតាមីន​D ​ហើយ​ដើម្បី​បង្កើត​វីតាមីន​ប្រភេទ​នេះ​បាន​ ​ទារក​​ត្រូវការ​កាំរស្មី​យូវី​យ៉ាង​តិច​១៥​​នាទី​រៀងរាល់​ថ្ងៃ​ ​ដោយ​អាស្រ័យ​លើ​​សម្បុរ​ស្បែក​របស់​ទារក​ ហើយ​ចំពោះ​ស្បែក​ដែល​ស្រគាំ​ខ្លាំង​​ត្រូវ​​​ចំណាយ​ពេល​នៅ​ក្រោម​ពន្លឺ​ព្រះអាទិត្យ​កាន់​តែ​យូរ​ ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​លើស​ពី​​​៣០នាទី​ឡើយ​។​ វីតាមីន​D ​ជួយ​សម្រួល​​ដល់​​ការ​ស្រូប​​យក​ជាតិ​កាល់ស្យូម​ដែល​​ធ្វើ​ឲ្យ​ឆ្អឹង​ និង​ធ្មេញ​រឹងមាំ​។​លើស​ពី​នេះ​ វា​ក៏​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ទារក​មាន​ដំណើរ​ការ​ប្រសើរ​ និង​អាច​ការពារ​​កូន​ជាទី​ស្រលាញ់​របស់​ម៉ាក់​ៗ​​ឲ្យ​ចៀសឆ្ងាយ​ពី​ជំងឺ​ផ្សេង​ៗ​ផង​ដែរ។

    . បង្កើន​​កម្រិត​អ័រម៉ូន​សេរ៉ូ​តូនីន​

    ​​​​​ពន្លឺ​ព្រះអាទិត្យ​ ជួយ​បង្កើន​ការ​ផលិត​អ័រម៉ូន​សេរ៉ូ​តូនីន​ នៅ​ពេល​ដែល​ទារក​ទទួល​បាន​ពន្លឺ​ព្រះអាទិត្យ​នៅ​ក្នុង​បរិមាណ​ត្រឹមត្រូវ​។​ អ័រម៉ូន​នេះ​ គឺ​ជា​អ័រម៉ូន​រីករាយ​ ដែល​ជួយ​បង្កើន​អារម្មណ៍​សុភមង្គល​ និង​សុវត្ថិភាព​ដល់​ក្មេង។​ បន្ថែម​ពី​នេះ​ អ័រម៉ូន​សេរ៉ូ​តូនីន​ក៏​ជួយ​ជំរុញ​ដល់​ការ​គេង​ និង​ការ​រំលាយ​អាហារ​របស់​ទារក​​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​ផង​។

    . បង្កើត​កម្រិត​អាំងស៊ុយលីន

    ជាមួយ​គ្នា​នេះ​ដែរ​ ការ​ទទួល​ពន្លឺ​ព្រះអាទិត្យ​តាំង​ពី​ក្មេង​ អាច​ជួយ​ការពារ​កូនៗ​របស់​យើង​ពី​ជំងឺ​​ទឹក​នោម​ផ្អែម​បាន​មួយ​​កម្រិត​ដែរ​ ដោយ​សារ​តែ​ពន្លឺ​ព្រះអាទិត្យ​ផ្ដល់​វីតាមីន​D ទៅ​ក្នុង​រាងកាយ​ទារក​ ​ដែល​អាច​ជួយ​គ្រប់គ្រង​អាំងស៊ុយលីន​កាន់​តែ​ប្រសើរ​ឡើង​។​

