កូនមិនព្រមញ៉ាំអាហារ ម៉ាក់ប៉ាអាចសាកតិចនិកប៉ុន្មាននេះ

    កូនមិនព្រមញ៉ាំអាហារ ម៉ាក់ប៉ាអាចសាកតិចនិកប៉ុន្មាននេះ

    ក្នុង​ការ​ចិញ្ចឹម​កូន រឿង​មួយ​ដែល​ម៉ាក់​ប៉ា​ធុញ ខឹង​កូន ពេល​ខ្លះ​ស្ទើរ​ទប់​កំហឹង​មិន​បាន​គឺ​ពេល​ដែល​កូន​មិន​ព្រម​ញ៉ាំ​អាហារ ហើយ​យើង​ត្រូវ​តាម​បញ្ចុក ឬ​ស្រែក​ដាក់​ទម្រាំ​បាន​ញ៉ាំ​បាយ​អស់​ពី​ចាន​ម្ដងៗ។ ប៉ុន្តែ ការ​ស្រែក​បង្ខំ​ឲ្យ​កូន​ញ៉ាំ​អាហារ​មិន​មែន​ជា​វិធីសាស្ត្រ​ត្រឹម​ត្រូវ​ទេ ហើយអ្នក​ជំនាញ​បាន​ណែនាំ​តិចនិក​ជួយ​ឲ្យ​កូន​ញ៉ាំ​បាយ​តាម​ធម៌​ត្រជាក់វិញ​។

    ជុំ​វិញ​បញ្ហា​កូន​មិន​ព្រម​ញ៉ាំ​អាហារ​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ បាន​ពន្យល់​ឲ្យ​ដឹង​ថា តាម​ទ្រឹស្ដី​របស់​អ្នក​ជំនាញ​ផ្នែក​ចំណី​អាហារ ទម្រាំ​កុមារ​ព្រម​ទទួល​យក​អាហារ​ថ្មី​មួយ ម៉ាក់​ប៉ា​ត្រូវ​សាក​ល្បង​ផ្ដល់​អាហារ​នោះ​ឲ្យ​កូន​១៥-២០​ដង។ ម៉ាក់​ប៉ា​ត្រូវ​ដឹង​ថា ការ​ញ៉ាំ​អាហារ​មិន​មែន​ជា​ការ​ធ្វើ​សង្គ្រាម មិន​មែន​ជា​ការ​ចាប់​បង្ខំ​ឲ្យ​កូន​ញ៉ាំ​អាហារ​ទេ ប្រសិន​បើ​កូន​មិន​ព្រម​ញ៉ាំ​អាហារ អាច​សាក​ល្បង​ដោះ​ស្រាយ​ជាមួយ​តិចនិក​សាមញ្ញ​ខាង​ក្រោម​នេះ​ដូច​ជា៖​

    ទី១. បង្កើត​កាល​វិភាគ​ញ៉ាំ​អាហារ៖ ម៉ាក់​ប៉ា​ត្រូវ​បង្កើត​កាល​វិភាគ​ច្បាស់​លាស់​ក្នុង​ការ​ញ៉ាំ​អាហារ។ ចំពោះ​កុមារ​តូច យើង​ត្រូវ​ឲ្យ​អា​អូន​ញ៉ាំ​អាហារ​យ៉ាង​តិច ៣​ពេល/ថ្ងៃ (ព្រឹក ថ្ងៃ ល្ងាច) ហេតុ​នេះ​ម៉ាក់​ប៉ា​ត្រូវ​ព្យាយាម​ផ្ដល់​អាហារ​ឲ្យ​កូន​ឲ្យ​ទៀង​ទាត់​ពេល​វេលា។

    ទី២. ផ្ដល់​អាហារ​ក្នុង​បរិមាណ​សម​ស្រប៖ ដើម្បី​ដឹង​ថា​អាហារ​សមរម្យ​កម្រិត​ណា​សម្រាប់​កូន យើង​គួរ​ប្រើ​ប្រាស់​ចាន​សម​ស្រប​ទៅ​តាម​កុមារ និង​ប្រើ​ស្លាបព្រា​តូច​ៗ​សម​ស្រប​ទៅ​តាម​មាត់​របស់​កូន។ ជាក់​ស្ដែង ប្រសិន​បើ​យើង​ប្រើ​ចាន ឬ​ស្លាបព្រា​ណា​តូច​ៗ​គួរ​ឲ្យ​ស្រលាញ់ ទាក់​ទាញ ក្មេង​ៗ​ក៏​ចេះ​តែ​ចង់​ញ៉ាំ​អាហារ​តាម​នឹង។

    ទី៣. បង្កើត​បរិយាកាស​សប្បាយ៖ ម៉ាក់​ប៉ា​ត្រូវ​បង្កើត​បរិយាកាស​មួយ​ល្អ និង​រីក​រាយ​ក្នុង​ការ​ញ៉ាំ​អាហារ​សម្រាប់​កូន​ៗ។ កាល​ពី​មុន ពេល​យើង​ចេញ​ក្រៅ​ផ្ទះ​បាន យើង​អាច​នាំ​កូន​ទៅ​លេង​ជា​មួយ​ក្មេង​ៗ​ជុំ​វិញ​ផ្ទះ​បណ្ដើរ បញ្ចុក​បាយ​កូន​បណ្ដើរ តែ​ដោយ​សារ​ឥឡូវ​នេះ យើង​ត្រូវ​នៅ​ក្នុង​ផ្ទះ​ជាប់ អញ្ចឹង​យើង​គួរ​ឲ្យ​កូន​ញ៉ាំ​អាហារ​ជុំ​គ្នា​ជា​មួយ​មនុស្ស​ធំ ទោះ​អា​អូន​ញ៉ាំ​រាយ​បាយ​ពេញ​នឹង​ក៏​ដោយ។

    ទី​៤. ផ្លាស់​ប្ដូរ​អាហារ​ជា​ប្រចាំ៖ កុមារ​ក៏​ដូច​យើង​មនុស្ស​ធំ​ដែរ បើ​ញ៉ាំ​អាហារ​ដដែល​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ កូន​ច្បាស់​ធុញ​ទ្រាន់​មិន​ចង់​ញ៉ាំ​ទេ។ ហេតុ​នេះ ម៉ាក់​ប៉ា​គួរ​ផ្លាស់​ប្ដូរ​ម្ហូប​អាហារ​ប្លែក​មាត់​ជា​ប្រចាំ ឆ្ងាញ់​ៗ​ឲ្យ​កូន​បាន​សាក​គ្រប់​រសជាតិ ពិសេស​នោះ បើ​ម៉ាក់​ប៉ា​ចេះ​រៀប​ចំ​អាហារ​ជា​រូប​រាង​ប្លែក​ៗ​ទៀត​កាន់​តែ​ល្អ។

    កូន​មិន​ព្រម​ញ៉ាំ​អាហារ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព
    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 13/08/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត