ឪម៉ាល់ជាសត្វមានពិសខ្លាំង ចូលចិត្តធ្វើសំបុកជារន្ធតូចៗនៅរួមគ្នា។ ក្មេងមួយចំនួនៗ ពិសេសនៅទីជនបទ ពេលឃើញសម្បុកសត្វឪម៉ាល់តែគប់លេង ឬពេលខ្លះមិនគប់ទេ តែទៅលេងក្បែរនោះ។ ការលេងក្បែរ ឬគប់សម្បុក ឪម៉ាល់អាចចេញមកទិច បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ក្មេង ហើយបើវាទិចច្រើនទ្រនិចអាចបណ្តាលឲ្យស្លាប់។
បើតាមការផ្សព្វផ្សាយនៅលើផេករបស់ Dr. Beat Richner ដែលជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា មានករណីក្មេងស្រីតូច អាយុ ៥ឆ្នាំម្នាក់ មកពីខេត្តស្វាយរៀង ត្រូវហ្វូងសត្វឪម៉ាល់ទិច ចំនួន ២៥មេ បណ្តាលឲ្យសន្លប់ចំនួន ៥ថ្ងៃ ដោយសារពិសឪម៉ាល់ជ្រាបចូលក្នុងឈាម ធ្វើឲ្យហើមខួរក្បាល រលាយជាលិកាសាច់ដុំ រលាកខ្សោយថ្លើម ពុលតម្រងនោមមិនដំណើរការ និងហើមសួតយ៉ាងធ្ងន់ធ្ងរ។