backup og meta

អាយុ ២៨ សប្តាហ៍៖ ចង់​ដឹងទេ សំណព្វចិត្តរបស់កូនពេលនេះជាអ្វី?

អាយុ ២៨ សប្តាហ៍៖ ចង់​ដឹងទេ សំណព្វចិត្តរបស់កូនពេលនេះជាអ្វី?

ការលូតលាស់ និងអាកប្បកិរិយា

អាយុ​ប៉ុណ្ណេះ​អូនតូច​ចូល​ចិត្ត​សត្វ​ទាំងអស់​មិន​ថា​តូច ឬ​ធំ​នោះ​ទេ ហើយ​របស់​អ្វី​គ្រប់​យ៉ាង​សុទ្ធ​តែ​អាច​ជា​របស់​សំណព្វ​ចិត្ត​របស់​បេប៊ី។ ម៉ាក់ប៉ា​មិន​បាច់​ឆ្ងល់​ទេ កូន​នឹង​រៀន​ឃ្លាត​ឆ្ងាយ​ពី​យើង និង​ឯករាជ្យ​បន្តិចៗ​ម្តង។

វ័យ​នេះ​ដែរ​តុក្កតា​ធំៗ និង​បាល់​អាច​ជា​របស់​កូន​យើង​ចូល​ចិត្ត ដូច្នេះ​យើង​គួរ​រើស​បាល់​ណា​​ធំៗ​​មិន​អាច​ដាក់​ចូល​មាត់ និង​តុក្កតា​ណា​ទន់ៗ។ ដើម្បី​ដឹង​ថា​របស់​ក្មេង​លេង​មួយ​ណា​ដែល​កូន​ចូល​ចិត្ត​ យើង​អាច​សាក​យក​វា​ចេញ​ពី​ពួក​គេ បើ​សិន​ជា​កូន​យើង​មិន​ព្រម​នោះ មាន​ន័យថា​របស់​លេង​មួយ​ហ្នឹង​ហើយ​ដែល​ជា​សំណព្វ​ចិត្ត​របស់​កូន។

នៅ​ក្នុង​សប្តាហ៍​នៃ​ខែ​ទី ៦នេះ​កូន​យើង​អាច ៖

– វារ

– អាច​ងើប​ឈរ​បាន​

– រើស​វត្ថុ​តូចៗ​ដោយ​ប្រើ​មេដៃ និង​ម្រាម​ដៃ​ផ្សេង​ទៀត

– អាច​និយាយ ម៉ាម៉ា និង​ដាដា។

១- បង្រៀនកូនដោយរបៀបណា?

ក្នុង​ពេល​នេះ​អាអូន​អាច​ក្រោក​ឈរ​បាន​ និង​ចូល​ចិត្ត​រាំដែល​ជួយ​ដល់​ការ​ពង្រឹង​សាច់​ដុំ​សម្រាប់​ការ​ចលនា​នៅ​ពេល​ក្រោយ។ យើង​អាច​លើក​កូន​ឡើង​ពី​កម្រាល ឬ​ភ្លៅ​ដើម្បី​ឲ្យពួក​គេ​ចាប់​ផ្តើម​ដើរ​បាន។

ដើម្បី​ជួយ​ដល់​ការ​លូត​លាស់​ក្មេងៗ យើង​ព្យាយាម​យក​របស់​ក្មេង​លេង​ចេញ​ពីកូន ហើយ​សង្កេត​មើល​ពី​របៀប​ដែល​កូន​នឹង​យក​មក​វិញ។ បើ​សិន​ជា​គេ​យំ​ដោយ​សារ​តែ​មិន​អាច​យក​បាន​នូវ​អ្វី​ដែល​ចង់​បាន​នោះ យើង​ត្រូវ​ជំរុញ​ឲ្យ​កូន​​យក​ដោយ​ខ្លួន​ជាជាង​យក​ឲ្យ​គេ​ដោយ​ផ្ទាល់។

បន្ទាប់​ការ​ព្យាយាម​ម្តង​ហើយ​ម្តង​ទៀត​នោះ​កូន​យើង​អាច​នឹង​វារ​ទៅ​យក​របស់​នោះ​បាន ហើយ​ត្រលប់​មក​កន្លែង​ដើម​វិញ។ ម៉ាក់ប៉ា​គួរ​តែ​រក​​សម្លៀក​បំពាក់​ណា​ដែល​ធំៗ និង​ងាយស្រួល​ដល់​កូនៗ​របស់​ក្នុង​កា​វារ​លេង។

សុខភាព និងសុវត្ថិភាព

២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?

មិន​មាន​អ្វី​ប្លែក​ច្រើន​ទេ នៅ​សប្តាហ៍​នេះ​គ្រូពេទ្យ​អាច​នឹង​ពិនិត្យ​នូវ​ចំណុច​មួយ​ចំនួន​ខាង​ក្រោម​នេះ៖

– វាស់​កំហាប់​អេម៉ូក្លូបប៊ីន ដើម្បី​រក​មើល​ការ​ស្លេក​ស្លាំង​

– ណែនាំ​ពី​អ្វី​ដែល​ត្រូវ​ថែ​ទាំ​នៅ​ខែ​ក្រោយ។

៣- ត្រូវដឹងពីអីខ្លះ?

អាហារ​សម្រាប់​កូន​មាន​ច្រើន​ប្រភេទ​ណាស់ តម្រូវ​ឲ្យ​ម៉ាក់ប៉ា​ជ្រើស​រើស​ឲ្យ​សមស្រប​ទៅ​នឹង​អាយុ​របស់​កូន នោះ​ទើប​មិន​បង្ក​បញ្ហា​ទៅ​ថ្ងៃ​ក្រោយ។

បន្លែ​​មាន​ប្រយោជន៍៖ ពេល​នេះ​កូន​យើង​អាច​ស្រូប​យក​នូវ​វីតាមីន សារធាតុ​រ៉ែ ប្រូតេអ៊ីន ពី​បន្លែ​ដែល​មាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​បាន​ហើយ។ នៅ​អាយុ ៦ ខែ​នេះ​យើង​អាច​ផ្តល់​អាហារ​ជា​ប្រភេទ​ទឹក​ដោះ​គោ ម្សៅ​ទឹកដោះ​គោ និង​អាហារ​ផ្សងៗ ដូច​ជា​គ្រាប់​ធញ្ញជាតិ ផ្លែឈើ​កិន ទឹក​ផ្លែឈើ និង​បន្លែ​ជាដើម។

ក្មេងៗ​ត្រូវ​ការ​ប្រូតេអ៊ីន​ដើម្បី​លូត​លាស់​ ក៏​ដូច​ជា​សះស្បើយ​ពីរបួស។ ក្នុង​ករណី​ដែល​យើង​មិន​ចង់​ផ្តល់​អាហារ​ជា​សាច់​នោះ​ទេ គួរ​តែ​រើស​ចំណី​ដែល​មាន​ជាតិ​សាច់​នេះ​មក​ជំនួស​វិញ។ ម្យ៉ាង​វិញ​ទៀត​បើ​យើង​ចង់​ផ្តល់​ជារបប​អាហារ​បួស​នោះ យើង​ត្រូវ​បារម្ភពី​ការ​កង្វះ​ជាតិដែក ដូច្នេះ​ដើម្បី​បង្ការ​​ត្រូវ​រើស​បន្លែ​ដែល​សម្បូរ​ជាតិ​ដែក​ដូចជា គ្រាប់​ធញ្ញជាតិ បន្លែ​ដែល​មាន​ស្លឹក​ពណ៌​បៃតង។

អាហារ​មាន​ជាតិ​ប្រៃ៖ ទារក​ក៏​ដូច​មនុស្សធំដែរ ត្រូវ​ការ​អាហារ​ដែល​មាន​ជាតិ​ប្រៃ គ្រាន់​តែ​មិន​ត្រូវ​ការ​ច្រើន​តែ​ប៉ុណ្ណោះ ដោយសារ​តម្រង​នោម​របស់​ក្មេង​មិន​អាច​ទប់​ទល់​ទៅ​នឹង​សូដ្យូម​ដែល​ច្រើន​លើស​លប់​ពេក​នោះ​ទេ អ៊ីចឹង​ហើយ​បាន​តម្រូវ​ឲ្យ​ម៉ាក់ៗ​បំបៅ​ទឹក​ដោះ​កូន ដែល​ជា​ភេសជ្ជៈ​មាន​សារធាតុ​សូដ្យូម​ទាប។ ការ​ដែល​យើង​ផ្តល់​អាហារ​ប្រៃ​នោះ​នឹង​បង្កើត​ជា​ទម្លាប់​ក្នុង​ការ​ញាំ​អាហារ​ប្រៃ​ដល់​ក្មេងៗ វា​មិន​ល្អ​នោះ​ទេ កុំ​ចេះតែ​គិតថា កូន​​នឹង​មិន​ចូល​ចិត្ត​សណ្តែក និង​ដំឡូង​កិន​ដែល​មិន​ដាក់​អំបិល។ ដើម្បី​ឲ្យ​អូន​តូច​មាន​ទម្លាប់​ក្នុង​ការ​ញាំ​អាហារ​សាប សមាជិក​នៅ​ក្នុង​គ្រួសារ​ក៏​ត្រូវ​កាត់បន្ថយ​ក្នុង​ការ​ញ៉ាំ​អំបិល​ដែរ ។ នៅ​ពេល​យើង​ទិញ​អាហារ​សម្រាប់​កុមារ ឲ្យ​ច្បាស់​ថាអាហារ​ទាំងអស់​នោះ​នឹង​មាន​សូដ្យូម​តិច​ជាង​ ៥០ ក្រាម/ពេល

គ្រាប់​ធញ្ញជាតិ៖ នៅ​ពេល​ទារក​មាន​អាយុ ៦ ខែ ជាពេល​មួយ​ដែលត្រូវ​ការ​ជាតិ​ដែក​ខ្លាំង។ មិន​ពិបាកទេ គ្រាប់​ធញ្ញជាតិ​ជា​ប្រភព​ជាតិ​ដែក​យ៉ាង​សំខាន់​នៅ​ក្នុង​អាហារ​របស់​កុមារ។ តែទោះ​យ៉ាង​ណា យើង​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ក្នុង​ការ​ផ្តល់​អាហារូបត្ថម្ភ ដែល​ស័ក្តិសម​សម្រាប់​កុមារ។

ការព្រួយបារម្ភ

៤- រឿងអ្វីខ្លះត្រូវព្រួយ

ការ​ជ្រើសរើស​ស្បែក​ជើង​៖ នៅ​ក្នុង​ដំណាក់​កាល​នៃ​ការ​លូតលាស់​នេះ​កូន​យើង​នឹង​ដើរ​ជើង​ទទេ ជាង​ពាក់​ស្បែក​ជើង។ មិន​បាច់​បារម្ភ​រឿង​ពាក់​ស្បែក​ជើង​ទេ ដោយសារ​តែ​ជើង​កុមារ​នៅ​តែ​បន្ត​លូត​លាស់​លឿន។ សម្រាប់​ស្បែក​ជើង​ដែល​ល្អ​សម្រាប់​ក្មេង​នោះ ជ្រើសរើស​ស្បែក​ជើង​​ស្រាល ធ្វើ​ពី​កំណាត់​ដែល​ខ្យល់​ចេញ​ចូល​បាន​(ស្បែក​​ ឬ​សាច់​កំណាត់ តែ​មិន​មែន​ជា​ជ័រ​នោះ​ទេ) មាន​បាត​ទន់​ដែល​អាច​ឲ្យ​យើង​ប៉ះ​ម្រាម​ជើង​នៅ​ខាង​ក្នុង​បាន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ផ្ដល់​ជូន​នូវ​ការ​ណែនាំ​វេជ្ជសាស្ត្រ ការ​ធ្វើ​រោគវិនិច្ឆ័យ ឬ​​ព្យាបាល​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Murkoff, Heidi. What to Expect, The First Year. New York: Workman Publishing Company, 2009. Print version. Page 345-369.

កំណែ​ប្រែបច្ចុប្បន្ន

27/11/2019

អត្ថបទ​ដោយ Oum Voutha

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង

តិចៗងាយៗការពារកូនតូចពីជ្រាំងអណ្តាត ម៉ាក់ៗគួរដឹង!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Oum Voutha · កែ Nov 27, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម