backup og meta

អាយុ ១៥ សប្តាហ៍៖ ដល់វ័យចង់ចេះចង់ដឹងហើយ អាអូនប្លែកម៉េច?

អាយុ ១៥ សប្តាហ៍៖ ដល់វ័យចង់ចេះចង់ដឹងហើយ អាអូនប្លែកម៉េច?

ការលូតលាស់ និងអាកប្បកិរិយា

ចេះ​​​ឆ្ងល់ ចង់​​​ចេះ ចង់​​​ដឹងពី​​​របស់​​​នៅ​​​ជុំវិញ​​​ខ្លួន សូម្បី​​​តែ​​​ស្រមោល​​​របស់​​​ខ្លួន​​​​​​ក្នុង​​​កញ្ចក់ នេះ​ជា​ការ​វិវត្ត​របស់​បេប៊ី​អាយុ​ ១៥​សប្តាហ៍។ ពេល​​​​​​​​​នៅ​​​ពី​​​មុខ​​​កញ្ចក់ អូនតូច​មិន​​​ទាន់​​​ដឹង​​​ថា​​​វា​​​ជា​​​ស្រមោល​​​​​​ខ្លួន​​​គេ​​​នោះ​​​ទេ ក្មេង​​​អាយុ​ប៉ុណ្ណេះ​​ចូលចិត្ត​​​សម្លឹង​មើល​​​ស្រមោល​​​នៅ​​​ក្នុង​​​កញ្ចក់ មិន​​​ថា​​​ស្រមោល​​​ខ្លួនគេ ឬ​​​​​​ស្រមោល​​​អ្នក​​​ណា​​​នោះ​​​ទេ ហើយ​អាអូន​​​អាចសើច​កក្អឹក​​​​​​ពេល​​​ឃើញ​ស្រមោល​​​​​​ក្នុង​​​កញ្ចក់​​​នោះ។

ក្នុង​​​សប្តាហ៍​​​ទី​​​ ១៥ ​​​នេះ កូន​​យើង​​​នឹង​​​ចាប់​​​ផ្តើម៖

– អាច​​​រក្សា​​​លំនឹង​​​ក្បាល​ពេល​​​ឈរ​​​ត្រង់ ឬអង្គុយ

– ចេះ​​​ច្រត់​​​ដៃ​​​ងើប​​​ក្បាល​​​ ពេល​​​គេង​​​ផ្កាប់

– ចេះ​​​ក្រឡាប់ (មួយ​​​ចំហៀង)

– ចេះ​​​ចាប់​​​របស់​​​លេង

– បង្ហាញ​​​កាយ​​​វិការ​​​ឆ្ងល់​​​​​(ពិសេស​​​ភ្នែក) អ្វីៗ​​​នៅ​​ជុំវិញ​​​ខ្លួនខ្លាំង

អាអូន​ដល់​ពេល​រពឹស​ហើយ ម៉ាក់ប៉ា​ត្រូវ​​​ប្រុង​​​ប្រយ័ត្ន​​​របស់​​​តូច​​​ដែល​អាអូន​អាច​ដាក់​ចូល​មាត់ បណ្តាល​ឲ្យ​ស្លាក់ ពិសេស​គម្រប​ដប។

១-​ បង្រៀនកូនពីអី?

នៅ​​​ពេល​​​ឮ​សំឡេង​ម៉ាក់ប៉ា អាអូន​​​អាច​​​នឹង​​​​​​ឈប់​​​បៅ ឬ​​​ក៏​​​ឈប់​​​បៀប​​​ដៃ ជា​សញ្ញា​ឆ្លើយ​តប​​​ទៅ​​​នឹង​​​សំឡេង​​​នោះ។ យើង​គួរ​តែ​​​បណ្តោយ​​​ឲ្យ​កូន​បញ្ចេញ​សំឡេង​តាម​​​ចិត្ត ហើយ​​​ព្យាយាម​​​រៀប​​​រាប់​​​ពីអ្វី​ដែល​យើង​​​កំពុង​​​ធ្វើ​ឲ្យ​កូន​ស្តាប់ ដើម្បី​​​ឲ្យ​​​ទំនាក់​​​ទំនង​​​រវាង​​ម៉ាក់ប៉ា និង​​​អូនតូចកាន់​​​តែ​​ល្អ។

មួយ​​​វិញ​​​ទៀត នៅ​​​ពេល​​យើង​​​កំពុង​​​និយាយ​​​គ្នា​​​ជាមួយ​​​មិត្ត​​​ភក្តិ ឬ​​​ក៏​​​នរណា​​​ម្នាក់ គួរ​​​ទុក​​​កូន​​​ឲ្យ​​​នៅ​​​ស្តាប់​​​ដែរ ធ្វើ​បែប​នេះ​អាអូន​អាច​រៀន​ពី​ការ​សន្ទនា​របស់​យើង។

វ័យ​ប៉ុណ្ណេះ​ម៉ាក់ប៉ា​មិន​ទាន់​ដឹង​ថា កូន​​នឹង​ប្រើ​ដៃ​ឆ្វេង ឬ​ក៏​ស្តាំ​នោះ​ទេ ទោះ​ជា​អាអូន​ចាប់​ផ្តើម​ប្រើ​ដៃ​ម្តង​ម្ខាង​ក៏​ដោយ។ ឈាន​ដ​ល់​អាយុ ២-៣ ឆ្នាំ យើង​នឹង​ច្បាស់ ១០០% ថា កូន​យើង​ប្រើ​ដៃ​មួយ​ណា។

សុខភាព និងសុខភាព

២- ពិភាក្សាជាមួយគ្រូពេទ្យរឿងអីខ្លះ?

ម៉ាក់ប៉ា​ប្រាកដ​ជា​ដឹង​ច្បាស់ គ្រូពេទ្យ​មិន​តម្រូវ​ឲ្យ​យើង​ជួប​ដើម្បី​តាម​ដាន​ការ​លូតលាស់កូនរៀង​រាល់​ខែ​នោះ​ទេ ប៉ុន្តែ​ក្នុង​ករណី​មាន​ចម្ងល់ ឬ​បញ្ហា​បន្ទាន់​អ្វី​មួយ​យើង​អាច​ទូរសព្ទ​សាកសួរ នាំ​កូន​ទៅ​ជូប​ពេទ្យ​ជា​បន្ទាន់។

៣- ត្រូវដឹងពីអីខ្លះ?

ជ្រាំង​​​អណ្តាត៖ កើត​ឡើង​ដោយ​​​សារ​​​ការ​​​ឆ្លង​​​របស់​​​ពពួក​​​មេរោគ​​​ផ្សិត​​​កង់ឌីដា អាល់ប៊ី​កង (Candida Albicans) ដែល​​​ធ្វើ​ឲ្យ​ឡើង​កំណក​​​ពណ៌​​​​​​សៗ​នៅ​​​លើ​​​ថ្ពាល់ អណ្តាត ឬ​​​ក៏​​​បបូរមាត់​​​ក្មេង (​​​ស្រដៀង​​​នឹង​​ក្អួត​​ក្មេង) ប៉ុន្តែ​​​មិន​​​អាច​​​ជូត​​​ជ្រះ​​​ទេ។ មេរោគ​​​នេះ​​​អាច​​​ឆ្លង​​​ចូល​​​​​​ដល់​​​ប្រព័ន្ធ​​​រំលាយ​​​អាហារ​​​បេប៊ី បណ្តាល​​​ឲ្យ​​​គូទ​​​​​ឡើង​​​កន្ទួល​​​រមាស់ ជួន​​​កាល​​​អាច​​​ឆ្លង​​​ទៅ​​​ដល់​​​ប្រដាប់​​​ភេទ (ពិសេសក្មេង​​​ស្រី)។

ម៉ាក់ៗ​​​ដែល​​​​​​បំបៅ​​​កូន​​​ដោយ​​​ទឹក​​​ដោះ ក៏​​​អាច​​​ឆ្លង​​​មេរោគ​​​នេះ​​​តាម​​​មាត់​​​របស់​​​អាអូនដែរ ពិសេស​​​នៅ​​​ពេល​​​​​​​​​ប្រព័ន្ធ​​​ភាព​​​ស៊ាំ​​​ចុះ​​​ខ្សោយ។ សុដន់​​​យើង​នឹងស្ងួត ហើយ​​​អាច​​​​​​ឈឺ​​​ពេល​​​បំបៅ​​​កូន។ យើង​​​គួរ​​​ទៅជួ​ប​​​គ្រូពេទ្យ​ដើម្បី​​​​ព្យាបាល​​​​​​ទាំង​ខ្លួន​​​ឯង និង​​​កូន។

អំឡុង​​ព្យាបាល​​យើង​ត្រូវ​​​ឧស្សាហ៍​​​លាង​​​ដៃ​​​នឹង​​​សាប៊ូ លាង​​​សម្អាត និង​​​ស្ងោរ​​​​​​របស់​​​ក្មេង​​​លេង​​​ដើម្បី​សម្លាប់​​​មេរោគ​​​ឲ្យ​​​បាន​​​ញឹក​​​ញាប់ ឬ​​​អាច​​​​​​លាប​​​ក្រែម​​​ប្រឆាំង​​​នឹង​​​មេរោគ​​​ផ្សិត (Clotrimazole) នៅ​លើ​ក្បាល​​​សុដន់ រួម​​​ជាមួយ​​​​​​ថ្នាំ​​​ប្រឆាំង​​​​​​ការ​​​រលាក។

លិង្គ​​​ហើម៖ អាការៈ​​​ហើមលិង្គ​​​នៅ​​​លើ​អូនតូច​មិន​​​មែន​​​ជា​​​បញ្ហា​​​ធំ​​​ដុំ​គួរ​បារម្ភ​នោះ​​​ទេ ភាគ​​​ច្រើន​​​​​​កើត​ឡើង​​​​ដោយ​​​សារ​​​តែ​​​បញ្ហា​​​កន្ទួល​​​រមាស់ ម៉ាក់ប៉ា​មិន​​​បាន​​​ផ្លាស់​​​ប្តូរ​​​ខោ​​​ទឹក​​​នោម​​​ញឹក​​​ញាប់។ ទោះ​ជា​មិន​ធ្ងន់ធ្ងរ​ក្តី តែវា​​​អាច​​​បណ្តាល​​​ឲ្យ​អាអូន​​​ពិបាក​​​នោម។ បើ​ពិបាក​​​នោម​​​ខ្លាំង យើង​​​អាច​​​ឲ្យ​​​កូន​ត្រាំ​​​ក្នុង​​​ទឹក​​​ក្តៅ​​​ឧណ្ហ​​​ៗ​​​មួយ​​​ភ្លែត។ បើ ២-៣ថ្ងៃ អាអូន​នៅ​តែ​មិន​ធូរស្បើយ យើង​​​គួរ​​​តែ​​​យក​​​​​​ទៅ​​​ពិគ្រោះ​​​ជាមួយ​​​គ្រូពេទ្យ​​​។

