កូនយើងកាន់តែធំបន្តិចហើយ អាចប្រើម្រាមដៃចាប់កាន់វត្ថុតូចៗ ក្តាប់ក្នុងដៃ ឬដាក់ចូលមាត់។ ក្មេងតូចងាយនឹងស្លាក់បំផុត បើមិនចង់ឲ្យមានបញ្ហាម៉ាក់ប៉ាត្រូវដាក់របស់តូចៗឲ្យឆ្ងាយពីដៃកូន ឯនំចំណីក៏ដូចគ្នា ត្រូវប្រាកដថា ងាយទំពា និងរលាយ ពេលញ៉ាំ ទើបមិនធ្វើឲ្យកូនស្លាក់។
នៅអាទិត្យទី ២៧ នេះកូនយើងនឹងអាច ៖

– ក្រោកឈរបានដោយតោងអ្វីមួយ
– មិនឲ្យយករបស់លេងចេញពីខ្លួន
– ព្យាយាមឈោងយករបស់លេងនៅឆ្ងាយ
– បោះរបស់អ្វីមួយពីដៃម្ខាងទៅដៃម្ខាងទៀត
– រកមើលវត្ថុដែលធា្លក់
– ប្រើម្រាមដៃដើម្បីចាប់វត្ថុតូចៗ និងក្តាប់ក្នុងដៃ
– បញ្ចេញសំឡេងដូចជា បាបាបា ម៉ាម៉ាម៉ា និងដាដាដា
– ចូលចិត្តញ៉ាំអាហារនៅក្នុងដៃ
– ញ៉ាំនំដោយខ្លួនឯង ឬអាហារផ្សេងទៀតដែលមានក្នុងដៃ។
១- បង្រៀនកូនពីអីខ្លះ?
កូននឹងបង្ហាញឲ្យយើងឃើញថា ដល់វ័យដែលគេអាចញ៉ាំអាហារនៅក្នុងដៃបានហើយ ដោយដណ្តើមស្លាបព្រាពីយើង ឬទាញអាហារពីក្នុងចាន។ ដូច្នេះម៉ាក់ប៉ាគួរតែដាក់អាហារ ៤-៥ ចំណិតទៅក្នុងចានកូនដែលមិនធ្លាក់បែក។ អាហារដែលល្អសម្រាប់កូនៗ គឺអាហារដែលអាចទំពា ឬងាយរលាយក្នុងមាត់ដោយសារតែកូនយើងពុំទាន់ដុះធ្មេញនៅឡើយ។ ដើម្បីបង្ការស្លាក់ យើងគួរតែដាក់កូនអង្គុយកៅអីឲ្យត្រង់ខ្លួនពេលបញ្ចុកនំចំណី។
ដើម្បីឲ្យកូនឆាប់ចេះនិយាយ និងចូលចិត្តការអាននោះម៉ាក់ប៉ាគួរតែព្យាយាមយកសៀវភៅឲ្យកូនមើល និងអានឲ្យកូនស្តាប់។ បើសិនជាកូនមិនអង្គុយស្តាប់រឿងដែលយើងអាននោះទេ កុំទាន់ខកចិត្តឲ្យសោះ ទោះកូនអាយុប៉ុន្មានក៏ដោយ ការអានអាចនាំកូនយើងឲ្យមានឱកាសដ៏ល្អ ដើម្បីចូលក្នុងសង្គមខាងក្រៅ។

២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?
នេះជាពេលដែលកូនយើងត្រូវចាក់វ៉ាក់សាំងលើកទី ៣ បើសិនជាអាអូនមានសុខភាពល្អ។ ប៉ុន្តែមុននឹងចាក់ កុំភ្លេចសួរនាំគ្រូពេទ្យពីផលរំខានផ្សេងៗដែលអាចកើតមានក្រោយចាក់វ៉ាក់សាំង។
៣- ត្រូវដឹងពីអីខ្លះ?
កូនយើងនៅតូចបែបនេះជៀសមិនរួចពីបញ្ហានោះទេ បើមិនជួបច្រើន ក៏តិចដែរ ដូច្នេះតម្រូវឲ្យម៉ាក់ប៉ាយល់ដឹងពីបញ្ហារបស់ក្មេងៗឲ្យបានច្រើន។
ការសង្រ្គោះបន្ទាន់៖ វាហាក់ដូចជារឿងដ៏រន្ធត់មួយ តែយើងគួរតែត្រៀមក្នុងករណីអាក្រក់បានកើតឡើង។ មូលហេតុចំបងដែលក្មេងតែងតែជួបប្រទះឈានដល់ការសង្រ្គោះបន្ទាន់ នោះមានដូចជា ប្រតិកម្មធ្ងន់ធ្ងរ ស្ទះពោះវៀន ឬជំងឺហឺតជាដើម។ ក្មេងនៅក្នុងវ័យនេះជាពេលដែលចង់ដឹងចង់ស្គាល់ និងរពឹសខ្លាំង ដែលអាចលេប ឬស្រូបវត្ថុរឹងផ្សេងៗ ធ្លាក់ និងរបួស ឬក៏ត្រូវការដេរបិទមុខរបួសជាដើម។
ក្នុងករណីដែលកូនពិបាកដកដង្ហើមដោយសារមូលហេតុណាមួយនោះ ឬបណ្តាលមកពីប្រតិកម្មជាមួយអ្វីមួយនោះ ត្រូវប្រញាប់ទៅមន្ទីពេទ្យដែលនៅជិត ឬទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩។
ការប្តូរទៅញ៉ាំទឹកដោះគោ៖ បើអាចយើងគួរតែបន្តឲ្យកូនបៅទឹកដោះម្តាយយ៉ាងតិចណាស់ឲ្យបាន១ ឆ្នាំដំបូង។ នៅពេលដែលម៉ាក់ចង់ផ្តាច់ដោះកូន អាចឲ្យទឹកដោះគោដែលមានជាតិដែកដល់កូន ឬ ពិគ្រោះជាមួយគ្រូពេទ្យមុនសម្រេចចិត្តជ្រើសរើសយកទឹកដោះគោប្រភេទណាសមស្របសម្រាប់កូនយើង។ កូនញ៉ាំទឹកដោះគោបាន ១ ឆ្នាំ យើងត្រូវប្រាកដថាប្រើទឹកដោះគោសុទ្ធ ទឹកដោះគោគ្មានក្រែម ប្រសើរជាងជាតិខ្លាញ់ទាប (Low fat)។ ទឹកដោះគោសុទ្ធ ត្រូវបានណែនាំចំពោះកូនក្មេងដែលមានអាយុពី ២ ឆ្នាំឡើង ទោះបីជាគ្រូពេទ្យខ្លះទៀតឲ្យញ៉ាំទឹកដោះគោដែលមានជាតិខ្លាញ់ ២% សម្រាប់ក្មេងអាយុលើ ១ឆ្នាំកន្លះក៏ដោយ។

