ឈានចូលដល់សប្តាហ៍ទី ១៤ អូនតូចចាប់ផ្តើមចូលចិត្តការបបោសអង្កែលពីម៉ាក់ប៉ាបំផុត ព្រោះការប៉ះតាមស្បែកពិតជាសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងយើងនឹងកូន។ វិធីងាយៗនៅពេលអូនតូចៗខឹង ឬយំ យើងអាចប្រើតិចនិកលួងដោយពាក្យសម្តីទន់ភ្លន់ ភ្ជាប់ជាមួយកាយវិការទៅជាមួយផង ដូចជាអង្អែលក្បាល ទះគូទអូនតិចៗ ធ្វើបែបនេះអូនតូចមានអារម្មណ៍កក់ក្តៅ ឆាប់ស្គាល់ម៉ាក់ប៉ា។
អាយុ ១៤សប្តាហ៍ អូនតូចអាចនឹងចាប់ផ្តើម៖

– ចេះសើចឮៗ
– ងើបក្បាលបាន ៩០ ដឺក្រេ ពេលគេងផ្ងារ
– ស្រែកពេលសប្បាយចិត្ត ឬរំភើប
– ដាក់ដៃផ្គុំគ្នា
– មើលតាមរបស់មានចម្ងាយ ១៥ សង់ទីម៉ែត្រ ពីខ្លួន
– អាចបែរខ្លួនពីម្ខាងទៅម្ខាងបាន ១៨០ ដឺក្រេ។
១- បង្រៀនកូនពីអី?
ម៉ាក់ប៉ាគួរចាប់ផ្តើមបណ្តោយកូនស្ទាបប៉ះរបស់របរដែលធ្វើពីវត្ថុធាតុផ្សេងៗគ្នា ដូចជាប្រភេទសាច់កំណាត់រោមសត្វ ឬកប្បាស ព្រោះវាទន់រលោងគួរឲ្យចង់ស្ទាបអង្កែល។ អូនតូចៗក្នុងវ័យនេះចេះឆ្ងល់ ចង់ចេះ ចង់ដឹង ហើយងាយនឹងយករបស់របរដាក់ចូលមាត់ណាស់ ហេតុនេះយើងមិនគួរបណ្តោយឲ្យបេប៊ីនៅលេងតែឯងនោះទេ។ ម៉ាក់ប៉ាអាចសាកល្បងយករបស់លេងទៅលលេងជាមួយកូន ដើម្បីដឹងថាគេអាចចាប់វាជាប់ ឬអត់?
ដើម្បីឲ្យទំនាក់ទំនងរវាងអូនតូច និងម៉ាក់ប៉ាកាន់តែស្និទ្ធស្នាល យើងអាចម៉ាស្សាឲ្យកូនតិចៗដោយយកប្រេង ឬក្រែមបន្ថែមសំណើមស្បែកបេប៊ី មកលាបដៃយើងជាមុន ហើយត្រដុសដៃឲ្យក្តៅឧណ្ហៗមុនពេលចាប់ផ្តើមម៉ាស្សាឲ្យកូន តែកុំភ្លេចចាប់អារម្មណ៍នឹងប្រតិតកម្មអាអូននៅពេលម៉ាស្សាផង តើគួរបន្ថែម បន្ថយទម្ងន់ដៃ ឬឈប់តែម្តង បើកូនមិនចូលចិត្តនឹងការម៉ាស្សារបស់យើង។ ម្យ៉ាងទៀតម៉ាក់ប៉ាអាចឱបអូនតូចស្រាលៗ ឬក៏ថើបច្រមុះ ព្រោះសកម្មភាពទាំងនេះអាចជួយឲ្យអូនៗមានអារម្មណ៍ធូរស្រាល។

២- ពិភាក្សាជាមួយគ្រូពេទ្យរឿងអីខ្លះ?
ជាទូទៅគ្រូពេទ្យមិនណាត់ជួបម៉ាក់ប៉ា ដើម្បីពិនិត្យការលូតលាស់អាអូនរាល់ខែនោះទេ ប៉ុន្តែយើងអាចសាកសួររាល់ចម្ងល់ទៅគ្រូពេទ្យបាន ប្រសិនមានការសង្ស័យអ្វីមួយ។
៣- ត្រូវដឹងពីអីខ្លះ?
មានរឿងថ្មីៗដែលម៉ាក់ប៉ាត្រូវស្វែងយល់ និងកត់ចំណាំទៀតហើយ ក្នុងនោះរួមមាន ការខកខានចាក់វ៉ាក់សាំង និងអាហារបំប៉ន។
ខកខានចាក់វ៉ាក់សាំង៖ កុំទាន់អាលបារម្ភ បើយើងភ្លេចយកកូនទៅចាក់ក់សាំងការពារជំងឺផ្សេងៗ (តេតាណុស ខាន់ស្លាក់ ឬគ្រុនស្វិតដៃជើង) ម្តងនោះ។ គ្រូពេទ្យនឹងបន្ថែមថ្ងៃដែលត្រូវចាក់ដើម្បីបង្គ្រប់ថ្ងៃដែលយើងភ្លេចនោះ។ អាអូននៅតែអាចចាក់វ៉ាក់សាំងបានធម្មតា ទោះបីជាក្តៅខ្លួនតិចតួច ឬផ្តាសាយក៏ដោយ។ យ៉ាងណាមិញ យើងគួរពិគ្រោះជាមួយគ្រូពេទ្យមុនពេលចាក់ បើមានចំណុចណាមួយដូចខាងក្រោម៖
– ក្តៅខ្លួនខ្លាំង ឬក៏មានជំងឺអ្វីមួយ
– ប្រព័ន្ធភាពស៊ាំចុះខ្សោយ
– មានជំងឺឆ្កួតជ្រូក
– ប្រកាច់
– ប្រើប្រាស់ថ្នាំ Steroid (ប្រឆាំងរលាក) លើសកម្រិត
– មានប្រតិកម្មធ្ងន់ធ្ងរក្រោយចាក់វ៉ាក់សាំងលើកមុន។
ចំណែកបេប៊ីដែលកើតមិនគ្រប់ខែ ឬក៏មិនគ្រប់គីឡូ (តិចជាង ២,៥ គីឡូក្រាម) បើគ្រូពេទ្យមិនហាមប្រាម ពួកគេអាចចាក់វ៉ាក់សាំងនេះដូចក្មេងធម្មតាដែរ។
អាហារបំប៉នផលិតពីទឹកដោះគោ៖ ទោះបីជាទឹកដោះគោជាជម្រើសល្អសម្រាប់កូនក្មេងទូទៅ និងមនុស្សចាស់ក៏ដោយ វាមិនល្អសម្រាប់ទារកនោះទេ។ ទឹកដោះគោ មានផ្ទុកជាតិប្រូតេអ៊ីន និងអំបិលច្រើនជាងទឹកដោះម្តាយ ឬក៏ទឹកដោះគោកំប៉ុង ដូចនេះវាមិនល្អចំពោះតម្រងនោមបេប៊ី។
បើប្រៀបធៀបជាមួយទឹកដោះម្តាយ ឬក៏ទឹកដោះគោកំប៉ុង ទឹកដោះគោមិនសូវសម្បូរជាតិដែក និងសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់ទារកនោះទេ។ លើសពីនេះទៅទៀត វាអាចបណ្តាលឲ្យមានឈាមហូរក្នុងពោះវៀនកម្រិតស្រាលលើបេប៊ីមួយចំនួន។ បើយើងចង់ផ្តល់សារធាតុបំប៉នណាផ្សេងក្រៅពីទឹកដោះម្តាយ ឬក៏ទឹកដោះគោកំប៉ុងនោះ គប្បីរង់ចាំរហូតដល់អាអូនអាយុ ១ ឆ្នាំសិន។
បន្ទោរបង់មិនញឹកញាប់៖ ពេលអាអូនកាន់តែធំ ការបន្ទោរបង់លាមកមិនញឹកញាប់ដូចមុនទេ ព្រោះរាងកាយបេប៊ីតម្រូវឲ្យប្រព័ន្ធរំលាយអាហារស្រូបយកសារធាតុពីចំណីអាហារច្រើនជាងការបញ្ចេញចោលជាហេតុឲ្យអាអូនបន្ទោរបង់លាមករៀងរាល់ ២-៣ ថ្ងៃ/ម្តង។ ចំពោះអាអូនដែលមឹមទឹកដោះម្តាយវិញ អាចជុះញឹកញាប់ជាងមុន កម្រនឹងមានបញ្ហាក្តៀនលាមកណាស់។
៤- រឿងអីខ្លះត្រូវបារម្ភ?
