បើតាមអ្នកជំនាញផ្នែកអាកប្បកិរិយារបស់ក្មេង បានអះអាងថា ពេលក្មេងមានរបស់លេងច្រើនពេកនឹងធ្វើឲ្យរំខាន និងធ្វើឲ្យការផ្ចង់អារម្មណ៍របស់ក្មេងថយចុះ។ ការសិក្សាជាច្រើនបានលើកឡើងថា ក្មេងមានប្រដាប់ប្រដាក្មេងលេងច្រើនពេកអាចប៉ះពាល់ដល់ការផ្តោតអារម្មណ៍ ការច្នៃប្រឌិត ជំនាញក្នុងជីវិត ការទំនាក់ទំនងសង្គម ភាពស្រមើលស្រមៃ សុខភាពផ្លូវចិត្ត និងស្មារតីក្រុមរបស់ក្មេង។ ដូចនេះប៉ាម៉ាក់ត្រូវគិតឲ្យច្បាស់ថា តើចាំបាច់ត្រូវទិញរបស់លេងឲ្យកូនថែមទៀតឬអត់? ហើយបើចាំបាច់ត្រូវទិញ តើត្រូវទិញប៉ុន្មាន?
១- តើប្រដាប់លេងក្មេងលេងប៉ុន្មានទើបហៅថា “ច្រើនពេក”?
នៅសម័យនេះ ក្មេងៗមិនមែនមានប្រដាប់លេងមួយ ឬពីរទេ គឺមានប្រដាប់លេងយ៉ាងច្រើន ហើយដោយសារច្រើនពេកហ្នឹងហើយ ទើបក្លាយជាបញ្ហា។ ពេលខ្លះប៉ាម៉ាក់ជាអ្នកទទួលខុសត្រូវ ចំពោះបញ្ហាកូនៗមានប្រដាប់លេងច្រើនពេក។ ពេលយើងទិញប្រដាប់លេងឲ្យកូនច្រើនពេក គឺមិនបានជួយអ្វីដល់គាត់ឡើយ មានតែធ្វើឲ្យកូនកាន់តែទារទិញថែមទៀត។
តាំងពីដើមមក មិនមានការណែនាំឲ្យប៉ាម៉ាក់ ទិញប្រដាប់លេងឲ្យកូនច្រើនពេកឡើយ។ ដោយសារតែមានការគិតបែបនេះហើយ បានជាតាមកន្លែងមើលថែក្មេងជាច្រើន នៅជុំវិញពិភពលោក ចេញច្បាប់មិនឲ្យមានប្រដាប់លេង នៅតាមកន្លែងរបស់ពួកគេ ចាប់ពីឆ្នាំ ១៩៩២ មក។ មានការសិក្សាមួយ នៅ University of Toledo ក្នុងសហរដ្ឋអាមេរិក បានលើកឡើងថា ពេលក្មេងៗលេងជាមួយប្រដាប់ប្រដាលេងច្រើនពេក ធ្វើឲ្យគំនិតច្នៃប្រឌិតរបស់ក្មេងថយចុះ ហើយផ្ទុយមកវិញ បើពួកគេមានរបស់លេងតិច ធ្វើឲ្យការលូតលាស់របស់ក្មេងកាន់តែមានប្រសិទ្ធភាព។