៤- រឿងអីខ្លះគួរបារម្ភ?
ការដុសធេ្មញ៖ មានមូលហេតុជាច្រើនដែលយើងគួរតែថែរក្សាធ្មេញកូនឲ្យបានល្អ។ ដំបូងបង្អស់នោះការសម្អាតធ្មេញ ធ្វើឲ្យធ្មេញស្រុក (ធ្មេញអចិន្ត្រៃយ៍) ដុះបានស្អាតតាមគន្លងធ្មេញទឹកដោះនៅពេលក្រោយ។ ជំងឺពុកធ្មេញ និងជ្រុះធ្មេញអាចធ្វើឲ្យមាត់កូនយើងខុសទម្រង់ជាដើម ជាងនេះទៅទៀតនោះអូនតូចត្រូវការធ្មេញដើម្បីខាំ និងទំពា ២-៣ ឆ្នាំដំបូង មុនពេលធ្មេញស្រុកដុះចេញមកជំនួស។ ធ្មេញខូចអាចឲ្យកូនលែងចង់ញ៉ាំអាហារ។ ម៉្យាងវិញទៀតសុខភាពធ្មេញមានសារសំខាន់ក្នុងការនិយាយស្តី និងសោភណភាព ដែលទាំង ២ នេះចាំបាច់ពេលកូនពេញវ័យ។
កូនធំបន្តិចយើងគួរបង្រៀនកូនឲ្យមានទម្លាប់ដុសធ្មេញកាន់តែឆាប់។ យើងអាចប្រើបង់រុំ កន្សែងទន់ៗហើយស្អាត ឬច្រាសដែលមានសរសៃទន់ៗ ដោយផ្សើមជាមួយទឹកដើម្បីសម្អាតធ្មេញកូន។ យើងគួរសម្អាតធ្មេញទារកបន្ទាប់ពីញ៉ាំអាហាររួច និងមុនពេលគេង ដោយដុសស្រាលៗ។ កុំភ្លេចសម្អាតអណ្តាតកូនផង ព្រោះវាជាជម្រកមេរោគ។ អាអូននៅតូចណាស់ កុំប្រើថ្នាំដុសធ្មេញ ឬប្រើតិចតួច បើកូនយើងចូលចិត្តវា។
ក្រៅពីការថែទាំធ្មេញ អាហារក៏មានសារសំខាន់ចំពោះសុខភាពមាត់ធ្មេញកូនដែរ។ ម៉ាក់ប៉ាត្រូវច្បាស់ថាអាហារដែលផ្តល់ឲ្យកូនមានកាល់ស្យូម សារធាតុរ៉ែ និងវីតាមីនគ្រប់គ្រាន់ ជាពិសេស វីតាមីន C ដែលថែរក្សាអញ្ចាញធ្មេញបានល្អ និងកំណត់អាហារដែលសម្បូរជាតិស្ករតិចតួចបំផុត ធ្វើឲ្យស្អិតអញ្ចាញធ្មេញ។
ទាំងអស់នេះអាចជួយឲ្យការពារកូនយើងពីការឈឺចាប់ដែលបណ្តាលមកពីដង្កូវស៊ីធ្មេញ និងការហូរឈាមតាមអញ្ចាញធ្មេញ។ ការពិនិត្យសុខភាពមាត់ធ្មេញ គួរតែធ្វើនៅអាយុចន្លោះខែទី ៦ និង ១២ សម្រាប់ក្មេងៗដែលមានទម្លាប់គេងបៀមដបទឹកដោះគោ ឬតែងតែបៀមដបនៅក្នុងមាត់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Murkoff, Heidi. What to Expect, The First Year. New York: Workman Publishing Company, 2009. Print version. Page 345-369.
កំណែប្រែបច្ចុប្បន្ន
27/11/2019
អត្ថបទដោយ Oum Voutha
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