១.ទប់អារម្មណ៍ខ្លួនឯង៖ ទោះកូនមួម៉ៅរករឿងច្រើន ក៏យើងមិនត្រូវបញ្ចេញកំហឹងដាច់ក្បាលដាច់កន្ទុយដាក់កូនទេ។ ត្រូវចាំថា យើងជាគំរូរបស់កូនៗ ដូចនេះ យើងត្រូវសម្រួលអារម្មណ៍ ហើយនិយាយពីបញ្ហាដែលកូនបង្កើតមួយៗ ទើបក្មេងងាយនិយាយស្ដាប់គ្នាជាមួយយើង។
២.ស្ដាប់ហេតុផល៖ កាស្ដាប់ឲ្យដឹងហេតុផលច្បាស់លាស់គឺសំខាន់ណាស់។ បើកូនធ្វើអ្វីមួយលើសលប់ ម៉ាក់ប៉ាគួរឲ្យកូនរៀបរ៉ាប់ពីដំណើរដើមទងរឿងនៃហេតុសិន ចាំសម្រេចថាគួរដោះស្រាយដោយប្រើវិធីណា មិនគួរឃើញកូនខុសភ្លាម វ៉ៃកូនភ្លាមៗទេ។ ម៉្យាងវិញទៀត យើងគួរនិយាយតាមសម្រួលជាមួយកូន ហើយប្រដៅកូនឲ្យល្អវិញ មិនត្រូវសម្លុតកូនទេ ព្រោះកាលណាដែលយើងស្រែកខ្លាំងៗដាក់កូន កាន់តែធ្វើឲ្យក្មេងខ្លាច ហើយអ្វីដែលសំខាន់ កូនៗអាចនឹងដកខ្លួនចេញពីយើង មិនហ៊ាននៅជិតម៉ាក់ប៉ាទេ។

៣. កំណត់វិន័យឲ្យបានល្អ៖ ក្រៅពីប្រើប្រាស់ពាក្យផ្អែម ថ្នមៗ និងមិនប្រើធម៌ក្តៅប្រដៅកូន ម៉ាក់ប៉ាគួរកំណត់វិន័យឲ្យកូនឲ្យបានល្អ និងម៉ឺងម៉ាត់ជានិច្ច។ ក្នុងករណីដែលកូនធ្វើរឿងមិនល្អមួយ ម៉ាក់ប៉ាគួរដាក់វិន័យឲ្យកូនដឹងថា បើធ្វើរឿងមួយមិនសមគួរ កូនៗនឹងត្រូវទទួលពិន័យបែបនេះ (ឧ.ថ្ងៃនេះលេងទូរស័ព្ទច្រើន ង៉ក់ងរពេលមិនឲ្យលេង អ៊ីចឹងស្អែកកូនមិនអាចលេងទូរស័ព្ទទេ ព្រោះថ្ងៃនេះលេងច្រើនហើយ)។