home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

កូន​មានអាយុ​ ២ ឆ្នាំហើយ តើអាចញ៉ាំអ្វីបាន​ខ្លះ?

កូន​មានអាយុ​ ២ ឆ្នាំហើយ តើអាចញ៉ាំអ្វីបាន​ខ្លះ?

នៅ​អាយុ​ ២ ​ឆ្នាំ​កុមារ​ចាប់​ផ្ដើម​មាន​បម្រែបម្រួល​របប​អាហារ​ហើយ​ ដូច​នេះប៉ាម៉ាក់​​ត្រូវ​រៀប​ចំ​​អាហារ​ក៏​ដូច​ជា​វីតាមីន​ដែល​ត្រូវ​ឲ្យ​កូនញ៉ាំ​ឲ្យ​បាន​ត្រឹម​ត្រូវ​ដើម្បី​ធានា​ដល់​ការ​លូតលាស់​បាន​ល្អ។

១- ការ​ញ៉ាំអាហារ​កុមារ​នៅ​អាយុ ​២ ​ឆ្នាំ

នៅ​វ័យ​នេះ​កុមារ​អាច​ទទួល​របប​អាហារ​ដែល​សមស្រប​គឺ ​៣ ​ដង​ក្នុង​ ១ ថ្ងៃ​ និង​ថែម​ចំណី​ក្រៅ​ខ្លះ​ៗ ប៉ុន្តែ​គួរ​តែ​ជ្រើសរើស​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន​មុខ បន្លែ​ និង​អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​ដើម្បី​ធានា​ថា​មិន​ខ្វះ​​វីតាមីន​ និង​សារធាតុ​រ៉ែ​ដែល​ត្រូវ​ការ​ជា​ចាំ​បាច់ ​និង​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​កង្វះ​អាហាររូបត្ថម្ភ​ រួមទាំង​​ផលវិបាក​ផ្សេងៗ​ទៀត។

២- សុវត្ថិភាព​ជា​ចម្បង

ការញ៉ាំ​អាហារ​របស់​កុមារ​នៅ​ពេល​នេះ​គឺ​មាន​ការ​វិវត្ត​ច្រើន​ហើយ​ ដោយ​កុមារ​អាច​ប្រើ​ស្លាប​ព្រា​ ចេះ​យក​ដៃកាន់​កែវ​ទឹក​ញ៉ាំ និង​អាច​ញ៉ាំ​ចំណី​បាន​ដោយ​ខ្លួន​ឯង​​ទៀត​ផង។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ អូនៗ​ក្នុង​វ័យ​នេះ​​នៅ​តែ​ងាយ​រង​ការ​ឈ្លក់​នៅ​ពេល​ដែល​គេ​លេង​ និង​ប្រញាប់​ធ្វើ​អ្វី​មួយ​។ ដូចនេះ​ប៉ាម៉ាក់​ត្រូវ​គ្រប់​គ្រង ​និង​តាមដាន​ស្ថាន​ភាព​ពួក​គាត់​ឲ្យ​ល្អ​ទើប​មាន​សុវត្ថិភាព។

អត្ថបទពាក់ព័ន្ធ:

៣- ការ​ណែនាំ​អាហារ​ថ្មី​ទៅ​ដល់កូន

ជា​ធម្មតា​កុមារ​មួយ​ចំនួន​ធំ​ តែង​តែ​មិន​សូវ​ចង់​ញ៉ាំ​របស់​ថ្មី​ ហើយ​ទាមទារ​តែ​របស់​ដែល​គេ​ចូលចិត្ត​។ ប៉ាម៉ាក់​អាច​ប្រើ​វិធី​កែ​ច្នៃ​តុបតែង​សោភ័ណភាព​អាហារ​បន្តិច​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​កូន​។ ការ​ធ្វើ​ដូច​នេះធ្វើ​ឲ្យ​កុមារ​អាច​រីករាយ​នឹង​ញ៉ាំ ​ក៏​ដូច​ជា​ទទួល​បាន​អាហារ​ប្រភេទ​ថ្មី។ ប៉ាម៉ាក់​ក៏​អាច​លាក់​បន្លំ​បន្លែ​ និង​អាហារ​ដទៃ​ទៀត​នៅ​ក្នុង​ទឹក​ជ្រលក់​​ដើម្បី​​ឲ្យ​​កូន​​​ចាប់​អារម្មណ៍​​​ថា​​មាន​អាហារ​ថ្មី​ៗ​​សម្រាប់​ពួក​គេ​ជា​រៀង​រាល់​ថ្ងៃ​ ហើយ​មិន​យូរ​មិន​ឆាប់​ពួក​គេ​នឹង​ចេះ​ញ៉ាំ​ដោយ​ខ្លួន​ឯង។

៤- ថ្នាំ​បំប៉ន​ប្រចាំ​ថ្ងៃ

វា​ជា​ការ​ចាំ​បាច់​ដែល​កុមារ​ត្រូវ​ញ៉ាំ​អាហារ​ច្រើន​បែប​ដើម្បី​ទទួល​បាន​នូវ​វីតាមីន​ និង​សារធាតុ​រ៉ែ​គ្រប់​គ្រាន់​។ សម្រាប់​កុមារ​ដែល​មិន​សូវ​ចូលចិត្ត​ញ៉ាំ​សាច់​ បន្លែ​ និង​គ្រាប់​ធញ្ញជាតិ​គួរ​តែ​ញ៉ាំ​ជាតិ​ដែក​បំប៉ន។

ប្រសិន​បើ​កុមារ​ញ៉ាំ​ទឹក​ដោះ​គោ​លើស​ពី​ ៩៦០ មិល្លីលិត្រ​ក្នុង​មួយ​ថ្ងៃ​ វា​អាច​ពិបាក​និង​ស្រូប​ជាតិ​ដែក​ណាស់​ដោយ​​បែប​នេះ​ហើយ​ដែល​កុមារ​ងាយ​រង​នឹង​ជំងឺ​កង្វះ​ជាតិ​ដែក។ ការ​ញ៉ាំ​ទឹក​ដោះ​គោ​ក្នុង​មួយ​ថ្ងៃ​គួរ​តែ​កំណត់​ត្រឹម​ ៤៨០ មិល្លីលិត្រ​ព្រោះ​ថា​វា​នឹង​ផ្ដល់​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ និងមិន​ប៉ះពាល់​ដល់​ការ​ស្រូប​យក​ជាតិ​ដែក​បាន​ទៀត​ផង។​

៥- ប្រយ័ត្ន​ប្រតិកម្ម​អាហារ​ណាមួយ

ដល់​អាយុ​នេះ​កុមារបាន​ស្គាល់ ​និង​បរិភោគ​អាហារ​បាន​ច្រើន​ប្រភេទ​ទាំង​បន្លែ ​និង​ផ្លែ​ឈើ។ ដូចនេះ​ហើយ​ ប៉ាម៉ាក់​ក៏​គួរ​តែ​តាម​ដាន​​រក​មើល​នូវ​សញ្ញា​នៃ​ការ​មាន​ប្រតិកម្ម​នឹង​អាហារ​ណាមួយចំបោះ​កូន​ដែរ​។ ប៉ាម៉ាក់​ត្រូវ​ចាំ​ថា​ប្រសិន​បើ​បង​ប្អូន​ ឬ​សាច់​ញាតិ​​ធ្លាប់​មាន​ប្រតិកម្ម​អាហារ​ មាន​ជំងឺ​ហឺត​ ឬ​ត្រអក​ នោះ​កូនយើង​ក៏​នឹង​មាន​ការ​ប្រឈម​​ការ​មាន​ប្រតិកម្ម​នេះ​ដែរ។ យើង​​ជា​​ប៉ាម៉ាក់​​ត្រូវ​ប្រុង​ប្រយ័ត្ន​លើ​អាហារ​ដែល​អាច​ធ្វើ​ឲ្យ​កូនស្លាក់​ ឈ្លក់​ ដូច​ជា​ស្ករ​គ្រាប់ ពោត​លីង​ ទំពាំង​បាយ​ជូរ​ក្រៀម ​និង​គ្រាប់​សណ្ដែក​ជាដើម។ សំខាន់​គឺ​យើង​ត្រូវ​ឃ្លាំ​មើល​គ្រប់​ពេល​ដែលកូន​ញ៉ាំ​អាហារ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Feeding and Nutrition: Your Two-Year-Old, https://www.healthychildren.org/English/ages-stages/toddler/nutrition/Pages/Feeding-and-Nutrition-Your-Two-Year-Old.aspx, Accessed November 22, 2016

The Year Ahead: Age 2, http://www.parents.com/toddlers-preschoolers/development/growth/developmental-milestones-age-two/view-all  Accessed November 22, 2016

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ យ៉ានណែត ដាញែល កែសម្រួល​ចុងក្រោយ 10/07/2020
ត្រួតពិនិត្យដោយ គឹម កាណែល