home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

អាយុ ១០ សប្តាហ៍៖ តិចភ្ញាក់ៗ បេប៊ីគេងប៉ុន្មានម៉ោងក្នុង១ថ្ងៃ?

ការលូតលាស់ និងអាកប្បកិរិយា|សុខភាព និងសុវត្ថិភាព|ការព្រួយបារម្ភ
អាយុ ១០ សប្តាហ៍៖ តិចភ្ញាក់ៗ បេប៊ីគេងប៉ុន្មានម៉ោងក្នុង១ថ្ងៃ?

ការលូតលាស់ និងអាកប្បកិរិយា

បើ​កូន​គេង​ពេញ ​១​ យប់ ​ប្រហែល​ពី​ ៥-៦ ម៉ោង នោះ​យើង​ជា​ម្ដាយ​​សំណាង​ម្នាក់ ព្រោះ​​ក្មេង​នៅ​អាយុ​នេះ​ភាគ​ច្រើន​តែង​តែ​ភ្ញាក់​នៅ​កណ្ដាលយប់។ ទោះ​បី​អាអូន​មិន​គេង​ពេញ​មួយ​យប់​​មែន តែគេងពេលថ្ងៃ​យូរ។ បេប៊ី​គេងយូរ​ពី ២-៤ ម៉ោង ហើយ​ពេល​​ភ្ញាក់​ច្រើន​ជាង ១០ម៉ោង/ថ្ងៃ

ម៉ាក់ប៉ាចំណាំណា បើកូន​យើង​មាន​ទម្លាប់​មិន​គេង​ពេល​យប់ ឬ​មិន​គេង​ពេល​ថ្ងៃ នោះ​ទម្លាប់​ទាំង​នេះ​នឹង​មាន​រហូត​ពេញ​មួយ​កុមារភាព​របស់​គេ។​ ពេលទារក​មាន​​អាយុ​២​ខែ​កន្លះ​​អាច​៖​

– ​បញ្ចេញ​សំឡេង​ច្រើន​ជាង​មុន​

– ​ងើប​ក្បាល​បាន ៤៥ ដឺក្រេ​ពេល​គេង។

១- បង្រៀនកូនពីអី?

មាន​វិធី​ច្រើន​រាប់​មិន​អស់​ក្នុង​ការ​និយាយ​លេង ឬបង្កើត​ទំនាក់​ទំនង​ជា​មួយ​កូន​ក្មេង។ ដើម្បី​ជួយ​បេប៊ី​ឲ្យ​លូត​លាស់​បាន​ល្អ យើង​​អាច​សាក​ល្បង​ប្រើ​គន្លឹះ​ខាង​ក្រោម​៖

ពន្យល់​រាល់​សកម្មភាព​កំពុង​ធ្វើ៖ ឧទាហរណ៍​ពេលប្តូរ​ខោ​ទឹកនោម ឬ​ពាក់​ខោ​អាវ​ឲ្យ​កូន​យើង​គួរ​និយាយ ​​”ឥឡូវ​ម៉ាក់​កំពុង​ប្តូរ​ខោ​ទឹក​នោម និង​បិទ​ឡេវ​អាវ​ឲ្យ​កូន​”​។ ពេល​ងូត​ទឹកយើង​អាច​រៀប​រាប់​ពី​សាប៊ូ​ដុស​ខ្លួន សាប៊ូ​កក់​សក់​ថា វា​នឹង​សម្អាត​ខ្លួន ឬ​ធ្វើ​ឲ្យ​ខ្លួនយើង​មាន​ក្លិន​ក្រអូប។ ការ​ពន្យល់​ដោយ​ប្រើ​ពាក្យ​សម្តី ​អាច​ជួយ​ឲ្យ​អូនតូច​ឆាប់​យល់​ពី​អ្វី​ដែល​យើង​និយាយ ហើយ​ចាប់​ផ្តើម​ដឹង​ពី​ពិភព​ខាង​ក្រៅ​បាន​​កាន់​តែ​ឆាប់​រហ័ស​។​

សួរ​សំណួរ​ឲ្យ​បាន​ច្រើន៖ ក្រៅ​ពី​ការ​និយាយ​ពន្យល់​ធម្មតា យើង​គួរ​សាក​ល្បង​សួរ​សំណួរទៅ​កូន​ឲ្យ​បាន​ច្រើន​។

និយាយ​ជាមួយ​កូន​ឲ្យ​​ច្រើន៖ ការ​សិក្សា​បាន​បង្ហាញ​ថា​ម៉ាក់ប៉ា​និយាយ​ទៅ​​កូន​កាន់​តែ​ច្រើន នោះ​អាអូន​នឹង​ឆាប់​ចេះ​និយាយ។

ប្រើ​ពាក្យ​សាមញ្ញ ច្បាស់ៗ៖ និយាយ និទាន​រឿង ឬ​សួរ​ទៅកូន ម៉ាក់​ប៉ា​ត្រូវ​ប្រើ​ពាក្យ​សាមញ្ញៗ និយាយ​ពាក្យ​មួយៗ​ឲ្យ​បាន​ច្បាស់ និង​ឮៗ។

សុខភាព និងសុវត្ថិភាព

២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?

គ្រូពេទ្យ​នឹងពិនិត្យ​លើ​បេប៊ីទៅ​តាម​អ្វី​ដែល​​សង្ស័យ ម៉ាក់ប៉ា​អាច​មើល​ជា​មួយ​គ្រូពេទ្យ​ និង​ជជែក​ពី​បញ្ហា​មួយ​ចំនួន ដូចជា​សកម្មភាព​របស់​បេប៊ី មានការ​ញ៉ាំ ការ​គេង​ និង​ការ​លូត​លាស់​ជា​ដើម។ ចំពោះ​ស្រីៗ​គ្នា​យើង​ដែល​ជិត​ដល់​ពេល​ចូល​ធ្វើការ​វិញ​ក៏​អាច​សួរ​នាំ​ពី​របៀប​មើល​ថែទាំ​កូន ការ​បំបៅ​ដោះ​កូន អំឡុង​ពេល​នេះ​បាន​ដែរ។

៣- ត្រូវដឹងពីអីខ្លះ?

ក្នុង​សប្តាហ៍​នេះ​មាន​រឿង​សំខាន់​ថ្មីៗ​ទៀត​ហើយ​ដែល​ម៉ាក់​ប៉ា​ត្រូវ​តែ​ដឹង​ពី​មូលហេតុ និង​ដំណោះ​ស្រាយ​របស់​វា។

ការ​ច្រាល​អាហារ៖ ​ពេល​អាហារ និង​រស​ក្រពះ​ច្រាលចេញ​ពី​ក្នុង​ក្រពះ​មក​កាន់​បំពង់​អាហារ​វិញ កូន​យើង​​អាច​ព្រួស ​ឬ​ក្អួត​​ទឹក​ដោះ​ចេញ​ក្រោយ​ពេល​បៅ​រួច​។ ករណី​នេះ​ជា​រឿង​ធម្មតា​ដែល​អាច​កើត​លើ​​​គ្រប់​ទារក​ទាំង​អស់។ ការ​សិក្សា​បាន​បញ្ហាញ​ថា​បេប៊ី​ប្រ​ហែល ៥០​% មានអា​ការៈ​ក្អួត​រាល់​ថ្ងៃ ប៉ុន្តែ​បើ​អាអូន​ក្អែ​ទឹក​ដោះ ឬ​ក្អួត​​ច្រើន​ដង​ក្នុង ១ ​ថ្ងៃ នោះ​ប្រហែល​មក​ពី​មាន​បញ្ហា​ច្រាល​អាហារ​ហើយ។

ច្រាល​អាហារ​ធ្ងន់​ធ្ងរ​​អាអូន​អាច​ក្អក ឬ​មិន​ឡើង​គីឡូ​។ ហេតុ​អ្វី​បាន​ជា​បេប៊ីច្រាល​អាហារ? មូល​ហេតុ​ចំ​បង​បណ្តាល​មកពី​សាច់ដុំ​ខ្ជឹប​មាត់​ក្រពះ​របស់អាអូន​ខ្សោយ (សាច់ដុំ​ដែល​តភ្ជាប់​បំពង់​អាហារ​ជាមួយ​ក្រពះ​) និងបណ្តាល​មក​ពី​បេប៊ី​បៅ ឬ​ញ៉ាំ​ច្រើន​ពេក​។

គ្រូពេទ្យ​ប្រើ​តេស្ត​ពិនិត្យ​កម្រិត​អាស៊ីដ (pH​ test) សម្រាប់​ក្មេង ដោយ​យក​ឧបករណ៍​ដាក់​ក្នុង​បំពង់​អាហារ​ដើម្បី​វាស់ជាតិ​អាស៊ីដ ​និង​កម្រិត​ច្រាល​អាហារ​។ ​មាន​វិធី​ផ្សេងទៀត​គ្រូពេទ្យ​ថត​កាំ​រស្មី​អ៊ិច ​(X-rays) និង​ធ្វើ​​អង់​ដូ​ស្កុប​ដោយ​ដាក់​កាម៉េរ៉ា​ចូល​ទៅ​ក្នុង​បំពង់​អាហារអូនតូច។

​គ្រូពេទ្យ​ព្យា​បាល​ជំងឺ​ច្រាល​អាហារ​ដូច​ម្តេច? មាន​បេប៊ី​ជា​ច្រើន​ជា​សះ​ស្បើយ​ពី​បញ្ហា​នេះ​ដោយ​ខ្លួន​ឯង​នៅ​ពេល​​អាយុ ១ ​ឆ្នាំ ព្រោះ​ពេល​នោះ​សាច់​ដុំ​ខ្ជឹប​អាអូន​រឹង​មាំ​ជាង​មុន​។ បើ​កូនយើង​បៅ​ទឹក​ដោះ​គោ​គ្រូ​ពេទ្យ​ប្រហែល​តម្រូវ​ឲ្យ​ប្តូរ​​បៅ​ទឹក​សណ្តែក​ទឹក​ដោះ​គោ ឬ​ទឹក​ដោះ​ដែល​​មាន​ប្រតិកម្ម​តិច​តួច​។ យើង​គួរ​ឲ្យ​កូន​បៅ​តិច​ប៉ុន្តែ​​ច្រើន​ដង ល្អ​ជាង​ឲ្យ​គេ​បៅ​ឆ្អែត តែ​តិច​ដង។

ពេល​បំបៅ​ដោះ និង​ក្រោយ​ពេល​បំបៅ​ដោះយើង​លើក​អូនតូច​ព រួច​ងើយ​ក្បាល​ប្រហែល ៣០ ដឹក្រេ ​​​ដើម្បី​កាពារ​បញ្ហាច្រាល​អាហារ។ ក្នុង​ករណី​ធ្ងន់ធ្ងរ គ្រូ​ពេទ្យ​ចេញ​វេជ្ជបញ្ជា​​​ឲ្យ​ប្រើ​ថ្នាំ​កាត់​​បន្ថយ​ជាតិ​អាស៊ីដ​ក្នុង​ក្រពះ។ ថ្នាំ​នេះ​ស្រដៀង​គ្នា​នឹង​ថ្នាំ​ប្រើ​សម្រាប់​ព្យាបាល​បញ្ហា​ក្រហាយ​​ក្រពះ​របស់​មនុស្ស​ពេញវ័យ​ដែរ។

ក្រឡាប់​ខ្លួន៖ កូន​យើង​ចាប់​ផ្តើម​រៀន​ក្រឡាប់ ​ គេង​ប្តូរ​​ពី​ខ្នង​ម្ខាង​ទៅ​ចំហៀង​ខ្នង​ម្ខាង​​ទៀត​ និង​ចេះ​រំកិល​​ខ្លួន ដូច​នេះ​អាអូន​មាន​សាច់​ដុំ​រឹង​មាំ​នៅ​ដៃ​ជើង និង​ក។

ការព្រួយបារម្ភ

៤- រឿងអីខ្លះត្រូវបារម្ភ?

ធ្លាប់​ឃើញ​អូនតូច​ហៀរ​ទឹក​មាត់​មិន​ឈប់​ទេ? ចុះ​បេប៊ី​បញ្ចញ​សំឡេង​គ្រលរ? ច្បាស់​ជា​ធ្លាប់​ជួប និង​ឮ​ចាស់ៗ​បង្អាប់​ថា មក​ពី​ម៉ាក់ៗ​ចូល​ចិត្ត​ញ៉ាំ​ខ្យង បាន​ជា​កូន​កើត​មក​ហៀរ​ទឹក​មាត់​បែប​នេះ? តើ​ពិត​ជា​មក​ពី​អ៊ីចឹង​មែន​ឬ? តោះ! មក​ដឹង​ពី​មូលហេតុ​ទាំង​អស់​គ្នា។

ហៀរ​ទឹក​មាត់៖ ក្រពេញ​ទឹក​មាត់​របស់បេប៊ី​ធ្វើ​ការ​តាំង​ពី​​នៅ​ក្នុង​ពោះ​ម៉ាក់​​ម្លេះ ប៉ុន្តែ​យើង​ទើប​តែ​ឃើញ​កូន​​ហៀរ​ទឹក​មាត់​​ពេល​នេះ ដោយ​សារ​អាអូន​ចាប់​ផ្តើម​យក​ផ្សេងៗ​ដាក់​ចូល​ក្នុ​ង​មាត់ ធ្វើ​ឲ្យ​ទឹក​មាត់​ចេញ​ច្រើន។ ការ​ហូរ​ទឹក​មាត់​មិន​មែន​ជា​សញ្ញា​បញ្ជាក់​ថា​អាអូន​​ដុះ​ធ្មេញ​នោះ​ទេ​។

បញ្ចេញ​សំឡេងគ្រលរ៖ មិនមែន​ជា​រឿង​ចម្លែក​នោះ​ទេ អាអូន​ចាប់​ផ្តើម​បញ្ចេញ​សំឡេង​គ្រលរ​ៗ​ម្តង​ម្កាលពេល​យើង​និយាយ​ទៅ​កូន ​ឬ​ពេល​អាអូន​សប្បាយ​ចិត្ត។ កូន​យើង​ឃើញ​រូប​ខ្លួន​ឯង​ក្នុង​កញ្ចក់​ក៏​អាច​បញ្ចេញ​សំឡេង​បែប​នេះ​ដែរ​។​ អំឡុង​នេះ​កូន​យើង​ដឹង​អំពី​របៀប​បញ្ចេញ​សំឡេង​ពីក្នុង​មាត់ បំពង់​ក និង​អណ្តាត។ វា​ជាសំឡេង​ដំបូង​ដែល​អាអូន​អាច​បញ្ចេញ​ក្រោយ​ពេល​យំ។ នេះ​គ្រាន់តែ​ជា​ការ​ចាប់​ផ្តើម​​ប៉ុណ្ណោះ នៅ​ពេល​ប៉ុន្មាន​សប្តាហ៍​ក្រោយ​ទៀត​កូន​យើង​​អាច​សើច​ឮ​ខ្លាំង (ពេល​​អាយុ​៣​ខែ​កន្លះ) និង​អាច​បញ្ចេញ​សំឡេង​​ផ្សេង​ៗ​ជា​ច្រើន​ទៀត។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Murkoff, Heidi. What to Expect, The First Year. New York: Workman Publishing Company, 2009. Print version. Page 213-248.


អត្ថបទពាក់ព័ន្ធ


រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ណៃ ទូច កែសម្រួល​ចុងក្រោយ 19/02/2021
ត្រួតពិនិត្យដោយ គឹម កាណែល