ការដាក់កូនឲ្យគេង៖ ម៉ាក់ៗភាគច្រើនព្យាយាមឲ្យអូនតូចគេងពេលកំពុងបំបៅ ដើម្បីឲ្យឆាប់ដេកដោយមិនចាំបាច់មានអ្នកលួង ឬបៅជាប់ពេលគេង។ មុនពេលចាប់ផ្តើមធ្វើបែបនេះ ម៉ាក់ៗគ្រប់រូបគួររង់ចាំរហូតដល់អាអូនមានអាយុ ៦-៩ ខែសិន។

ការគេងបន្ទប់រួមជាមួយកូន៖ បេប៊ីមានអាយុ ១-២ ខែ ម៉ាក់ប៉ាហត់បន្តិចហើយ ព្រោះត្រូវថែទាំគ្រប់ជំហាន មិនថាការគេង ញ៉ាំ ឬផ្លាស់ប្តូរកន្ទប។ និយាយរួមទៅអាយុប៉ុណ្ណោះយើងត្រូវនៅជាប់ជាមួយកូនទាំងយប់ទាំងថ្ងៃ ក៏ប៉ុន្តែបើម៉ាក់ប៉ាមានគម្រោងបំបែកបន្ទប់ពេលអាអូនធំឡើងនោះ គួរតែចាប់ផ្តើមដាក់បេប៊ីឲ្យគេងនៅបន្ទប់មួយផ្សេងពេលអូនអាយុបាន ២-៤ ខែ ដែលលែងត្រូវការម៉ឹមពេលយប់ញឹកញាប់ដូចមុន។
រឿងបំបែកអាអូនឲ្យនៅបន្ទប់ផ្សេងនេះ ពលរដ្ឋខ្មែរមួយចំនួនមិនសូវមានទំនុកចិត្ត ឬទម្លាប់ធ្វើបែបនេះទេ ដោយសារតែបារម្ភខ្លាចថែទាំអាអូនមិនបានដិតដល់ ពិសេសពេលកូនយំ មិនមានអ្នកលួង។ ទោះយ៉ាងប្រការនេះជះផលមិនដល់បេប៊ី និងម៉ាក់ប៉ាទៅវិញនោះទេ ព្រោះថា៖
-រំខានដំណេករបស់បេប៊ី៖ ជាទូទៅអូនតូចបញ្ចេញសំឡេងច្រើនពេលគេង ហើយបន្ទាប់ពីស្រែកយំបាន ២-៣ នាទី គេនឹងអាចគេងលក់ដោយខ្លួនឯងវិញ មិនចាំបាច់មានអ្នកលួងនោះទេ។ យ៉ាងណាមិញម៉ាក់ប៉ាភាគច្រើននឹងលើកកូនព លួងឲ្យគេងវិញ តែតាមពិតការធ្វើបែបនេះ អូនតូចកាន់តែពិបាកគេងលក់ជាងមុន។
-រំខានដំណេកខ្លួនឯង៖ នៅពេលកូនយំម្តងៗ ច្បាស់ណាស់ម៉ាក់ប៉ាក៏មិនបានគេងដែរ ជាហេតុឲ្យដំណេកមិនស្កប់ស្កល់ទាំងអស់គ្នា។
-រួមភេទតិចជាងមុន៖ វត្តមានរបស់អូនតូចក្នុងបន្ទប់គេងជាមួយម៉ាក់ប៉ាមិនអាចឲ្យអ្នកទាំងពីរចំណាយពេលវេលាជាប្តីប្រពន្ធបានដូចមុននោះទេ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Murkoff, Heidi. What to Expect, The First Year. New York: Workman Publishing Company, 2009. Print version. Page 249-288.
កំណែប្រែបច្ចុប្បន្ន
24/01/2019
អត្ថបទដោយ Sao Solynet
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