    កូនហាលថ្ងៃ

    . ចៀសវាង​ការ​កើត​ជំងឺ​ខាន់​​លឿង

    បន្ថែម​ពី​នេះ​ ពន្លឺ​ព្រះអាទិត្យ​អាច​ជួយ​បំបែក​ពពួក​បីលីរុយប៊ីន​ ជា​សារជាតិ​លឿង​​​ ដែល​​កើត​ឡើង​​​ពី​​ធម្មជាតិ​សម្រាប់​បំផ្លាញ​សារជាតិ​បំប៉ន​ក្នុង​រាងកាយ​របស់​ទារក​។​​ នៅ​ពេល​ដែល​ក្មេង​ទទួល​ពន្លឺ​ព្រះអាទិត្យ​បាន​គ្រប់គ្រាន់​​ វា​នឹង​ជួយ​​ធ្វើ​ឲ្យ​ថ្លើម​ទារក​មាន​ដំណើរការ​កាន់​តែ​ប្រសើរ​ជាង​មុន​។​ ការ​លូតលាស់​នៃ​បីលីរុយប៊ីន​ដែល​មិន​បាន​ត្រួតពិនិត្យ​ អាច​បណ្ដាល​​ឲ្យ​​កើត​​មាន​ជាតិ​លឿង​នៅ​លើ​ស្បែក​កូន​ជាទី​ស្រលាញ់​របស់​ម៉ាក់ៗ​​​។ ការ​ដាក់​អាអូន​ទើប​កើត​ឲ្យ​នៅ​ក្រោម​ពន្លឺ​ព្រះអាទិត្យ​ពេល​ព្រឹក​ព្រលឹម​ រយៈពេល​ចាប់ពី​១៥ ទៅ​២០​នាទី​ជា​រៀង​រាល់​ថ្ងៃ ដោយ​គ្មាន​សំលៀកបំពាក់​ ​​អាច​បញ្ចៀស​​កូន​ៗ​ពី​ជំងឺ​ខាន់​លឿង​​ប្រភេទ​ស្រាល​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​​​​​​​​​​​​​​​​

    . កម្រិត​ថាមពល​ខ្ពស់​ជា​មុន

    នៅ​ពេល​ដែល​ទារក​ទើប​កើត​ បាន​ប៉ះពាល់​នឹង​ពន្លឺ​ព្រះអាទិត្យ​​ វា​អាច​ជួយ​គ្រប់គ្រង​ការ​ផលិត​អ័រម៉ូន​មេឡាតូនីន ដែល​អ័រម៉ូន​ប្រភេទ​នេះ​ អាច​ជះ​ឥទ្ធិពល​ដល់​ការ​គេង​របស់​ក្មេង​។​ ពន្លឺ​ព្រះអាទិត្យ​អាច​ជួយ​កាត់​បន្ថយ​នូវ​អ័រម៉ូន​មេឡាតូនីន និង​បង្កើន​អ័រម៉ូនសេរ៉ូតូនីន ដែល​ធ្វើ​ឲ្យ​កម្រិត​ថាមពល​របស់​អា​អូន​កាន់​តែ​ប្រសើរ​ជាង​មុន​ថែម​ទៀត​ផង​។

    បន្ថែម​ពី​នេះ​ ពេលវេលា​ដ៏​ល្អ​បំផុត​ ដែល​យើង​គួរ​ដាក់​កូន​នៅ​ក្រោម​ពន្លឺ​ព្រះអាទិត្យ​ គឺ​នៅ​ចន្លោះ​ពី​ម៉ោង​៧ដល់​​ម៉ោង​១០​ព្រឹក​​។មួយ​វិញ​ទៀត​​ ម៉ាក់​ៗ​​​​ក៏​អាច​បិទបាំង​ភ្នែក​អា​អូន​ ដើម្បី​កុំ​ឲ្យ​​មាន​ផល​ប៉ះពាល់​ដល់​ភ្នែក​​​ផង​ដែរ​ និង​​​មិន​ចាំ​បាច់​ដាក់​​អាអូន​ហាល​ថ្ងៃ​នៅ​ទី​ធ្លា​លំហ​ពេក​ទេ​​ ​​គឺ​​​​គ្រាន់​តែ​បើក​បង្អួច​ឲ្យ​​មាន​ពន្លឺ​ព្រះអាទិត្យ​ចេញចូល​ក៏​​​គ្រប់គ្រាន់​ទៅ​ហើយ​​​​។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://parenting.firstcry.com/articles/7-amazing-benefits-of-sunlight-for-newborn-babies/

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 08/01/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត