home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

អាយុ ២ សប្តាហ៍៖ ម៉ាក់ប៉ាប្រយ័ត្នរឿង១ បើមិនចង់ឲ្យបេប៊ីមានបញ្ហា

ការលូតលាស់ និងអាកប្បកិរិយា|សុខភាព និងសុវត្ថិភាព|ការព្រួយបារម្ភ
អាយុ ២ សប្តាហ៍៖ ម៉ាក់ប៉ាប្រយ័ត្នរឿង១ បើមិនចង់ឲ្យបេប៊ីមានបញ្ហា

ការលូតលាស់ និងអាកប្បកិរិយា

មួយអាទិត្យ​ក្រោយ​សម្រាល​បេប៊ី​ស្គាល់​សំឡេង​របស់​ម៉ាក់ប៉ា​បណ្តើរៗ​ហើយ។ អូន​តូច​នឹង​មាន​អារម្មណ៍​កក់​ក្តៅ​ពេល​បាន​ឮ​សំឡេង​យើង ទោះ​ជា​មិន​ទាន់​យល់​ពី​អ្វី​ដែល​កំពុង​​និយាយ​ក៏​ដោយ​​​។ អ្វី​ដែល​គួរឲ្យ​ចាប់​អារម្មណ៍​នោះ​ក្នុង​អំឡុង ២ សប្តាហ៍​ដំបូង​​បេប៊ី​នឹង​ងើប​​ក្បាល​​បន្តិច ​​ដូច្នេះ​ហើយ​ត្រូវ​តែ​ប្រយ័ត្ន​កុំ​ឲ្យ​មាន​អ្វី​មក​បិទ​ផ្លូវ​ដង្ហើម​របស់​អាអូន​នៅ​ពេល​គេ​ផ្កាប់មុខ​ចុះ។ ចំណែក​ភ្នែក​របស់​អូន​តូចៗ​មិន​ទាន់​បើក​បាន​ពេញ​លេញ​នោះ​ទេ​​ គេ​អាច​មើល​ឃើញ​ប្រហែល ​២០-៤០ ​សង់​ទី​ម៉ែត្រ ពី​ខ្លួន​តែ​ប៉ុណ្ណោះ​។

១- ថែទាំបេប៊ីរបៀបណា?

​២​សប្តាហ៍​ដំបូង​ បេប៊ី​​ចាប់​អារម្មណ៍​ជាមួយ​របស់​គ្រប់​យ៉ាង​នៅ​ជុំ​វិញ​ខ្លួន ពិសេស​អូន​តូច​ចូលចិត្ត​មើល​មក​នរណាម្នាក់​ដែល​​សម្លឹង​រក​គេ។ ភ្នែកបេប៊ី​ទាំងគូ​ត្បិត​មើល​មិន​ទាន់​មើលឃើញ តែ​កែវ​ភ្នែក​គេ​រំពៃមើល​របស់​នៅ​ជុំវិញ​ខ្លួន ជា​ពិសេស​កាយវិការ​​​ម៉ាក់ៗ ដូចនេះ​គួរ​ណា​តែ​សម្លឹង​មើល​មុខ​អាអូន​ចុះ​ឡើង​នៅ​ពេលបំបៅ​ដោះ ធ្វើ​បែប​នេះ​អាច​ជួយ​ដល់​ការវិវត្តសាច់ដុំ​ភ្នែក​បាន​ល្អ។

ក្រៅ​ពី​សម្លឹង​មើល​មុខ​បេប៊ី ​ម៉ាក់​ត្រូ​វតែ​និយាយ​ជាមួយ​អាអូន​ឲ្យ​បាន​ច្រើន​ ដើម្បី​ឲ្យ​អូន​តូច​ឆាប់​ស្គាល់​សំឡេង។

សុខភាព និងសុវត្ថិភាព

២- ត្រូវដឹងពីអីខ្លះ?

បើ​បេប៊ី​មាន​សុខភាព​ល្អ​ហើយ​មិន​បាច់​ទៅ​ជួប​គ្រូពេទ្យ​ក៏​បាន​ដែរ។ តែ​​បើ​បាន​ទៅ​ជួបពេទ្យ គួរ​តែ​ពិនិត្យ​ឲ្យ​សុខភាព​អាអូន​ឲ្យ​ហើយ​ទៅ។

– វាស់​កម្ពស់

– លាង​សម្អាត​ផ្លូវ​ដង្ហើម

– បន្តក់​ថ្នាំ​អង់ទីប៊ីយូទិច​លើ​ភ្នែក​បង្ការ​រោគប្រមេះ ឬ​ប៉ារ៉ាស៊ីត។

៣- ត្រូវដឹងអីខ្លះ?

