ជំងឺផ្ដាសាយ ជាជំងឺទូទៅមួយដែលយើងឈឺហើយ មិនសូវព្រួយបារម្ភ ព្រោះវាកម្របង្កជាបញ្ហាធ្ងន់ តែបើកើតផ្ដាសាយលើអាអូនតូចៗ វាអាចធ្វើឲ្យកូនពិបាកក្នុងខ្លួនខ្លាំងមិនខាន។ ក្មេងៗក្រោមអាយុ ៥ ឆ្នាំ ងាយប្រឈមនឹងបញ្ហាធ្ងន់បង្កឡើងដោយផ្ដាសាយធំ ដូចជា រលាកសួត ខ្សោះជាតិទឹក ឆ្លងមេរោគក្នុងត្រចៀក ឬអាចខូចមុខងារខួរក្បាលបានដែរ។ នេះបើតាមមជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជំងឺឆ្លង CDC អាមេរិក។
ស្របគ្នានេះ លោកវេជ្ជបណ្ឌិត សូរ ប៉េង ឯកទេសជំងឺកុមារ ពន្យល់ថា តាមពិតទៅ ជំងឺផ្ដាសាយ អាចកើតឡើងបានដោយច្រើនកត្តាដូចជា៖
ទី១. ផ្ដាសាយដោយប្រតិកម្ម
ទី២. ផ្ដាសាយដោយអាលែកហ្ស៊ីអាកាសធាតុ
ទី៣. ផ្ដាសាយដោយឆ្លងពពួកវីរុស ឬបាក់តេរី ជាដើម។
វេជ្ជបណ្ឌិតនៃគ្លីនិកកុមារ មុនីឃីតរូបនេះ បន្តថា ភាគច្រើនអាអូនឈឺផ្ដាសាយដោយសារតែឆ្លងវីរុស ហើយយើងអាចចាក់វ៉ាក់សាំងការពារបាន។ ប៉ុន្តែ វ៉ាក់សាំងនេះ អាចការពារបានតែវីរុសធំៗកាចៗទេ បើផ្ដាសាយតិចតួចធម្មតា កូនយើងនៅតែអាចកើតដូចគ្នា ព្រោះវីរុសជំងឺផ្ដាសាយមានច្រើនប្រភេទ ចាក់វ៉ាក់សាំងតែមួយមុខមិនអាចការពារបានទាំងអស់ទេ។
ដូចគ្នានេះ ម៉ាក់ប៉ាក៏អាចការពារកូនៗពីជំងឺផ្ដាសាយជាមួយនឹងវិធីការពារដែលយើងគួរធ្វើជាប្រចាំបានដែរដូចជា៖
ដាក់កូនឲ្យនៅឆ្ងាយពីអ្នកដែលឈឺផ្ដាសាយ ខ្ទប់ច្រមុះ មាត់ ពេលកណ្ដាស់ ឬក្អកជាមួយក្រដាស រួចបោះចោលក្នុងធុងសំរាមត្រឹមត្រូវ (កុំភ្លេចលាងដៃ) លាងដៃឲ្យបានស្អាតៗជានិច្ច លាងសម្អាត សម្លាប់មេរោគកន្លែងដែលកខ្វក់ ញ៉ាំអាហារត្រឹមត្រូវ ផឹកទឹកច្រើន និងសម្រាកឲ្យច្រើន បើលេចចេញសញ្ញាផ្ដាសាយ ត្រូវផ្ដល់ថ្នាំឲ្យកូនភ្លាម ឬយកកូនជួបគ្រូពេទ្យ (ក្នុងករណីចាំបាច់)។ល។
វេជ្ជបណ្ឌិត សូ ប៉េង ឯកទេសរោគកុមារ