ប៉ាម៉ាក់ជនជាតិអ៊ីតាលី អាចរងការពិន័យធ្ងន់ធ្ងរ ហើយកូនៗ នឹងមិនអនុញ្ញាតឲ្យចូលរៀននៅតាមសាលារៀនដូចគ្នា ប្រសិនបើប៉ាម៉ាក់ទាំងអស់ មិនអាចបញ្ជាក់ថា កូនៗបានទទួលវ៉ាក់សាំងត្រឹមត្រូវទេនោះ។
ច្បាប់ថ្មី ហៅថា “Lorenzin Law” ត្រូវបានបង្កើតឡើង ដើម្បីប្រយុទ្ធប្រឆាំង ការកើនឡើងនៃករណីជំងឺកញ្រ្ជឹល និងការធ្លាក់ចុះអត្រាកុមារទទួលវ៉ាក់សាំងបង្ការ ដែលទើបចូលជាធរមាន នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។
តាមច្បាប់ថ្មីនេះ កុមារអាយុក្រោម ៦ឆ្នាំ អាចត្រូវបានបញ្ជូនចេញពីសាលារៀន ប្រសិនបើពួកគេមិនទទួលបានវ៉ាក់សាំងប្រឆាំងជំងឺឆ្លងនានា រួមមាន អុចស្វាយ ស្វិតដៃជើង កញ្រ្ជឹល ស្រឡទែន និងស្អូច។
ចំណែកកុមារអាយុ ៦-១៦ ឆ្នាំ មិនជាប់បម្រាមបញ្ជូនចេញពីសាលារៀននោះទេ ប៉ុន្ដែប៉ាម៉ាក់ អាចប្រឈមការពិន័យ ប្រសិនបើកូនមិនបានទទួលវ៉ាក់សាំងត្រឹមត្រូវ។ ប៉ាម៉ាក់ ក្មេងៗមិនបានចាក់វ៉ាក់សាំង អាចត្រូវពិន័យប្រាក់ ៥០០អឺរ៉ូ ស្មើប្រមាណជិត ៥៦០ដុល្លារអាមេរិក។
អត្ថបទពាក់ព័ន្ធ៖
- កុមារហ្វីលីពីន ២,៦ លាននាក់ ប្រឈមឆ្លងជំងឺកញ្រ្ជឹល
- ថៃ ហ្វីលីពីន ត្រូវ UN ព្រមានករណីផ្ទុះជំងឺកញ្ជ្រឹលខ្ពស់បំផុតនៅ អាស៊ាន
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC ឲ្យដឹងថា អាជ្ញាធរតំបន់ ក្នុងទីក្រុងបូឡូញ៉ា បានផ្ញើលិខិតស្ដីពីការផ្អាកការសិក្សា ទៅកាន់ប៉ាម៉ាក់ ក្មេងៗចំនួន ៣០០នាក់ រួចហើយ ខណៈក្មេងៗសរុបប្រមាណ ៥.០០០នាក់ មិនមានឯកសារត្រឹមត្រូវស្ដីពីការទទួលបានវាក់សាំងរបស់ពួកគេនោះទេ។
ទិន្នន័យថ្មី របស់អង្គការសុខភាពពិភពលោក បង្ហាញថា ប្រទេសអ៊ីតាលី កំពុងធ្លាក់ចុះអត្រាទទួលបានវាក់សាំង ៩៥ ភាគរយ។ ចំណែកមន្រ្តីសុខាភិបាលសហភាពអឺរ៉ុប បញ្ជាក់ថា ជំងឺកញ្រ្ជឹល ១៦៥ករណី ត្រូវបានរាយការណ៍ថា បានកើតមាននៅខែ មករា ឆ្នាំ២០១៩ ខណៈនៅខែ ធ្នូ ឆ្នាំ២០១៨ ក៏មានការកើតមានជំងឺនេះ ៧៦ករណី ផងដែរ។
[embed-health-tool-vaccination-tool]