បម្រែបម្រួលរាងកាយ និងអាកប្បកិរិយា
ប៉ាម៉ាក់ថ្មីថ្មោងដែលមានអូនតូចដំបូងច្បាស់ជាមិនបានដឹងថា ពេលអាអូនអាយុបាន ១១ សប្តាហ៍មានការប្រែប្រួលយ៉ាងណានោះទេ។ ក្នុងសប្តាហ៍នេះអូនតូចលូតលាស់ផ្នែកចលនាខ្លាំងជាងមុន យើងអាចសង្កេតឃើញអាអូនកម្រើកដៃជើង ខ្លួនញឹកញាប់ ពិសេសឧស្សាហ៍ធាក់ជើងចេញក្រៅនៅពេលដាក់ឲ្យគេងលេង។ ទាំងនេះជាផ្នែកមួយនៃការពង្រឹងសាច់ដុំ និងជាជំហានដំបូងនៃចេះវាររបស់អូនតូចៗ។
ខាងក្រោមនេះជាការប្រែប្រួល ដែលអូនតូចៗចាប់ផ្តើមមាន៖
– រឹងក (ពេលលើកព អាចទប់លំនឹងកដោយខ្លូនឯង)
– អាចច្រត់ដៃងើបក្បាលបាន ពេលគេងផ្កាប់
– ចេះក្រឡាប់បានមួយចំហៀង
– ចេះកាន់របស់លេង
– ចេះឈោងយករបស់ដែលចង់បាន
– ចេះបញ្ចេញសំឡេងស្រដៀងទៅនឹងភាសានិយាយ។
១- បង្រៀនកូនពីអី?
ដើម្បីឲ្យកូនលូតលាស់បានកាន់តែល្អ ម៉ាក់ប៉ាគួរតែរកកន្លែងមានទីធ្លាធំបន្តិច ដែលអាចក្រាលកម្រាល ឬភួយ ដើម្បីឲ្យអាអូនរវាសរវៃ ងាយស្រួលក្នុងការវារលេង និងធ្វើឲ្យសាច់ដុំកាន់តែរឹងមាំ។
សុខភាព និងសុវត្ថិភាព
២- ពិភាក្សាជាមួយគ្រូពេទ្យរឿងអីខ្លះ?
អាការៈបេប៊ីមានសភាពផ្សេងៗពីគ្នា ដូចនេះម៉ាក់ប៉ាត្រូវចេះកត់សម្គាល់ ហើយរួសរាន់យកកូនទៅពេទ្យ ប្រសិនបើមានអ្វីខុសប្លែកពីធម្មតា។
ផ្លាស់ប្តូរខុសប្រក្រតី៖ បើកូនយើងចេញអាការៈខុសធម្មតាណាមួយ ដូចជាឡើងកម្តៅខុសពីធម្មតា រាក ឬក្តៀនលាមក នោមច្រើន ឬតិចពេក មិនព្រមបៅ ចេញកន្ទួលមិនបាត់ មានសារធាតុរាវហូរចេញពីភ្នែក ត្រចៀក ឬក៏យំយូរខុសពីធម្មតា អាចជាសញ្ញាប្រាប់ថាអាអូនឈឺហើយ។ មួយវិញទៀតប្រសិនបើកូនប្រកាច់ ឬក៏ពិបាកដកដង្ហើម ត្រូវប្រញាប់យកទៅពេទ្យជាបន្ទាន់ ព្រោះជាអាការៈធ្ងន់ធ្ងរ។
ក្តៅខ្លួន៖ ក្តៅខ្លួន មិនមែនត្រឹមតែជាសញ្ញានៃជំងឺនោះទេ វាជារោគសញ្ញាចម្បងនៃការបង្ហាញប្រាប់ថាខ្លួនក្មេងកំពុងប្រយុទ្ធប្រឆាំងនឹងមេរោគណាមួយ។ ត្រូវរៀបរាប់ប្រាប់គ្រូពេទ្យអំពីរោគសញ្ញាទាំងអស់របស់កូនឲ្យបានល្អិតល្អន់ រួមមាន រយៈពេលនៃការក្តៅខ្លួន កម្រិតសីតុណ្ហភាព រោគសញ្ញាអមផ្សេងៗ ក៏ដូចជាប្រវត្តិជំងឺរបស់អាអូនទាក់ទងនឹងការនៅជិតអ្នកជំងឺណាមួយ។
៣- ត្រូវដឹងពីអីខ្លះ?
ក្មេងៗឆាប់ប្រែប្រួល និងទទួលប្រតិកម្មខ្លាំងណាស់ ម្ល៉ោះហើយម៉ាក់ប៉ាត្រូវតែយកចិត្តទុកដាក់ចំពោះកូនតូចឲ្យបានច្រើន។ នៅសប្តាហ៍នេះ យើងមកដឹងទាំងអស់អំពីបញ្ហា ៣ មុខបន្ថែមទៀត រួមមាន៖
ជំងឺរលាកស្បែកក្បាល៖ ជំងឺនេះត្រូវបានជួបប្រទះញឹកញាប់លើក្មេងតូចៗ។ រលាកស្បែកក្បាលកម្រិតស្រាលអាចព្យាបាលដោយលាបប្រេងរម្ពិល ឬប្រេងដែលមានជាតិរ៉ែ បន្ទាប់មកលាងសម្អាតឲ្យសព្វ ដើម្បីកម្ចាត់អង្គែ និងខ្លាញ់។ ចំណែកកម្រិតធ្ងន់វិញ អាចព្យាបាលដោយប្រើកក់សាប៊ូដែលមានសារធាតុខនិជ (Salicylate) រៀងរាល់ថ្ងៃ។
បើវិធីព្យាបាលខាងលើមិនទទួលបានលទ្ធផល យើងគួរបញ្ឈប់ជាបន្ទាន់ ហើយរួសរាន់យកកូនទៅជួបគ្រូពេទ្យ។ ជំងឺសើស្បែកនេះ អាចនឹងកាន់តែធ្ងន់ធ្ងរ បើក្បាលអាអូនបែកញើសជាប់ ហើយជៀសវាងការពាក់មួកក្នុងករណីមិនចាំបាច់មួយចំនួន។ ម៉ាក់ប៉ាមិនត្រូវបណ្តែតបណ្តោយនោះទេ ព្រោះជំងឺនេះនឹងរាលទៅមុខ ក ឬគូទរបស់អូនតូច។
ជើងកោង៖ មានកត្តា ២ យ៉ាង ធ្វើឲ្យអូនតូចៗមានបញ្ហាជើងកោងនេះ។ ទី១ ដោយសារតែការបត់ជើងស្តាំរបស់បេប៊ីអំឡុងពេលសម្រាល និងទី២ដោយសារតែការរើបម្រាស់ក្នុងផ្ទៃញឹកញាប់នៅពេលសាច់ដុំស្បូនម្តាយរមួលម្តងៗ ចំពេលជើងអាអូនព័ន្ធចូលគ្នាច្រើនខែ បណ្តាលឲ្យជើងកោង។ បន្ទាប់ពីសម្រាលហើយឈានចូលដល់អាយុចេះដើរ ជើងអាអូននឹងផ្តើមលាវិញ ហើយយូរៗទៅនឹងប្រែជាត្រង់ដូចដើម។
ជាទូទៅបញ្ហានេះមិនតម្រូវឲ្យមានការព្យាបាលអ្វីនោះទេ តែម៉ាក់ប៉ាគួរតាមដានការលូតលាស់ជើងកូន កុំឲ្យមានសម្ពាធអ្វីផ្សេងទៀត ធ្វើឲ្យជើងកាន់តែកោង ហើយត្រូវនាំកូនទៅជួបគ្រូពេទ្យតាមដានពីការវិវត្តរបស់ជើងឲ្យបានទៀងទាត់។
ពង ទក៖ ជាទូទៅសរីរាង្គបន្តពូជចាប់ផ្តើមលូតលាស់តាំងពីអាអូននៅក្នុងផ្ទៃម្តាយ ហើយបញ្ចប់នៅពេលសម្រាល។ យ៉ាងណាមិញ ចំពោះក្មេងប្រុសដែលកើតគ្រប់ខែប្រមាណ ៣-៤% និងកើតមិនគ្រប់ខែប្រមាណជា ៣០% មានបញ្ហាពង ទក (ពងស្វាស មានតែ១) ដោយសារពងស្វាសមិនធ្លាក់ចូលទៅក្នុងក្នុងថង់ពងស្វាស មុនពេលកើតចេញពីផ្ទៃម្តាយ។ ម៉ាក់ប៉ាអាចពិនិត្យមើលពងស្វាសកូនអំឡុងពេលងូតទឹកក្តៅឧណ្ហៗ ដឹងថាមានបញ្ហាពងទកនេះខាងណាឬអត់?
