ការលូតលាស់ និងអាកប្បកិរិយា
ដល់ពេលរពឹសហើយ អាអូនចាប់ផ្តើមចូលចិត្តយករបស់ផ្សេងៗមកបៀម ពិសេសម្រាមដៃម្រាមជើងរបស់គេ។ ប្រាកដណាស់ម៉ាក់ប៉ាឃើញបែបនេះ ច្បាស់ជាទាញដៃអាអូនមិនឲ្យបៀមរបស់ទាំងនោះទេ ព្រោះជារបស់មិនល្អ អាចធ្វើឲ្យប៉ះពាល់សុខភាព ឬស្លាក់បាន។
បើអាអូនបៀមរបស់ដែលមិនប៉ះពាល់ដល់សុខភាព យើងមិនចាំបាច់ឃាត់ឃាំងនោះទេ ការធ្វើបែបនេះអាចជួយឲ្យបេប៊ីនៅស្ងៀមមិនរពឹស។ អាយុ ៤សប្តាហ៍បេប៊ីអាចសំឡឹងមើលវត្ថុនៅជុំវិញខ្លួនបានចម្ងាយប្រមាណ ២០-៣០ សង់ទីម៉ែត្រ។
១- បង្រៀនកូនអីខ្លះ?
បេប៊ីរឹងដៃរឹងជើងជាងមុនបន្តិចមែន ប៉ុន្តែម៉ាក់ប៉ាត្រូវបន្តឲ្យអាអូនគេងផ្ងារមុខឡើងលើទោះបីជាភ្ញាក់ហើយក៏ដោយ។ យើងត្រូវចាំថា កអាអូនជាកន្លែងងាយស្រួលបត់ដូចនេះត្រូវការពារបេប៊ីពីបញ្ហាថប់ផ្លូវដង្ហើម។
ប្រការសំខាន់បំផុត យើងត្រូវឧស្សាហ៍ឱនមើលមុខអូនតូចឲ្យបានញឹកញាប់ ធ្វើបែបនេះបេប៊ីនឹងខំប្រឹងងើបក្បាល។ ម្យ៉ាងវិញទៀតម៉ាក់ប៉ាអាចយកកន្សែង ឬភួយមកកល់ក្រោមខ្នងរបស់អាអូន ដើម្បីជួយឲ្យកូនងើបក្បាលខ្លួងឯងបានលឿន ហើយប្រព័ន្ធប្រសាទបញ្ជាសាច់ដុំក៏ចាប់ផ្តើមធ្វើការពេញលេញ។
សុខភាព និងសុវត្ថិភាព
២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?
ដល់ពេលយកបេប៊ីទៅជួបគ្រូពេទ្យតាមការណាត់ហើយ គ្រូពេទ្យនឹងពិនិត្យដូចជា៖
– បូមឈាមកែងជើងរកមើលជំងឺប្រព័ន្ធទឹកនោម
– ចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទបេ
– ចាក់វ៉ាក់សាំងការពារជំងឺខាន់ស្លាក់ ក្អកមាន់ និងតេតាណុស
– ធ្វើតេស្តកម្រិតស្តាប់ឮ។
៣- ត្រូវដឹងពីអីខ្លះ?
បេប៊ីអាយុតិចជាង ១ ខែយំច្រើនណាស់ ម្យ៉ាងវិញទៀតការឈឺក្នុងពោះធ្វើឲ្យអាអូនយំកាន់តែខ្លាំង។ បញ្ហានេះកើតលើបេប៊ីមានអាយុតិចជាង៣ខែប្រហែល ១០%-២៥%។ ការឈឺចាប់ក្នុងពោះច្រើនកើតឡើងភ្លាមៗនៅពេលល្ងាច ដែលធ្វើឲ្យអាអូនយំខ្លាំងមិនឈប់ ហើយលើកដៃជើងខុសពីធម្មតា។ ប៉ុន្តែបញ្ហានេះនឹងបាត់ទៅវិញពេលបេប៊ីមានអាយុប្រហែល៣ខែ ដូច្នេះម៉ាក់ប៉ាមិនបាច់ភ័យព្រួយពេកទេ។
វិធីបញ្ជៀសបេប៊ីពីការយំច្រើន៖
-បង្កើតបរិយាកាសស្រដៀងគ្នានៅក្នុងស្បូន ដោយយកភួយរុំខ្លួនអាអូនហើយយកមកថ្នមក្នុងដៃ ធ្វើបែបនេះអាអូនកក់ក្តៅ ស្ងប់ស្ងាត់ និងមានផាសុកភាព។
-បេប៊ីមួយចំនួនមានក្តីសុខពេលឮសំឡេង ដូចជាសំឡេងម៉ាស៊ីនបូមធូលី ម៉ាស៊ីនលាងចាន ឬម៉ាស៊ីនផ្លុំសក់ ដែលធ្វើឲ្យអាអូននឹកដល់សំឡេងនៅក្នុងពោះម៉ាក់។
ការព្រួយបារម្ភ
៤- អ្វីខ្លះត្រូវបារម្ភ?
ម៉ាក់ប៉ាត្រូវចាប់អារម្មណ៍លើផ្សែងបារីដែលប៉ះពាល់សុខភាពបេប៊ី។ នៅក្នុងផ្ទះតើមាននរណាជក់បារីទេ? ការស្រូបផ្សែងដោយប្រយោលប៉ះពាល់ធ្ងន់ធ្ងរទៅលើសួត ប្រឈមមុខជាមួយជំងឺត្រចៀក និងបញ្ហាផ្លូវដង្ហើមដែលអាចឲ្យទារកស្លាប់បាន។ សារធាតុគីមីក្នុងផ្សែងបារីនឹងវឹលវល់ក្នុងផ្ទះហើយប៉ះពាល់ដល់សុខភាពសមាជិកគ្រួសារទាំងអស់ ពិសេសអូនតូចៗ។ ប្រការចាំបាច់យើងត្រូវសាកសួរគ្រូពេទ្យពីរបៀបផ្តាច់បារី និងរបៀបការពារបេប៊ីពីផ្សែងបារី បើក្នុងគ្រួសារនៅតែមានអ្នកជក់បារី។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]