ការញ៉ាំស្ករច្រើនអាចវិវត្តទៅជាការញៀននឹងរបស់ផ្អែម។ ដូចនេះហើយម៉ាក់ប៉ាគួរយកចិត្តទុកដាក់លើកូនដែលមានអាការៈខុសពីធម្មតានៅពេលពួកគេមិនបានញ៉ាំរបស់ផ្អែមក្នុងរយៈពេលមួយ ឬពីរថ្ងៃ។ អាការៈខុសប្លែកនេះមានដូចជាអារម្មណ៍ឡើងចុះ ឆេវឆាវ អាការៈញ័រ ឬផ្លាស់ប្ដូរកម្រិតនៃការធ្វើសកម្មភាពរបស់ពួកគេដោយក្មេងខ្លះអាចនឹងសកម្មខ្លាំង រីឯក្មេងខ្លះទៀតមានភាពស្ពឹកស្រពន់ជាងមុន។ ក្រៅពីនេះ ការញ៉ាំស្ករច្រើនក៏អាចបង្កជំងឺធាត់ កង្វះអាហារូបត្ថម្ភ និងពុកធ្មេញជាដើម។
ម៉ាក់ប៉ាគ្រប់រូបអាចដឹងហើយថាការញ៉ាំស្ករច្រើនពេកអាចធ្វើឲ្យក្មេងឡើងទម្ងន់បាន ហើយម៉ាក់ប៉ាអាចនឹងមានការភ្ញាក់ផ្អើលថាទោះក្មេងដែលលើសទម្ងន់ក៏អាចជួបបញ្ហាកង្វះអាហារូបត្ថម្ភដែរ។ កង្វះអាហារូបត្ថម្ភមិនបានមានន័យថាក្មេងមិនទទួលអាហារគ្រប់គ្រាន់ទេ។ តាមពិតទៅនេះមកពីក្មេងទទួលបានសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់ ឬញ៉ាំអាហារូបត្ថម្ភណាមួយច្រើនជ្រុលដូចជាស្ករជាដើម។
ទោះបីជាក្មេងទទួលបានថាមពលគ្រប់គ្រាន់ពីស្ករ ប៉ុន្តែពួកគេនៅតែត្រូវការប្រូតេអ៊ីន ជាតិខ្លាញ់ វីតាមីន និងជាតិរ៉ែផ្សេងទៀតដូចជាកាល់ស្យូម និងជាតិដែក។ កាល់ស្យូម និងជាតិដែកសុទ្ធតែជាសារធាតុចិញ្ចឹមសំខាន់សម្រាប់ការលូតលាស់របស់ក្មេងព្រោះក្មេងមិនមានស្តុកសារធាតុទាំងនេះដូចមនុស្សពេញវ័យទេ។ ម៉្យាងទៀត ក្មេងត្រូវការសារធាតុទាំងពីរនេះដើម្បីជួយដល់ការលូតលាស់ឆ្អឹង ហើយអាហារដែលមានជាតិស្ករ គឺមិនមានជាតិរ៉ែទាំងនេះគ្រប់គ្រាន់ទេ។