បេប៊ី​កើត​មិន​គ្រប់​ខែ ​និង​បេប៊ី​បៅ​ទឹក​ដោះ​ម្តាយ​មួយ​ចំនួន​មាន​បញ្ហា​កើត​លឿង​នៅ​លើ​ស្បែក ឬ​ក្នុង​ភ្នែក។ នេះ​​បណ្តាល​មកពី​ថ្លើម​មិន​ទាន់​​មាន​តួនាទី​ពេញលេញ​ទៅ​បំបែក​ប៊ីលីរ៉ូប៊ីន (Bilirubin) ​​ក្នុង​ចរន្ត​ឈាម។ ភាគ​ច្រើន​ពណ៌​លឿង​មាន​នៅ​លើ​មុខ ទ្រូង ពោះ ឬ​ជើង ពេល​ដែល​យក​ម្រាមដៃ​សង្កត់​ទៅ​លើ​ថ្ងាស ឬ​ច្រមុះ​អូន​តូច​ថ្នមៗ បើ​ស្បែក​មាន​ពណ៌​លឿង មាន​ន័យថា​អាអូន​មាន​ជំងឺ​នេះ​ហើយ។ ចំពោះ​បេប៊ី​ដែល​មាន​ស្បែក​ខ្មៅ​ស្រអែម ម៉ាក់​ប៉ា​អាច​ដឹង​ថា អាអូន​មាន​ជំងឺ​នេះ​បាន​ដោយ​សម្គាល់​ទៅ​លើ​ផ្នែក​ពណ៌​ស​ក្នុង​ភ្នែក ឬ​ក៏​មើល​លើ​អញ្ចាញ​ធ្មេញ។

​ទោះ​ជា​បែប​នេះក្តី​ម៉ាក់​ប៉ា​មិន​បាច់​ព្រួយ​បារម្ភ​ពេក​ទេ ព្រោះ​បេប៊ី​មួយ​ចំនួន​ធំ​ដែល​មាន​បញ្ហា​កើត​លឿង​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯងក្នុង​រយៈ​ពេល ១-២ ​អាទិត្យ ដោយ​គ្រាន់​តែ​បំបៅ​ដោះ​​បេប៊ី​ឲ្យ​បាន​ញឹក​ញាប់ ឬ​ឲ្យ​អាអូន​បៅ​ទឹក​ដោះ​គោ​ដែល​មាន​សារធាតុ​បំប៉ន ដើម្បី​ឲ្យ​​​ប៊ីលីរ៉ូប៊ីន (Bilirubin) ចុះ​ទៅ​តាម​លាមក​​។

ការព្រួយបារម្ភ

៤- អីខ្លះត្រូវបារម្ភ?
ក្នុង ២-៣ សប្តាហ៍​ដំបូង ម៉ាក់ប៉ា​ភាគ​ច្រើន​ព្រួយ​រឿង​ទម្ងន់​បេប៊ី តើ​មក​ពីអ្វី? ម៉ឹម​មិន​គ្រប់​គ្រាន់? ទម្ងន់​ប៉ុណ្ណឹង​ត្រូវ​តាម​ស្តង់ដារ ឬ​អត់? ហេតុអ្វី​បាន​ជា​អាអូន​តូច​ជាង​កូន​អ្នក​នេះ ឬ​កូន​អ្នក​នោះ?

មិន​បាច់​ប្រៀប​ធៀប ឬ​ព្រួយ​ច្រើន​ពេក​ទេ យើង​គ្រាន់​តែ​ពិនិត្យ​មើល​ការ​បំបៅ​ដោះ​កូនប៉ុណ្ណោះ។ តើ​អាអូន​បៅ​បាន​គ្រប់​គ្រាន់​ឬ​ទេ? ពេល​អាអូន​ម៉ឹម​ម្តងៗ ​ដើមទ្រូង​ស្រាល​ជាង​មុន​អត់? យើង​អាច​ស្តាប់​សំឡេង​ពេល​អាអូន​ម៉ឹម​ក៏​អាច​ដឹង​ដែរ តើ​អូនតូច​រីករាយ​នឹង​ម៉ឹម​ទឹកដោះ​ដ៏​ផ្អែម​ឆ្ងាញ់​នេះ​ទេ?

ចំពោះ​គ្នា​យើង​ដែល​បំបៅ​អាអូន​ដោយ​ទឹកដោះ​គោ ត្រូវ​តែ​ប្រាកដ​ថា បរិមាណ​កូន​បៅ​កើន​ឡើង​ទោះតិច ឬ​ច្រើន ពី​មួយ​សប្តាហ៍ទៅ​មួយ​សប្តាហ៍។ ​បើ​បេប៊ី​ទទួល​ជាតិ​ទឹក​មិន​គ្រប់គ្រាន់ទេ ស្បែក​នឹង​មាន​ស្នាម​ជ្រីវ​ជ្រួញ រាង​កាយ​មិន​សូវ​ស្វាហាប់ ហើយ​លាមក​មាន​ពណ៌​ខ្មៅ​នោះ ប្រហែល​ជា​ត្រូវ​ជួប​គ្រូពេទ្យ​ហើយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Murkoff, Heidi. What to Expect, The First Year. New York: Workman Publishing Company, 2009. Print version. Page 99-133.

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ណៃ ទូច កែសម្រួល​ចុងក្រោយ 24/01/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត