“ជាគោលការណ៍យើងអត់ចង់ឲ្យទារក ឬកុមារតូចៗ ញ៉ាំអ្វីដែលប្រៃ ឬផ្អែមពេលនោះទេ ជួនកាលមាត់យើង យើងធ្លាប់ញ៉ាំប្រៃ ផ្អែម យើងអត់ដឹងថា កម្រិតហ្នឹងប្រៃផ្អែមប៉ុនណាទេ។ អ៊ីចឹងហើយតាមគោលការណ៍របស់ក្រសួងសុខាភិបាល យើងអត់ឲ្យដាក់អំបិលទេ អត់ចាំបាច់ដាក់តែម្តង”។ លោកជំទាវ ប្រាក់ សោភ័ណនារី រៀបរាប់។
ចំពោះបញ្ហានេះដែរ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បកស្រាយថា កូនក្មេងត្រូវការបរិមាណអំបិល ឬស្ករតិចតួចបំផុត ព្រោះតម្រងនោមទារកនៅតូច ហើយខ្ចី កំពុងស្ថិតក្នុងដំណាក់កាលលូតលាស់។ ផ្ទុយមកវិញ ការប្រើអំបិល ស្ករ និងប៊ីចេង បន្ថែមទៅលើរបបអាហារកូនច្រើនលើសកម្រិត នឹងបង្កផលប៉ះពាល់ចំពោះសុខភាពកូនក្មេង ដែលផលប៉ះពាល់នោះអាចនឹងបង្ហាញឲ្យភ្លាមៗ និងផលប៉ះពាល់យូរទៅថ្ងៃខាងមុខ។