ពងទក មិនធ្វើឲ្យមានការឈឺចាប់ ឬក៏ពិបាកនោមនោះទេ នៅពេលក្មេងកាន់តែធំ ពងស្វាសនឹងធ្លាក់ចុះមកដោយឯកឯង។ តាមការសិក្សាបង្ហាញថា ក្នុងចំណោមក្មេងអាយុ ១ ឆ្នាំ ១០០០ នាក់ មានតែ ៣-៤នាក់ប៉ុណ្ណោះ ដែលមានបញ្ហាមិនធ្លាក់ចុះ។ គេអាចព្យាបាលដោយវះកាត់យកពងស្វាសដាក់ទៅកន្លែងដើមវិញ ហើយជម្រើសនៃការព្យាបាលមួយទៀតនោះគឺការព្យាបាលដោយប្រើជំនួយពីអ័រម៉ូនបន្ថែម ប៉ុន្តែវិធីនេះមិនសូវជាជោគជ័យនោះទេ។
ការព្រួយបារម្ភ
៤- រឿងអីខ្លះត្រូវបារម្ភ?
ការនិយាយស្តី៖ ឈានចូលដល់សប្តាហ៍នេះ អូនតូចនៅមិនទាន់អាចចេះនិយាយនោះទេ ប៉ុន្តែបើម៉ាក់ប៉ាព្យាយាមនិយាយជាមួយបេប៊ីតាំងពីដំបូងនោះ អូនៗអាចឆាប់ចេះនិយាយកាន់តែលឿន ដូចជានិយាយពាក្យថា តោះ! តោះ! ដើរលេង មើលហ្ន ទូរសព្ទ ជាដើម។ តាមរយៈការស្តាប់ពាក្យពេចន៍សន្ទនារបស់ម៉ាក់ប៉ាជាមួយអ្នកដទៃ ឬរវាងម៉ាក់ប៉ានិងរូបគេ ធ្វើឲ្យជំនាញភាសាអូនតូចកាន់តែឆាប់លូតលាស់។
ការបំបៅដោះកូនតែម្ខាង៖ ម៉ាក់ៗមិនត្រូវបំបៅអូនតូចដោយប្រើសុដន់តែម្ខាងនោះទេ ព្រោះអាចឲ្យទំហំសុដន់មិនស្មើគ្នា ដូច្នេះលៃយ៉ាងណាឲ្យអូនម៉ឹមទាំងសងខាង ទោះជាម្ខាងទៀតនោះចេញទឹកដោះតិច ឬអូនតូចមិនសូវចង់ម៉ឹមក៏ដោយ។ ការធ្វើបែបនេះធ្វើឲ្យទំហំសុដន់ទាំងពីរស្មើគ្នា ហើយបន្ទាប់ពីម៉ាក់ៗផ្តាច់ដោះអូនតូច ទំហំសុដន់នឹងប្រែដូចសភាពដើមវិញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]