ក្មេងៗអាយុចាប់ពី៣ឆ្នាំឡើងទៅរពឹសណាស់ ឆ្ងល់ច្រើន សួរច្រើន លេងច្រើន ហើយការលេងច្រើននោះឯងដែលធ្វើឲ្យក្មេងដួលបាក់ដៃ-ជើង ឬប៉ះទង្គិចបោកក្បាលអ៊ីចឹងទៅ។ ធម្មតា បើកូនបោកក្បាលម៉ាក់ប៉ាគ្រាន់យកថ្នាំលាប ឬយកអីមកស្អំ។
ចំពោះបញ្ហាខាងលើនេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ ឲ្យដឹងថា បញ្ហាក្មេងដួលប៉ះទង្គិចក្បាល គឺជារឿងទូទៅដែលក្មេងស្ទើរតែគ្រប់រូបធ្លាប់ឆ្លងកាត់។ ការដែលដួលនេះ ភាគច្រើនវាគ្រាន់តែធ្វើឲ្យពកក្បាលបន្តិចបន្តួច កម្រឲ្យក្លាយជាបញ្ហាធ្ងន់ធ្ងរណាស់។
ទោះយ៉ាងនេះក្ដី ម៉ាក់ប៉ាអាចសម្គាល់សញ្ញាគួរឲ្យបារម្ភដែលអាចបញ្ជាក់ពីការប៉ះពាល់ខ្លាំងដល់ក្បាលរបស់កូន ព្រោះជួនកាលវាអាចបង្កជាគ្រោះថ្នាក់ធ្ងន់ ហើយសញ្ញាទាំងនោះមានដូចជា៖
– បោកក្បាលហូរឈាមខ្លាំង (ហូរឈាមមិនឈប់)
– ពករឹងនៅកន្លែងប៉ះទង្គិចលើក្បាល
– ជាំ ឬហើមខ្លាំង
– ក្អួតលើសពីម្ដង
– កូនចេះតែងងុយគេង ឬសន្លឹម
– ពិបាកដកដង្ហើម
– ត្អូញប្រាប់ឈឺក្បាល
– ប្រកាច់។ល។
រោគសញ្ញាទាំងប៉ុន្មានខាងលើនេះ ភាគច្រើនលេចឡើងចាប់ពី ២៤-៤៨ម៉ោង បន្ទាប់ពីកូនប៉ះទង្គិចក្បាលហើយ។
វេជ្ជបណ្ឌិតរូបនេះ បន្តថា បើកូនមានចេញរោគសញ្ញាខាងលើ ឬមានសញ្ញាអ្វីដែលធ្វើឲ្យម៉ាក់ប៉ាព្រួយបារម្ភខ្លាំង យកល្អ គួរនាំកូនទៅពិនិត្យជាមួយគ្រូពេទ្យឲ្យបានត្រឹមត្រូវ ព្រោះការប៉ះទង្គិចត្រង់ក្បាលអាចគ្រោះថ្នាក់ខ្លាំងរហូតអាចមានឈាមកក ឬប៉ះពាល់ដល់សរសៃឈាមខួរក្បាលបាន។
[embed-health-tool-vaccination-tool]