វេជ្ជបណ្ឌិត ជាន សុផល ប្រធានផ្នែកជំងឺឈាមកុមារ មន្ទីរពេទ្យកុមារជាតិ ក្មេងដែលបៅទឹកដោះម្តាយអាចប្រឈមនឹងខ្វះជាតិដែក ចុះក្មេងដែលម៉ឹមម្សៅទឹកដោះមិនខ្វះជាតិដែកទេឬ? មិនមែនទេ! លោកវេជ្ជបណ្ឌិតថា អត្រាខ្វះជាតិលើក្មេងបៅទឹកដោះមានដូចគ្នានឹងការបំបៅកូនដោយទឹកដោះម្តាយដែរ តែតិចជាង ដោយសារតែក្នុងម្សៅទឹកដោះ មានដាក់បរិមាណជាតិដែកច្រើនជាងបរិមាណជាតិដែកក្នុងទឹកដោះម្តាយ។
ទោះជាយ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិតឯកទេសកុមាររូបនេះបញ្ជាក់ថា ទឹកដោះម្តាយមានបរិមាណជាតិដែកតិច តែកូនដែលម៉ឹមទឹកដោះម្តាយអាចស្រូបយកជាតិដែកនោះបានល្អជាងការស្រូបជាតិដែកដែលមាននៅក្នុងម្សៅទឹកដោះគោ។
បន្ថែមពីនោះលោកវេជ្ជបណ្ឌិតថា គ្មានអ្វីដែលល្អប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយនោះទេ ដូច្នេះយើងត្រូវឲ្យកូនបៅទឹកដោះម្តាយយ៉ាងហោចណាស់ឲ្យបាន ៦ ខែ ដែរ។។ “បើស្តាប់ឮទៅ អូហ៍! បើបៅទឹកដោះម្តាយ កូនអាចឲ្យខ្វះជាតិដែកច្រើនជាងបៅទឹកដោះគោ អ៊ីចឹងយើងនាំគ្នាឲ្យកូនបៅទឹកដោះគោទៅ No! មិនអ៊ីចឹងទេ មិនត្រូវឲ្យធ្វើវិធីហ្នឹងទេ ជាការខុសឆ្គង យើងមានទស្សនៈរួមមួយថា ទឹកដោះម្តាយមានរបស់ល្អជាច្រើនលើសទឹកដោះគោ មិនមែនយកតែចំណុចហ្នឹងមួយមកនិយាយទេ”។