កន្ត្រាក់​​​មិន​​​ឈប់៖ ទោះ​​​បី​​​ជា​​​បេប៊ី​​​បាន​​​​​​ចេញ​​​ពី​​​ផ្ទៃ​​​ម្តាយ​​​ជា​​​ច្រើន​​​សប្តាហ៍​​​ក្តី ក៏​​ប្រព័ន្ធ​​​ប្រសាទ និង​​​ខួរ​ក្បាល​នៅ​​​មិន​​​ទាន់​​​លូត​​​លាស់​​​ពេញ​​​លេញ​​​ដែរ។ ដូច្នេះ​អូន​តូច​​​មិន​​​ទាន់​​​​​​​​​គ្រប់​​​គ្រង​​​ចលនា​​​សាច់​​​ដុំ​​​​​​បាន​​​ល្អ​​​នោះ​​​ទេ ពេល​​​ខ្លះ​​​ជើង ឬដៃ​​​កន្ត្រាក់​​​មិន​​​ឈប់។ ម៉ាក់ប៉ា​ត្រូវ​សង្កេត បើ​ឃើញ​កូន​កន្រ្តាក់​មិន​សូវ​លោះ​ពេល គួរ​តែ​ទៅ​ជួប​ពេទ្យ​ដើម្បី​រក​វិធី​កែខៃ​ទាន់​ពេល​វេលា។

ការព្រួយបារម្ភ

៤- រឿងអីខ្លះត្រូវបារម្ភ?

ដើម្បីឲ្យ​​​កូន​​​ទទួល​​​បាន​​​សារធាតុ​​​ចិញ្ចឹម​​​គ្រប់​​​គ្រាន់ យើង​ត្រូវ​​​តែ​​​​​បំបៅ​​​អាអូន​ទោះ​​​បី​​​ជា​​​ពេល​​​យប់​​ថ្មើរ​ម៉ាន​ក៏​​​ដោយ។ បេប៊ី​​​មួយ​​​ចំនួន​​​​​​លែង​​​ត្រូវ​​​ការ​​​​​​បៅ​​​ពេល​​​យប់​​​​នៅ​​​អាយុ​​​ ៣​ ​​ខែ ឯ​មួយ​​​ចំនួន​​​ធំ​​​នៅ​​​តែ​​​ត្រូវ​​​ការ​​​បៅ​​​ប្រហែល​​​ជា ២-៣ដង/យប់

យ៉ាង​​​ណា​​​មិញ យើង​មិន​​​គួរ​​​បន្ត​​​បំបៅ​​​កូន ៣-៤ ដង​​​ទៀត​​​នោះ​​​ទេ គួរ​​​តែ​​​កាត់​​​បន្ថយ​​​ការ​​​បំបៅ​​​កូន​ពេល​​​យប់​​​បន្តិច​​​ម្តងៗ ដើម្បី​ឲ្យ​កូន​​​បាន​​​គេង​​​ច្រើន​​​ជាង​​​មុន។ កាត់​បន្ថយ​ការ​ម៉ឹម​របស់​អាអូន មិន​ស្រួល​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែយើង​​​អាចធ្វើតាម​វិធី​ខាង​ក្រោម​នេះ៖

– បន្ថែម​​​បរិមាណ​​​ឲ្យ​​​កូនបៅ​​​ច្រើន

– ឲ្យ​​​កូនបៅ​​​មុន​​​​​​រាល់​​​ដង

– ត្រូវ​​​ប្រាកដ​​​ថា​​​បរិមាណ​​​ទឹក​​​ដោះ​​​គោ​​​គ្រប់​​​គ្រាន់

– ឲ្យ​​​កូនបៅ​​​​​​​​​តិច​​​នៅ​​​ម៉ោង​​​ដែល​​​យើង​​​ចង់​​​កាត់​​​​​​បន្ថយ​​​

– ឲ្យ​​​កូន​​​បៅ​​​​​​​​​ច្រើន​នៅ​​​ម៉ោង​​​ដែល​​​យើង​​​បន្ត​​​ឲ្យ​​​​​បៅ

– បំបែក​​​បន្ទប់​​​គេង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Murkoff, Heidi. What to Expect, The First Year. New York: Workman Publishing Company, 2009. Print version. Page 249-288.

កំណែ​ប្រែបច្ចុប្បន្ន

23/01/2019

អត្ថបទ​ដោយ Sao Solynet

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sao Solynet · កែ Jan 23, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម