កូនយើងចាប់ផ្តើមចេះសម្គាល់របស់តូចៗ និងតាមដានវត្ថុមានចលនា។ ចំណុចនេះមានន័យថា អាអូនអាចចាប់អារម្មណ៍វត្ថុទាំងនោះ ទោះជាបានឃើញតែផ្នែកណាមួយក៏ដោយ ប្រៀបបាននឹងតុក្កតាសំណព្វនៅក្រោមភួយរបស់គេ។ ម៉ាក់ប៉ាច្បាស់ជាប្លែកមិនខាន ពេលឃើញអាអូនព្យាយាមទៅជិតវត្ថុនៅជិតខ្លួន ប៉ុន្តែកូនយើងនឹងកាន់របស់នោះតែប៉ុន្មានវិនាទីប៉ុណ្ណោះ។
នៅសប្តាហ៍ទី ២៣ នេះ កូនយើងអាចធ្វើរឿងមួយចំនួនដូចជា៖

– អង្គុយដោយមិនបាច់ជំនួយ
– អង្កេតវត្ថុតូចៗ និងតាមដានវត្ថុដែលមានចលនា
– ចំណាំវត្ថុ ទោះឃើញតែផ្នែកណាមួយក៏ដោយ
– ព្យាយាមទៅជិតវត្ថុដែលនៅជិតខ្លួន។
១- បង្រៀនកូនពីអីខ្លះ?
នៅសប្តាហ៍ទី ២៣ នេះ ទារកនឹងចាប់ផ្តើមស្គាល់ពណ៌ ដូចនេះការអានសៀវភៅដែលមានពណ៌ច្រើន ឬលេងជាមួយឈើដែលមានពណ៌ ជាមធ្យោបាយដ៏ល្អមួយដើម្បីជួយកូនយើងរៀនពីការលាយពណ៌។ ម៉ាក់ប៉ាគួរតែឲ្យរបស់អ្វីមួយទៅកូនដើម្បីកាន់ ឬជញ្ជក់ ធ្វើបែបនេះអាអូនអាចរៀនពីវត្ថុថ្មីនេះ ចំណាំពណ៌ និងរូបរាងរបស់វា។
២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?
បើយើងមិនមានការណាត់ជួបគ្រូពេទ្យនៅសប្តាហ៍នេះ ដូច្នេះអាចមានពេលត្រៀមសំណួរមួយចំនួនសម្រាប់ការជួបលើកក្រោយ។ ទោះយ៉ាងណាយើងត្រូវតែទៅពិគ្រោះជាមួយគ្រូពេទ្យភ្លាមៗ បើឃើញមានប្រែប្រួលការគេង ការញ៉ាំអាហាររបស់កូន ពីព្រោះក្នុងករណីខ្លះ សញ្ញាទាំងនេះអាចបាត់ ទៅវិញដោយខ្លួនឯង ហើយក្នុងករណីកម្រខ្លះវាអាចជាសញ្ញានៃជំងឺមួយធ្ងន់ធ្ងរ។
៣- ត្រូវដឹងពីអីខ្លះ?
-តារាងនៃការលូតលាស់៖ គ្រូពេទ្យនឹងសន្និដ្ឋានពីការលូតលាស់របស់កូនយើងដោយការថ្លឹងទម្ងន់ វាស់កម្ពស់ និងទំហំក្បាលហើយប្រៀបធៀបជាមួយទិន្នន័យរួមមួយ ក៏ដូចជាលទ្ធផលនៃទារកពីមុនៗមក។ ប្រសិនបើមានភាពខុសគ្នា នេះបង្ហាញថាកូនយើងកំពុងរងបញ្ហាសុខភាពដែលអាចប៉ះពាល់ដល់ការទ្រទ្រង់ និងការស្រូបយកសារធាតុចិញ្ចឹម។ មួយវិញទៀតគ្រូពេទ្យនឹងប្រើអត្រាលូតលាស់គិតជាភាគរយដើម្បីប៉ាន់ប្រមាណថា អូនតូចមានការលូតលាស់ប្រក្រតីដែរឬទេ?
ទារកមានអត្រានៃការលូតលាស់ផ្សេងៗគ្នា ដូចនេះម៉ាក់ប៉ាមិនបាច់បារម្ភពីការមិនឡើងគីឡូ ឬលូតកម្ពស់របស់កូនពេកនោះទេ។ ទារកខ្លះអាចលូតលាស់យឺតក្នុងវ័យនេះ ប៉ុន្តែពួកគេអាចលូតលាស់លឿននៅដំណាក់កាលក្រោយៗទៀត។ ពិតណាស់ការលូតលាស់នេះផ្អែកទៅលើហ្ស៊ែនពីកំណើតរបស់ម៉ាក់ប៉ា លើសពីនេះទៀត សុខភាពកូនយើងក៏អាចទទួលផលរំខានពីកត្តាមួយចំនួនដែរ រួមមាន បរិស្ថាន ធម្មជាតិ និងកម្រិតនៃសកម្មភាពរបស់ពួកគេ។
ការទាញត្រចៀក៖ ម្រាមដៃ និងដៃ មេជើង និងជើង ត្រចៀកជាផ្នែកដែលទារកចង់ដឹង ចង់លេង។ ក្នុងវ័យនេះអាអូននឹងចង់ដឹងពីផ្នែកផ្សេងៗនៃរាងកាយរបស់គេ ដូច្នេះបើយើងឃើញកូនមិនទាញត្រចៀក ដោយមានគ្រុនក្ដៅទេ នោះមិនមានអ្វីដែលគួរអោយព្រួយបារម្ភទេ កូនយើងអាចមានការបង្ករោគនៅត្រចៀក ឬការដុះធ្មេញថ្មី ប្រសិនបើមានសញ្ញាមិនស្រួលខ្លួនផ្សេងទៀត ឬក្តៅខ្លួន។ ដូច្នេះយើងគួរប្រាប់គ្រូពេទ្យនូវសញ្ញាមិនប្រក្រតីទាំងនេះ។
-ជំងឺតាអក៖ ទារកអាចទទួលរងជំងឺស្បែកម្យ៉ាងហៅថា ជំងឺតាអក (Eczema) ដែលបណ្តាលឲ្យស្បែកឡើងគ្រើម និងរមាស់។ ខាងក្រោមនេះជាវិធីបញ្ចៀសកូនពីជំងឺនេះ៖
កាត់ក្រចក៖ កាត់ក្រចកដៃកូនឲ្យខ្លី ដើម្បីការពារនៅពេលក្រញៅ។
មុជទឹកឲ្យល្មម៖ យើងគួរមុជទឹកកូន កុំឲ្យលើសពី ១០-១៥ នាទី ហើយប្រើសាប៊ូល្មម ពីព្រោះការត្រាំទឹកយូរ និងប្រើសាប៊ូច្រើន ធ្វើឲ្យស្បែកស្ងួត។ បន្ទាប់ពីមុជទឹករួច គួរតែលាបក្រែមបន្ទន់ស្បែកឲ្យកូន។
-ប្រើឡេ៖ អ្នកគួរតែលាបឡេឲ្យកូនឲ្យបានច្រើនដើម្បីកុំឲ្យរោល ឬរមាស់ បន្ទាប់ពីមុជទឹករួច។
-លៃសីតុណ្ហភាពឲ្យសមរម្យ៖ បញ្ហាស្បែកមួយប្រភេទនេះនឹងរឹតតែធ្ងន់ឡើងបើទារកនៅកន្លែងមានខ្យល់ក្តៅពេក ត្រជាក់ពេក ឬស្ងួតពេក ដូចនេះយើងជៀសវាងការដាក់កូននៅកន្លែងបែបនេះ ហើយបន្ទប់ត្រូវតែមានសំណើម។
-ពាក់សម្លៀកបំពាក់ធ្វើពីកប្បាស៖ ការបែកញើសអាចធ្វើឲ្យជំងឺមួយនេះកាន់តែធ្ងន់ ដូច្នេះយើងមិនត្រូវឱ្យទារកស្លៀកសម្លៀកបំពាក់ដែលធ្វើពីរោមចៀម កប្បាស និងស្លៀកពាក់ច្រើនជាន់ពេកទេ។
-កែប្រែរបបអាហារ៖ យើងគួរពិភាក្សាជាមួយគ្រូពេទ្យនូវអាហារណាដែលធ្វើឲ្យជំងឺស្បែកប្រភេទនេះកាន់តែធ្ងន់ធ្ងរ។

៤- រឿងអីខ្លះត្រូវបារម្ភ?
កៅអីសម្រាប់បញ្ចុកអាហារ៖ ម៉ាក់ប៉ាមួយចំនួនប្រហែលជាគិតថាការបញ្ចុកអាហារកូននៅលើភ្លៅ ជាមធ្យោបាយល្អបំផុតហើយ ប៉ុន្តែវាអាចជាវិធីមួយរញ៉េរញ៉ៃ និងមិនសូវបានផលឡើយ។ វិធីល្អបំផុត គឺរកកៅអីសម្រាប់បញ្ចុកអាហារកូន ហើយគួរតែមើលកូនយើងគ្រប់ពេលវេលា ខ្លាចរអិល ឬធ្លាក់។ នៅពេលកូនយើងអាចអង្គុយបានត្រង់ល្អហើយ គួរតែប្តូរទៅកៅអីខ្ពស់វិញ។
ចុះនៅសប្តាហ៍ទី ២៤ តើទារកនឹងវិវត្តយ៉ាងដូចម្តេចទៀត? រង់ចាំតាមដានទាំងអស់គ្នាណា!
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Murkoff, Heidi. What to Expect, The First Year. New York: Workman Publishing Company, 2009. Print version. Page 311-344.
កំណែប្រែបច្ចុប្បន្ន
23/01/2019
អត្ថបទដោយ Chorn Sophearom
ត្រួតពិនិត្យដោយ គឹម កាណែល
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
គឹម កាណែល