៦ ជំនាញគួរបង្រៀនកូនតាំងពីតូច (វីដេអូ)

    ៦ ជំនាញគួរបង្រៀនកូនតាំងពីតូច (វីដេអូ)

    ជំនាញ​ផ្សេងៗ​ក្នុង​ជីវិត​គឺ​ជា​មេរៀន​ដ៏​សំខាន់​មួយ​សម្រាប់​ក្មេងៗ​ដើម្បី​ប្រើប្រាស់​ពេញ​មួយ​ជីវិត។ ប៉ុន្តែ​ក្មេងៗ​មួយ​ចំនួន​មិន​បាន​រៀន​ពី​ជំនាញ​ទាំង​នេះ​រហូត​ដល់​ពេល​ពួកគេ​ចូល​រៀន​នៅ​វិទ្យាល័យ។ ជំនាញ​ក្នុង​ជីវិត​ទាំង​នេះ​អាច​បង្រៀន​ដល់​ក្មេងៗ​បាន​តាំង​ពី​គេ​នៅ​តូច។ យក​ល្អ​ប៉ាម៉ាក់​គួរ​បង្រៀន​ជំនាញ​ទាំង​នេះ​ដល់​កូន ទោះ​បី​ពួក​គេ​មិន​​ទាន់​ចូល​រៀន​ក៏​ដោយ​។

    ១. ការ​សម្រេច​ចិត្ត

    ការ​សម្រេច​ចិត្ត​បាន​ល្អ​គឺ​ជា​ជំនាញ​មួយ​ដែល​ក្មេង​គ្រប់​រូប​គួរ​រៀន​តាំង​ពី​នៅ​តូច​។ ប៉ាម៉ាក់​អាច​ចាប់ផ្ដើម​ដោយ​ឲ្យ​កូន​តូច​ធ្វើ​ការ​សម្រេច​ចិត្ត​ទៅ​លើ​រឿង​តូចតាច​ដូចជា​ការ​ជ្រើសរើស​រសជាតិ​ការ៉េម​ ពណ៌​សម្លៀក​បំពាក់​​ដែល​​គេ​​ចង់​​ពាក់ ឬ​ជ្រើសរើស​ប្រដាប់​លេង ជាដើម​។ នៅ​ពេល​ដែល​ក្មេង​ឈាន​ទៅ​ដល់​វ័យ​ចូល​រៀន ពួកគេ​អាច​ចាប់ផ្ដើម​ស្វែងយល់​អំពី​រង្វាន់​ដែល​គេ​ទទួល​បាន​ពេល​ធ្វើ​ការ​សម្រេច​ចិត្ត​បាន​​ល្អ និង​​ផល​វិបាក​ពី​ការ​សម្រេចចិត្ត​មិន​ល្អ​របស់​ពួកគេ។

    ២. សុខភាព និង​អនាម័យ

    ការ​យល់​ដឹង​ពី​សុខភាព និង​អនាម័យ​គឺ​អាច​ចាប់ផ្ដើម​តាំង​ពី​កូន​នៅ​តូច​បាន​។ ប៉ាម៉ាក់​តែង​ប្រាប់​កូន​តូចៗ​ឲ្យ​ងូត​ទឹក​សម្អាត​ខ្លួន ដុស​ធ្មេញ លាង​ដៃ និង​ផ្លាស់​សម្លៀកបំពាក់​ ប៉ុន្តែ​ប៉ាម៉ាក់ទំនង​​មិន​ដែល​ប្រាប់​ពី​មូលហេតុ​ទេ។ ដូចនេះ​ប៉ាម៉ាក់​គួរ​ប្រាប់​កូន​តូច​ពី​មូលហេតុ​ត្រូវ​ថែទាំ​សុខភាព និង​រឿង​ត្រូវ​រក្សា​អនាម័យ ពោល​គឺ​អាច​ប្រាប់​កូន​ថាអ្វីទាំងនេះ​ជា​​ផ្នែក​សំខាន់​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​។

    ៣. ការ​គ្រប់គ្រង​ពេល​វេលា

    ប៉ាម៉ាក់​គ្រប់​រូប​ដឹង​ហើយ​ថា​ការ​គ្រប់គ្រង​ពេលវេលា​គឺ​អាច​ជួយ​យើង​បាន​ច្រើន ហើយ​ក្មេង​ក៏​អាច​ចាប់ផ្ដើម​រៀន​ពី​ការ​គ្រប់គ្រង​ពេលវេលាតាំងពី​តូច​ដូច​គ្នា​។ ការ​បង្រៀន​ការ​គ្រប់គ្រង​ពេល​វេលា​ដល់​កូន​មិន​ត្រឹមតែ​បង្រៀន​ពួកគេ​ឲ្យ​ចេះ​បែង​ចែក​ម៉ោង​​ធ្វើ​កិច្ចការ​អ្វីមួយ ឬ​បង្កើត​កាលវិភាគ​សម្រាប់​កិច្ចការ​ប្រចាំ​ថ្ងៃ​ទេ ប៉ុន្តែ​នៅ​អាច​បង្រៀន​ពួកគេ​ឲ្យ​ចេះ​លៃ​ពេលវេលា​ក្នុង​ការ​ធ្វើ​កិច្ចការ​​​ប្រចាំ​​ថ្ងៃ​​តាំង​​ពី​ក្រោក​ពី​គេង​ និង​ការ​ធ្វើការ​ទៀង​ម៉ោង។

    ៤. ការ​គ្រប់គ្រង​ថវិកា

    ប៉ាម៉ាក់​តែង​បង្រៀន​កូន​តូច​ឲ្យ​ចេះ​រាប់​លុយ ឬ​ការ​គិត​លេខ​ធម្មតាៗ​។ ប៉ាម៉ាក់​ក៏​អាច​បង្រៀន​កូន​ឲ្យ​ចេះ​គ្រប់គ្រង​ថវិកា​ដោយ​បង្រៀន​ពួកគេ​ឲ្យ​សន្សំ និង​ចាយ​ចេះ​គិត​ជាដើម។ ការ​គ្រប់គ្រង​ថវិកា​គឺជា​រឿង​ដែល​ពិបាក​សម្រាប់​មនុស្ស​ពេញ​វ័យ ដូចនេះ​ប៉ាម៉ាក់​អាច​ចាប់ផ្ដើម​បង្រៀន​កូន​ពី​ការ​ចាយ​លុយ​តាំង​ពី​ក្មេង​ដែល​នេះ​អាច​ជួយ​ពួកគេ​ចេះគ្រប់​គ្រង​ការ​ចំណាយ​នៅ​ពេល​គេ​ធំឡើង​ និង​​ចេះ​រក​លុយ​ដោយ​ខ្លួន​ឯង។

    ៥. ការ​សម្អាត​ផ្ទះ

    ប៉ាម៉ាក់​មួយ​ចំនួន​គិត​ថា​ការ​ធ្វើ​ការងារ​ផ្ទះ​ដោយ​ខ្លួនឯង​អាច​មាន​ភាព​ងាយ​ស្រួល​ជាង ប៉ុន្តែ​តាម​ពិត​ការ​ធ្វើ​បែប​នេះ​អាច​ធ្វើ​ឲ្យ​ខក​ខាន​ឱកាស​ក្នុងការ​បង្រៀន​កូន​ឲ្យ​ចេះ​សម្អាត​ផ្ទះ​ដែល​នេះ​ជា​អ្វី​ដែល​ពួកគេ​ត្រូវ​ចេះ​នៅ​ពេល​ពួកគេ​ធំ​ឡើង​ ឬ​មាន​ផ្ទះ​ផ្ទាល់​ខ្លួន។ ជាដំបូងៗ​ប៉ាម៉ាក់​អាច​ចាប់ផ្តើម​បង្រៀន​កូន​ឲ្យ​ចេះ​រៀប​ចំ​គ្រែ​គេង ឬ​រៀបចំ​ប្រដាប់​លេង​របស់​ពួកគេ ជាដើម​។

    ៦. ការ​បោក​សម្លៀកបំពាក់

    ការ​បង្រៀន​កូន​ឲ្យ​ចេះ​បោក​សម្លៀកបំពាក់ ឬ​រៀបចំ​សម្លៀកបំពាក់​ដែល​បោក​ហើយ​មិន​ត្រឹម​តែ​អាច​ជួយ​ដល់​ពួកគេ​ទេ​ នៅ​អាច​ជួយ​ដល់​ប៉ាម៉ាក់​ផង​ដែរ។ កូន​តូច​អាច​រៀន​បាន​ច្រើន​ពី​ការ​ជួយ​ប៉ាម៉ាក់​បោក​សម្លៀកបំពាក់​​ដូច​ជា​ការ​បែង​ចែក​ពណ៌ និង​​ប្រភេទ​​ជាដើម​។ កូន​​តូច​ដែល​ចូលរៀន​បឋមសិក្សា​ហើយ​អាច​រៀន​ធ្វើ​កិច្ចការ​​នេះ ឬ​​ប្រើប្រាស់​​ម៉ាស៊ីន​​បោក​​គក់។ នៅ​​ពេល​ពួក​គេ​ធំ​​ឡើង ពួក​គេ​​អាច​​​ធ្វើ​​ដោយ​​ខ្លួន​ឯង​​បាន​។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ចាន់ វុត្ថា កែសម្រួល​ចុងក្រោយ 05/05/2022
    ត្រួតពិនិត្យដោយ ជីព ចិត្ត